“​កងទ័ព​កុមារកំព្រា​” របស់​ក្រុម ISIS ប្ដេជ្ញា​សងសឹក​ក្នុង​វីដេអូ​ឃោសនា​

“​កងទ័ព​កុមារកំព្រា​” របស់​ក្រុម ISIS ប្ដេជ្ញា​សងសឹក​ក្នុង​វីដេអូ​ឃោសនា​



វីដេអូ​ឃោសនា​ថ្មី​មួយ​របស់​ក្រុម ISIS បាន​អះអាង​ថា កុមារ​កំព្រា​ជាច្រើន​នាក់ ដែល​បាន​បាត់បង់​ឪពុកម្តាយ​របស់​ពួកគេ ដោយសារតែ​អន្តរាគមន៍​ប្រឆាំង​ភេរវកម្ម​បរទេស នៅ​ក្នុង​ប្រទេស​ស៊ី​រី កំពុង​តែ​ស្រេកឃ្លាន​ការ​សង​សឹក​។ វីដេអូ​នោះ បាន​បង្ហាញថា កុមារ​ទាំងអស់ ត្រូវបាន​បំពាក់បំប៉ន​បាន​យ៉ាង​ល្អ​ដើម្បី​ត្រៀម​ប្រយុទ្ធ។

វីដេអូ ដែល​បាន​បង្កើត​ឡើង ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ Alhayat Center របស់​របស់​ក្រុម​ជី​ហាដ​និយម​មួយ​នេះ បាន​ចាប់ផ្តើម​ឡើងជា​មួយ​កុមារ​ម្នាក់​ដើរកាត់​ទីក្រុង ដែល​ត្រូវបាន​បំផ្លាញ​ក្នុងអំឡុងពេល​សង្គ្រាម​ស៊ី​រី​។ ស្រប​ពេល​ឈុត​ឆាក​នៃ​ការបំផ្លាញ មុខមាត់​របស់​មេដឹកនាំ និង​អ្នកនយោបាយ​លោកខាងលិច បាន​លេចឡើង​ក្នុង​សារ​ឃោសនា ដែល​អមដោយ​បទ​ភ្លេង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ច្រៀង​ជា​ភាសា​បារាំង​។​

ការ​បញ្ជូល​សំឡេង បាន​លើកឡើងថា ក្រុម​ភេរវកម្ម​នេះ បាន​ប្តេជ្ញា​សងសឹក​សម្រាប់ “​ការសម្លាប់​រង្គាល​” ដែល​បង្កឡើង​ដោយ​ប្រទេស​លោក​ខាងលិច។ ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​មេដឹកនាំ​ប្រទេស​រុស្ស៊ី លោក​វ្លា​ឌី​មៀរ ពូ​ទីន​ព្រមទាំង​មេដឹកនាំ​បារាំង​លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ជាមួយ​មេដឹកនាំ​ស៊ី​រី លោក បា​សា អាល់​អាសាដ ត្រូវបាន​បង្ហាញ​នៅក្នុង​វីដេអូ ដែល​បាន​ប្តេជ្ញា​សងសឹក​មួយ​នោះ​។

នៅក្នុង​នោះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី លោក ស៊ើ​ជី ឡាវ​រ៉ូ​ហ្វ និង​សម​ភាគី​របស់លោក គឺ​លោក ច​ន ឃើ​រី ក៏ត្រូវ​បាន​គេ​ឃើញ​ផងដែរ នៅក្នុង​វីដេអូ​នោះ​ថា ជា​ឧទាហរណ៍​របស់​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹង​ក្រុម ISIS។

ក្រៅពី​ឈុត​ឆាក​នៃ​កម្ទេចកម្ទី​ថ្ម វីដេអូ ដែលមាន​ចំណងជើង​ថា Blood for Blood មួយ​នេះ ក៏បាន​បង្ហាញ​ផងដែរ ពី​ក្រុម​ក្មេងប្រុស នៅក្នុង​ឯកសណ្ឋាន​បិទបាំង ដែល​បង្កើតបានជា​កង​ទ័ព “​កុមារកំព្រា​” ។ ក្មេងប្រុស​ទាំងនោះ គឺមាន​អាយុ​ប្រហែល ១០ ឆ្នាំ ហើយ​អាច​ត្រូវបាន​គេ​ឃើញ​បំពាក់​ជាមួយ​កាំភ្លើង និង​គ្រាប់កាំភ្លើង​។​

ក្រុម​រដ្ឋ​ឥស្លាម កំពុង​ប្រើប្រាស់​កុមារ នៅលើ​សមរភូមិ ព្រមទាំង​សម្រាប់​គោលបំណង​ឃោសនា ចាប់តាំងពី​ការបង្កើត​របស់ខ្លួន​។ វីដេអូ “To the Son of Jews” ដែល​បាន​បញ្ចេញ កាលពី​ខែធ្នូ​ឆ្នាំមុន បានបង្ហាញ​ពី​កុមារ​មួយក្រុម ដឹកនាំ​ដោយ​គ្រូបង្ហាត់​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុម ISIS កំពុង​ប្រហារជីវិត​ចំណាប់ខ្មាំង​ម្នាក់​ម្តងៗ ដោយ​បាញ់សម្លាប់​ក្នុង​ចម្ងាយ​ជិត​។ កុមារ​ចុងក្រោយ បាន​យក​កាំបិត ហើយ​អា​រក​ជនរងគ្រោះ​។​

វីដេអូ​មួយ​ផ្សេងទៀត បានបង្ហាញ​ពី​កុមារ​អាយុ​បួន​ឆ្នាំ​ម្នាក់ ដែល​ស្លៀក​សម្លៀកបំពាក់​បិទបាំង​និង​មាន​រហស្សនាម​ថា jihadi Junior បាន​ចុច​ប៊ូ​តុង​តេ​ឡេ​បញ្ជា​ដើម្បី​បំផ្ទុះ​គ្រាប់បែក​សម្លាប់​អ្នកទោស​បីនាក់​។ វីដេអូ​នេះ បាន​ផុស​ឡើង​ក្នុង​ខែកុម្ភៈ​ឆ្នាំនេះ​។ កាលពី​ខែមីនា ក្រុម ISIS បាន​បញ្ចេញ​វីដេអូ​មួយ ដែល​បង្ហាញ​ពី​កុមារ​ក្នុង​មណ្ឌលកុមារ​កំព្រា​មួយ ដែល​កំពុង​ត្រូវបាន​បណ្តុះបណ្តាល​ជា​អ្នក​ប្រយុទ្ធ​ជំនាន់​ក្រោយ​៕