ឃាត់ខ្លួន​បុគ្គលិក​អង្គការ​២​នាក់​រឿង​ជម្រិត​ទារប្រាក់​បាន​មួយ​ ​ដង្ហើមចង្រិត​ហើយ​ដោះលែង​វិញ​

​កំពង់ឆ្នាំង:
បុរស​២​នាក់​ដែលជា​បុគ្គលិក​របស់​អង្ក​ការ​មួយ​ឈ្មោះ​“ អង្ក​ការអភិរក្ស​ការពារ​ធនធាន​ជលផល​និង​ព្រៃឈើ​” ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១​ឧសភា​នៅ​ចំណុច​ភូមិ​កោះ​តា​ម៉ូ​វ​ឃុំ​កំពង់ព្រះ​គគី​ស្រុក​បរិបូរណ៍​ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព​ជម្រិត​ទារប្រាក់​ពី​ម្ចាស់​ត្រាក់ទ័រ​ដែល​កំពុង​ភ្ជួរ​ពង្រាបដី​ស្រែប្រាំង​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ទាំង​២​នាក់​ឈ្មោះ​សៀង ​ឌឿ​ន​ និង​ម្នាក់ទៀត​ឈ្មោះ​ឃុន​ សុជា ​ពួកគេ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី​បាន​ជម្រិត​ទារប្រាក់​ចំនួន​១៤​ម៉ឺន​រៀល​ពី​ម្ចាស់​ត្រាក់ទ័រ​២​នាក់ ​ដែល​កំពុង​ភ្ជួរ​ពង្រាបដី​ស្រែប្រាំង​នៅ​ចំណុច​ខាងលើ​ដោយ​ពុំមាន​លិខិតស្នាម​ត្រឹមត្រូវ​។​

​ប៉ុន្តែ​រឿងនេះ​ក្រោយពី​មានការ​សម្របសម្រួល​គ្នា​ពី​ប្រធាន​អង្គការ​ខាងលើ​ដោយ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ឲ្យ​មាន​សកម្មភាព​បែបនេះ ​និង​ប្រគល់​ប្រាក់​ចំនួន​១៤​ម៉ឺន​រៀល​ទៅ​ឲ្យ​ជនរងគ្រោះ​ជា​ម្ចាស់​ត្រាក់ទ័រ​វិញ​ហើយ​សមត្ថកិច្ច​ក៍​បានធ្វើ​ការដោះលែង​ជន​ទាំងពីរ​នាក់​នោះ​ឲ្យ​មាន​សេរីភាព​វិញ​។​

​មជ្ឈដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ដោយ​លើកឡើងថា  រឿងនេះ​ជា​រឿង​ជម្រិត​ទារប្រាក់ បើ​អនុវត្តន៍​ទៅតាម​ផ្លូវច្បាប់​អ្នក​ប្រ​ព្រឹ​ត​ត្រូវ​មានទោស​ធ្ងន់ធ្ងរ ហេតុ​អី​បានជា​សមត្ថកិច្ច​និង​អាជ្ញាធរ​ស្រុក​បរិបូរណ៍ ធ្វើការ​ដោះស្រាយ​សម្របសម្រួល​ទៅវិញ  ។​

​តើ​មន្ត្រី​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​នៅ​ទីនោះ​មាន​ចំណុចខ្សោយ​អ្វី ?  តើ​ហេតុអ្វី​បានជា​ម្ចាស់​គ្រឿងចក្រ​ទាំង​២​នាក់ អោយ​លុយ​ទៅ​មន្ត្រី​អង្គការ​នោះ​តាម​ការទាមទារ​របស់​ពួកគេ  ? រឿងនេះ​សុទ្ធតែ​មិន​ប្រក្រតី​ទាំងអស់គ្នា៕

ឃាត់ខ្លួន​បុគ្គលិក​អង្គការ​២​នាក់​រឿង​ជម្រិត​ទារប្រាក់​បាន​មួយ​ ​ដង្ហើមចង្រិត​ហើយ​ដោះលែង​វិញ​

ឃាត់ខ្លួន​បុគ្គលិក​អង្គការ​២​នាក់​រឿង​ជម្រិត​ទារប្រាក់​បាន​មួយ​ ​ដង្ហើមចង្រិត​ហើយ​ដោះលែង​វិញ​