ម៉ូតូ​ចំនួន​៧​គ្រឿង​ដែល​ទុក​នៅ​ក្នុង​ទីតាំង​ឃ្លាំង​តែ​មួយ​ត្រូវ​បាន​ចោរ​កាត់​សោរ​យក​អស់

 រាជធានី​ភ្នំពេញ ៖ មាន​ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​បន្ទាប់​ពី​ម៉ូតូ​ចំនួន​៧​គ្រឿង ដែល​ទុក​នៅ​ក្នុង​ទីតាំង​ឃ្លាំង​តែ​មួយ ត្រូវ​បាន​ចោរ​១​ក្រុម​ធ្វើ​សកម្មភាព​កាត់​សោ ចូល​ទៅ​លួច យក​អស់​គ្មាន​សល់ ក្នុង​ខណៈ​ពេល​ដែល​ម្ចាស់​រវល់​ដេក​លង់លក់ ដោយ​មិនដឹង​ខ្លួន ហើយ​ក្រោយ​ពេល​ដឹង​បាត់ ម្នាក់​ៗ​បាន​ត្រឹមតែ​សម្ដែង​ការ​ហួសចិត្ត​គ្រប់​ៗ​គ្នា​ប៉ុណ្ណោះ ព្រោះ​ម៉ូតូ​ទាំងអស់​ត្រូវ​ចោរ​យក​បាត់ គ្មាន​សល់​សូ​ម្បី​មួយ​គ្រឿង​ឡើយ​។ ហេតុ​ការ​ណ៏​នោះ បាន​បង្ក​មានការ​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​យប់ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល នៅ​ខាងក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប៉ូ​លី​សបាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​ត្រូវ​ចោរលួច​យក ទៅ​បាត់​នោះ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ចំនួន​៦​គ្រឿង និង​ម៉ូតូ​ម៉ាក​វ៉េវ​អ៊ី​១​គ្រឿង ពេល​នេះ ម្ចាស់​បាន ដាក់​ពាក្យបណ្ដឹង​រួចរាល់​ហើយ ចំណែក​កម្លាំង​ប៉ូ​លី​ស ទាំង​ប៉ុស្ដិ៍​ចោម​ចៅ និង​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នឹង​កំពុងធ្វើការ​ស្រាវជ្រាវ តាម​រកមុខ​សញ្ញា​ក្រុម ចោរលួច​ទាំងនោះ​ហើយ​។ ម្យ៉ាងទៀត​តាម​ការ​សន្និដ្ឋាន ក្រុម​ចោរ​ទាំងនោះ​អាច​មាន​គ្នា​ច្រើន ឬ​អាច​មាន​ទាំង​រថយន្ត​សម្រាប់​ដឹក​ទៀត​ផង ទើប​អាច​យក​ម៉ូតូ​ទាំងអស់​ទៅ​បាន មិន​តែ ប៉ុណ្ណោះ ក្រុម​ចោរ​អាច​មាន​រនុកក្នុង​ថែម​ទៀត ទើប​ដឹង​ថា​នៅ​ក្នុង​ឃ្លាំង​នោះ មាន​ទុក​ម៉ូតូ​ច្រើន បែប​នេះ ហើយ​នៅ​មុន​ពេល​កើតហេតុ ម្ចាស់​បាន​ទុក​ម៉ូតូ​ទាំងអស់​នៅ​ក្នុង​ឃ្លាំង​ខាងលើ ។ បន្ទាប់​មក​បាន​ចាក់សោ​រួចរាល់​បាន​ចូល​ទៅ​ដេក​លង់លក់ រហូត​ដល់ វេលា​កើតហេតុ​ទើប​ដឹង បាត់ បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ប៉ុន្តែ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗ​នោះ​ឡើយ លុះ​ព្រឹក​ឡើង​ទើប​នាំ​គ្នា​ធ្វើ​ដំណើរ ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្ដិ៍​ចោម​ចៅ​ឲ្យ​ជួយ​អន្តរា​គម​ន៏​៕