ចោរ​ជើង​ល្អ​លួច​គាស់​ផ្ទះ​បាន​លុយ​និង​គ្រឿង​អលង្ការ​ជិត​១​ពាន់​ដុល្លារ​យក​ទៅ​លេង​ហ្គេម​បាញ់​ត្រី​ចាញ់​អស់​ត្រូវ​ជាប់​ខ្នោះ

ចោរ​ជើង​ល្អ​លួច​គាស់​ផ្ទះ​បាន​លុយ​និង​គ្រឿង​អលង្ការ​ជិត​១​ពាន់​ដុល្លារ​យក​ទៅ​លេង​ហ្គេម​បាញ់​ត្រី​ចាញ់​អស់​ត្រូវ​ជាប់​ខ្នោះ



ភ្នំពេញ ៖ ជនរងគ្រោះ​ម្នាក់​បាន​ចាប់​ជនសង្ស័យ​ម្នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​ឫស្សី​កែវ​បន្ទាប់ពី​គេ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ។

ហេតុការណ៍​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង ៦ និង ៣០ នាទី​ព្រឹក​ថ្ងៃ​ទី២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ផ្លូវលំ​តំបន់​មិន​រៀបរយ​ខាងក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ​ក្រុម​ទី​១៤ ​ភូមិ​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ។

ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ កៅ វ៉ាន់​ស៊ីន ហៅ​ស្រីមុំ ភេទ​ស្រី​អាយុ ៣៥ ឆ្នាំ​មាន​មុខរបរ​លក់​បន្លែ​នៅ​ផ្សារ​ទួល​សង្កែ​ហៅ​ផ្សារ​សាំ​ហាន់​មាន​ទីលំនៅ​ផ្ទះ​លេខ ៧៧ ផ្លូវ​រថភ្លើង ក្រុមទី​១០ ភូមិ​ទួលសង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​នោះ​មាន​លុយ​ដុល្លារ មាន​ចំនួន២៩៥​ លុយ​ខ្មែរ​ចំនួន​២​លាន​រៀល​ និង​ ទូរស័ព្ទ​អាយ​ហ្វូ​ន​ចំនួន​២​គ្រឿង​។

ចំណែក​ឯ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ ទូច វិ​រះ ហៅ​ជ្រូក ភេទ​ប្រុស​អាយុ ២៥ ឆ្នាំ​មាន​មុខរបរ​និង​ស្នាក់នៅ​មិន​ពិត​ប្រាកដជា​មុខសញ្ញា​គាស់​ផ្ទះ​យ៉ាង​សកម្ម។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់​ថ្ងៃ​រូប​គាត់​តែងតែ​ក្រោក​ពី​យប់​ទៅ​ទិញ​បន្លែ​នៅ​ផ្សារ​ដើម​គរ​យក​មក​លក់​នៅ​ផ្សារ​ទួល​សង្កែ​ហៅ​ផ្សារ​សាំ​ហាន់ ​នៅ​ថ្ងៃ​កើតហេតុ​នៅ​វេលា​ម៉ោង ៣ និង ៤០​នាទី​ទៀបភ្លឺ​ថ្ងៃ​ទី​១​ ខែឧសភា ​រូប​គាត់​បាន​ក្រោក​រៀបចំ​ទៅ​ទិញ​បន្លែ​ដូច​សព​ដង​ស្រាប់តែ​មក​ឃើញ​ទ្វារផ្ទះ​របើក​និង​របង​ផ្ទះ​របើក​ទើប​ដឹង​ថា ​មាន​ចោរ​ចូល​គាស់​ផ្ទះ​ក៏​ស្ទុះ​រត់​ទៅ​មើល​លុយ​និង​ទូរស័ព្ទ​ដែល​ទុក​លើ​គ្រែ​នៅ​ក្បាល​បាត់​អស់​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង ខ​ណៈ​នោះ​អ្នកជិតខាង​បាន​ប្រាប់​ថា បាន​ឃើញ​ឈ្មោះ វិ​រះ ហៅ​អា​ជ្រូក​ ចូល​ផ្ទះ​គាត់​ទើប​រូប​គាត់​ដឹង​ថា មានតែ​ឈ្មោះ​និង​ទេ​ដែល​ចូល​លួច​នោះ។ ក្រោយមក​រូប​គាត់​បាន​ដើរ​រក​និង​ស្រាវជ្រាវ​តាម​រក​រហូតដល់​ម៉ោង ៦ និង ៣០ នាទី​ព្រឹក​ថ្ងៃ​ទី២ ខែ​ឆ្នាំ​ដដែល​ក៏​ប្រទះឃើញ​នៅ​ចំណុច​ខាងលើ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​៕