ក្មេង​ស្រី​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​កិន​ស្លាប់

ក្មេង​ស្រី​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​កិន​ស្លាប់



ស្ទឹងត្រែង ៖ ក្មេង​ស្រី​ម្នាក់​អាយុ​ទើប​៥​ឆ្នាំ​យាយ​បង្កើត​ប្រើ​យក​សំបុត្រ​ដឹក​ដី​ទៅ​ឲ្យ​ម្ចាស់​ឡាន​ដើរ​កាត់មុខ​រថយន្ត​តៃកុង​មិនបាន​មើល​បាន​កិន​ស្លាប់​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ស្ថិតក្នុង​ភូមិ​ព្រែក​សង្កាត់ ក្រុង​ស្ទឹងត្រែង​។​

លោក​យាយ​ក្មេង​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា ​ចៅ​របស់​គាត់​ត្រូវ​បាន​រថយន្ត​កិន​ស្លាប់​ឈ្មោះ​អឿន ភេទស្រី ​មាន​អាយុ​៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង​។ ចំណែក​តៃកុង​រថយន្ត​មានឈ្មោះ​ម៉ាប់​ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ឫស្សី​ក្រុង​ស្ទឹងត្រែង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​បាន​កិន​ក្មេង​ស្លាប់​ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-4182 បាន​មក​ដឹក​ដី​ឲ្យ​លោកយាយ ពេល​រថយន្ត​បែន​ចាក់ដី លោកយាយ​បាន​ប្រើ​ចៅ​យក​សំបុត្រ​ដឹក​ដី​ទៅ​តៃកុង​ឡាន ខណៈ​ចៅ​របស់​គាត់​ដើរកាត់​មុខ​ឡាន​តៃកុង​មិនបាន​មើល​ក៏​ត្រូវបាន​រថយន្ត​នោះ​កិន​ទាំង​កង់​មុខ​កង់​ក្រោយ​កប់​ដីខ្សាច់​ស្លាប់​តែ​ម្តង ពេលនោះ​ម្ចាស់​រថយន្ត​ឃើញ​ហេតុ​ការណ៍​ដូចនេះ​ក៏បាន​ចុះ​ពីលើ​រថយន្ត​គេច​ខ្លួន​បាត់ទៅ។

ក្រោយ​កើតហេតុ​ត្រូវ​បាន​ប៉ូលិស​ចរាចរ​ផ្លូវ​គោក​ចុះ​មក​ដល់​ផ្ទះ​កើត​ហេតុ​ធ្វើ​កំណត់​ដកហូត​រថយន្ត បញ្ជូន​មកកាន់​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។ ចំណែក​សព​ក្មេង​រងគ្រោះ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕