ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​ខណ្ឌ​ជ្រោយ​ចង្វារ ចាប់​ផ្តើម​ដំណើរ​ការ​ផ្តល់​សេវាសាធារណៈ​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន

ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​ខណ្ឌ​ជ្រោយ​ចង្វារ ចាប់​ផ្តើម​ដំណើរ​ការ​ផ្តល់​សេវាសាធារណៈ​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន



ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៦​នេះ ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​ខណ្ឌ​ជ្រោយចង្វារ បាន​ចាប់​ផ្តើម​ដំណើរ​ការ​ផ្តល់​សេវាសាធារណៈ​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ក្នុង​នោះ គឺ​សេវាកម្ម​ចុះបញ្ជី​ទោចក្រយានយន្ត ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាសយដ្ឋាន​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​សេវាកម្ម​ចុះបញ្ជី​ទោចក្រយានយន្ត​នោះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ប្រាក់ ចាន់ណា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ជ្រោយចង្វារ និង លោកស្រី កែវ ច័ន្ទ​ស៊ុន​ណា​រី អភិបាលរងខណ្ឌ​ទទួលបន្ទុក​ការិយាល័យ​ច្រកចេញចូល​តែមួយ​ខណ្ឌ​ជ្រោយចង្វារ ដោយ​លោក​បាន​ធ្វើ​ការ​ផ្ដល់ជូន​ផ្ទាល់​នូវ​ស្លាក​លេខ ភ្នំពេញ 1DK-0001 ដែលជា​លេខ​រៀង​ដំបូង​គេ​បង្អស់​ផង​ដែរ។

ក្នុង​ឱកាស​នោះ លោក ប្រាក់ ចាន់ណា បាន​មានប្រសាសន៍ថា គោលនយោបាយ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល បាន​លើកកម្ពស់​គោលការណ៍​អភិបាលកិច្ច​ល្អ កែទម្រង់​ប្រព័ន្ធ​រដ្ឋបាល​ដោយ​ពង្រីក​វិសាលភាព​សេវា​ដែល​ផ្ដល់​ដោយ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ឲ្យ​បាន​ទូលំទូលាយ តាមរយៈ​ការ​ប្រមូលផ្ដុំ​សេវា​ទាំងអស់​ក្នុង​ក្របខ័ណ្ឌ​សមត្ថកិច្ច​ក្រុង ស្រុក ខណ្ឌ ដែល​ត្រូវ​ផ្ដល់ជូន​អតិថិជន​នៅ​កន្លែង​តែមួយ។

​លោក​បាន​បន្ត​ថា គោលនយោបាយ​កំណែទម្រង់រដ្ឋបាល​សាធារណៈ បាន​បង្ខិត​រដ្ឋបាល​ឲ្យ​នៅ​កៀក​ជិត​នឹង​ប្រជាពលរដ្ឋ បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស ប្រកបដោយ​ប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតប​ទាន់​ពេល​វេលា​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ។

ជា​មួយ​គ្នា​នេះ រដ្ឋបាល​ខណ្ឌ​ជ្រោយ​ចង្វារ សូម​ធ្វើការ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយ​ចង្វារ​ទាំងអស់ មេត្តា​ជ្រាប​ថា ការិយាល័យ​ច្រក​ចេញចូល​តែមួយ​ខណ្ឌ​ជ្រោយ​ចង្វារ បច្ចុប្បន្ន​មាន​ផ្តល់​សេវា​លើ​វិស័យ​ចំនួន ១២ ក្នុង​នោះ ១.​ការងារ​នីត្យានុកូលកម្ម ២.​ការងារ​អត្រានុកូលដ្ឋាន ៣.​វិស័យ​សុរិយោដី ៤.​វិស័យ​វប្បធម៌ វិចិត្រសិល្ប ៥.​វិស័យ​អប់រំ យុវជន និង​កីឡា ៦.​វិស័យ​ទេសចរណ៍ ៧.​វិស័យ​សំណង់ ៨.​វិស័យ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ៩.​វិស័យ​ពាណិជ្ជកម្ម ១០.​វិស័យ​សុខាភិបាល ១១.​វិស័យ​សាធារណការ និង​ដឹកជញ្ជូន និង ១២.​វិស័យ​កសិកម្ម។

ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​ខណ្ឌ​ជ្រោយ​ចង្វារ មាន​អាសយដ្ឋាន​ស្ថិត​នៅ​ក្នុង​បុរី​រុងរឿង ក្រុមទី​៥ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​៖ ០១២ ៥៩៤ ៦៤៧ / ០៧៦ ៣៣៣ ៣៨០ ២ / ០១០ ៤១០ ៤០០៕