លោក ថោង ខុន៖ បញ្ហាធំត្រៀម SEA Games-2023 គឺការបណ្ដុះបណ្ដាល អត្តពលិក

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមានប្រសាសន៍ថា បញ្ហាធំបំផុត ចំពោះការត្រៀម ដំណើរឆ្ពោះទៅការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា គឺបញ្ហាបណ្ដុះបណ្ដាលសមត្ថភាពកីឡាករ-កីឡាការិនី ដែលមានស្ថាប័នសំខាន់ ២ ត្រូវយកចិត្តទុកដាក់ ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលា នៃការផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា និងការត្រៀម រៀបចំការ ប្រកួត កីឡាជាតិ(National Games) លើកទី១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះ ។
លោករដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់ថា បច្ចុប្បន្នបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ឬបញ្ហាសម្ភារៈ គឺមិនមែនជាបញ្ហាប្រឈមរបស់កម្ពុជានោះទេ ប៉ុន្ដែអ្វីដែលកម្ពុជាព្រួយបារម្ភ គឺបញ្ហាបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនី ដើម្បីមានសមត្ថភាពគ្រាប់គ្រាន់ សម្រាប់ត្រៀមប្រកួតប្រជែងនៅ SEA Games ឆ្នាំ២០២៣ ។

ជុំវិញបញ្ហាបណ្ដុះបណ្ដាលសមត្ថភាពធនធានអត្តពលិកនេះ ត្រូវបានលោក ថោង ខុន លើកឡើងថា មានស្ថាប័នសំខាន់ចំនួន ២ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ ដើម្បីទទួលបានកីឡាករម្នាក់ ដែលមានសតម្ថភាព គឺមន្ទីរអប់រំរាជធានី-ខេត្ត និងសហព័ន្ធកីឡាជាតិទាំងអស់ ដែលត្រូវសហការគ្នា ដើម្បីបណ្ដុះបណ្ដាលថ្នាល ឲ្យមានសមត្ថភាព ព្រោះរយៈពេល ៦ឆ្នាំមិនយូរនោះទេ ។

ប្រធាន NOCC រូបនេះបានបញ្ជាក់ថា «បញ្ហាបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនី គឺរឿងធំ ហើយវាក៏មានផលលំបាកដែរ ប៉ុន្ដែយើងចាំបាច់ ត្រូវបណ្ដុះបណ្ដាល ពួកគេឲ្យមានសមត្ថភាព ដើម្បីត្រៀមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ នៅ SEA Games ឆ្នាំ២០២៣ ។ ពិសេសគឺមន្ទីរអប់រំ ត្រូវជ្រើសរើសថ្នាល តាមគ្រឹះស្ថាន សិក្សានានា ដើម្បីបណ្ដុះពួកគេឲ្យក្លាយជាសមាជិកក្រុមជម្រើសជាតិ» ៕