អ្នក​ស៊ី​ឈ្នួល​ដុត​សព​ ដំឡើង​មេន​​​ទុក​ចោល​ជិត​២​ខែ​​ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រតិកម្ម​យ៉ាង​ខ្លាំង

អ្នក​ស៊ី​ឈ្នួល​ដុត​សព​ ដំឡើង​មេន​​​ទុក​ចោល​ជិត​២​ខែ​​ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រតិកម្ម​យ៉ាង​ខ្លាំង



កំពង់ស្ពឺ ​៖​ អ្នក​ស៊ី​ឈ្នួល​ដុត​សព​ម្នាក់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ភូមិ​ប្រតិកម្ម និង​ប្ដឹង​ទៅ​អាជ្ញាធរ​សង្កាត់​ជួយ​អប់រំ​ បន្ទាប់ពី​បាន​ដំឡើង​មេន​សម្រាប់​ដុត​សព និង​តម្កល់​​ក្ដារមឈូស​ចោល​ជិត​២​ខែ​កន្លង​មក​ហើយ ព្រមទាំង​បើកភ្លើង​បំភ្លឺ​យ៉ាង​ចិញ្ចាច​រៀងរាល់​យប់​ប្រៀប​ដូច​ជា​បុណ្យ​សព​អញ្ចឹង។

ប្រជាពលរដ្ឋ​ចំនួន​៨២​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ខ្ទុំ​ក្រាំង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ បាន​រៀបរាប់​ថា ​​គ្រួសារ​មួយ​ ដែល​មាន​ប្ដី​ឈ្មោះ​សន សេន ​ហៅ​ក​យ ​​អាយុ​៣៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​មាស ថុល ​អាយុ​ជាង​៤០​ឆ្នាំ ​(​រកស៊ី​មេន​ដុត​ខ្មោច) ​បាន​តុបតែង​ដំឡើង​មេន​ចោល​ក្នុង​ផ្ទះ និង​អុច​ធូប​បន់ស្រន់​ទាំង​យប់​ ទាំង​ថ្ងៃ​អស់​រយៈពេល​ជិត​២​ខែ​មក​ហើយ ​ជាហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​មាន​ការ​តក់ស្លុត និង​ភ័យខ្លាច​យ៉ាង​ខ្លាំង។

ពួកគាត់​បន្ត​ថា ​​​អ្នកស៊ីឈ្នួល​ដុត​សព​មួយ​គ្រួសារ​នោះ​​ ​ត្រូវ​បាន​ប្រជាពលរដ្ឋ សំណូមពរ​កុំឲ្យ​ដំឡើង​មេន​ចោល​បែបនេះ​ វា​អាច​នាំ​ចង្រៃ​ចូល​ភូមិ ​បើ​ដំឡើង​ទុកចោល​​អញ្ចឹង ​សូម​យក​ដំឡើង​ក្នុង​វត្ត​ចុះ​ ពួកគាត់​មិន​ថា​អី​ទេ។ ប៉ុន្តែ​ក្រុម​គ្រួសារ​នោះ​មិន​ស្ដាប់​ឡើយ ព្រោះ​អះអាង​ថា ជា​សិទ្ធិ​របស់​គេ​មិន​ប៉ះពាល់​ដល់​អ្នកភូមិ​គ្រប់គ្នា​ឡើយ ​ហើយ​ចង់​ប្ដឹង​ទៅ​ណា​ក៏​មិន​ខ្លាច​ដែរ។

លោក​ហ៊ឹម ហន ​មេភូមិ​ខ្ទុំ​ក្រាំង​បាន​និយាយ​ថា គ្រួសារ​របស់​ឈ្មោះ​សន សេន និង​ប្រពន្ធ​នោះ ពិតជា​បាន​នាំគ្នា​ដំឡើង​មេន​ទុកចោល​ក្នុង​ផ្ទះ​ តុបតែង​ភ្លើង​ដូច​បុណ្យ​សព​ជាង​មួយ​ខែ​មក​ហើយ ព្រមទាំង​មានការ​ជួបជុំ​ផឹកស៊ី​ដុត​ធូប​សែនព្រេន​ទៀត​ផង។ លោក​បន្តថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​បាន​ប្រតិកម្ម​លើ​បញ្ហា​នេះ ហើយ​បាន​រាយការណ៍​ទៅ​លោក​ចៅសង្កាត់ ដើម្បី​ឲ្យ​ជួយ​ណែនាំ ឬ​រុះ​ចេញ​ព្រោះ​វា​អាក្រក់​មើល​ខ្លាំង​ណាស់។ ទង្វើ​បែបនេះ​ដូច​បន់ស្រន់​ឲ្យ​អ្នកភូមិ​ស្លាប់​អញ្ចឹង ប៉ុន្តែ​លោក​ចៅសង្កាត់​ឲ្យ​ប្រពល​រដ្ឋ​ធ្វើ​ពាក្យ​ផ្តិត​ស្នាម​មេដៃ​មក​ទើប​ហៅ​ដោះស្រាយ។

អ្នកភូមិ​បញ្ជាក់ថា ឈ្មោះ​សន សេន​នេះ​ ពីមុន​​ធ្លាប់​រក​ស៊ី​ដើរ​មេន​ដុត​សព​របស់​វត្ត​សំបួរ ប៉ុន្តែ​ក្រោយមក​បាន​បែកបាក់​សាមគ្គី​ផ្ទៃក្នុង ​ចាប់ផ្ដើម​ធ្វើ​មេន​រកស៊ី​ផ្ទាស់​ខ្លួន ព្រមទាំង​ដំឡើង​ទុកចោល​ទាំង​យប់​ទាំង​ថ្ងៃ​បែបនេះ។ ពួកគាត់​បន្តថា ការ​សំណូមពរ​មាន​ចំនួន ៣​ចំណុច ទី​១-​សូម​កុំ​ដំឡើង​មេន​ទុកចោល​រាប់​ខែ​ក្នុង​ភូមិ​បែបនេះ ជាហេតុ​មិនល្អ​សម្រាប់​អ្នកភូមិ​ ដូច​បន់​ឲ្យ​មាន​មនុស្ស​ស្លាប់​​អញ្ចឹង ទី​២-​បើ​ចង់​ដំឡើង​តុបតែង​ភ្លើង​ដូច​កម្មពិធី​បុណ្យ​​ សូម​ទៅ​ដំឡើង​ចោល ក្នុង​វត្ត​គ្មាន​អ្នក​ហាមឃាត់​ទេ និង​ទី​៣-​ពេល​ត្រឡប់​ពី​ដុត​ខ្មោច​សូម​យក​មេន​ទៅ​ក្នុង​វត្ត​មិន​ត្រូវ​ទុក​ក្នុង​ភូមិ​ឡើយ។
ស្ត្រី​ម្ចាស់​មេន​បាន​និយាយ​តាម​ទូរស័ព្ទ​ថា តើ​ប្រជាជន​ហ៊ាន​ប្តឹង​គាត់ ​គ្រាន់តែ​រឿង​ដំឡើង​មេន​ទុក​បែបនេះ​ ចង់​រកមុខ​ឲ្យ​ឃើញ​វា​ទើស​ក្បាល​នរណា ហើយ​ការដំឡើង​ទុក​បែបនេះ​វា​ខុសច្បាប់​ឬ។ ស្ត្រី​រូប​នោះ​បន្ត​ថា គាត់​ពិតជា​បាន​ដំឡើង​ចោល​អស់​រយៈពេល ២​ខែ​មែន​ដើម្បី​សាក​សម្ភារៈ​ដុត​ខ្មោច​របស់​គាត់​ថា​តើ​មាន​សោភ័ណភាព​ស្អាត​ ឬ​អត់ និង​ការ​បើក​ភ្លើង​​​លម្អ​មេន ​​​ទើបតែ​៣​ទៅ​៤​យប់​នេះ​ទេ ហើយ​បើ​ចង់​ហាមឃាត់​គាត់ ​សូម​ហាម​ឃាត់​គ្រប់​ស្រុក​ទូទាំង​ប្រទេស​តែ​ម្តង។

លោកស្រី​ប៉ោក សេដ្ឋា អភិបាល ក្រុង​ច្បារមន បាន​ថ្លែង​ទាំង​ហួសចិត្ត​ថា ហេតុ​អី​បាន​អ្នក​រកស៊ី​ដុត​ខ្មោច​​​​ទាំង២​នាក់​នោះ ​​ដំឡើង​មេន​ទុកចោល​ក្នុងផ្ទះ​រហូតដល់​ជិត​ខែ​អញ្ចឹង​ ទង្វើ​បែបនេះ​ដូច​បន់​ឲ្យ​អ្នក​ស្លាប់​ចឹង។ បន្ទាប់​ទទួល​បាន​ព័ត៌មាន​នេះ​ លោកស្រី​អភិបាលក្រុង​បាន​បញ្ជា​ទៅ​ចៅសង្កាត់ ដើម្បី​ហៅ​ម្ចាស់​មេន​នោះ​យក​ទៅ​អប់រំ​ណែនាំ​កុំឲ្យ​ធ្វើ​ចឹង​ទៀត​មិន​សមរម្យ​ទេ៕

​ ​

អ្នក​ស៊ី​ឈ្នួល​ដុត​សព​ ដំឡើង​មេន​​​ទុក​ចោល​ជិត​២​ខែ​​ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រតិកម្ម​យ៉ាង​ខ្លាំង

អ្នក​ស៊ី​ឈ្នួល​ដុត​សព​ ដំឡើង​មេន​​​ទុក​ចោល​ជិត​២​ខែ​​ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រតិកម្ម​យ៉ាង​ខ្លាំង