មន្ទីរ​ធនធាន​ទឹក​ខេត្ត​ឧត្តរមានជ័យ​គ្រោង​ស្ដារ​ស្រះ​និង​បឹង​ដើម្បី​ស្តុក​ទឹក​ប្រើប្រាស់

មន្ទីរ​ធនធាន​ទឹក​ខេត្ត​ឧត្តរមានជ័យ ត្រៀម​អនុវត្ត​គម្រោង​ស្ដារ​ស្រះ​មួយ​នៅ​ឃុំ​ពង្រ ស្រុក​ចុងកាល់ និង​បឹង​ស្នោ នៅ​កណ្ដាល​ទី​រួម​ខេត្ត ព្រម​ទាំង​ទំនប់​ត្រពាំង​វែង​នៅ​ក្រុង​សំរោង ដែល​អាច​ស្ដុក​ទឹក​បាន​ប្រមាណ​ជាង ១៤​លាន​ម៉ែត្រ​គូប ដើម្បី​ត្រៀម​រក្សា​ទឹក​ទុក​ប្រើ​នៅ​ឆ្នាំ​ក្រោយ​កុំ​ឲ្យ​ខ្វះខាត។

នៅ​ខេត្ត​ឧត្តរមានជ័យ ពលរដ្ឋ​ច្រើន​ពាន់​គ្រួសារ​កំពុង​ជួប​ប្រទះ​ការ​ខ្វះ​ទឹក​ប្រើប្រាស់ ដោយសារ​តែ​រដូវ​រាំង​ស្ងួត​បាន​អូស​បន្លាយ ហើយ​បច្ចុប្បន្ន អាជ្ញាធរ​កំពុង​ប្រើប្រាស់​រថយន្ត​ចំនួន ៥០​គ្រឿង ដឹក​ជញ្ជូន​ទឹក​ប្រមាណ ៥​ម៉ឺន​ម៉ែត្រ​គូប​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​មួយ​ថ្ងៃៗ។

ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ​ដែល​រស់នៅ​ជុំវិញ​បឹង​កណ្ដែក សង្កាត់​សំរោង ខេត្ត​ឧត្តរមានជ័យ ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ជីក​ស្ដារ​បឹង​ទឹក​នេះ​ឲ្យ​កាន់​តែ​ជ្រៅ ដើម្បី​ឲ្យ​អាច​ស្តុក​ទឹក​ទុក​ប្រើប្រាស់​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ក្នុង​ការ​កាត់​បន្ថយ​ការ​ខ្វះ​ទឹក​នៅ​ឆ្នាំ​ក្រោយៗ។

ការ​អំពាវនាវ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បឹង​កណ្ដែក​ដ៏​ធំ ដែល​ធ្លាប់​ស្តុក​ទឹក​បាន​ប្រមាណ ២​លាន​ម៉ែត្រ​គូប បាន​គោក​រាក់ ហើយ​រីង​ស្ងួត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង ៣​ពាន់​គ្រួសារ​ដែល​រស់នៅ​ជុំវិញ​គ្មាន​ទឹក​ប្រើប្រាស់​មក។

ស្ត្រី​អ្នក​ភូមិ​ពុរ នៃ​សង្កាត់​សំរោង ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត គឺ​លោកស្រី សុក ឡាង។ លោកស្រី​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២ ខែ​ឧសភា ថា រយៈពេល​ជាង​មួយ​ខែ​មក​ហើយ អ្នក​ភូមិ​របស់​គាត់ និង​ភូមិ​ចំនួន ៤ ទៀត គឺ​ភូមិ​កណ្ដែក ភូមិ​ដីថ្មី ភូមិ​គោកចំបក់ និង​ភូមិ​គោករំដួល ខ្វះ​ទឹក​ប្រើប្រាស់​ដោយសារ​តែ​ទឹក​ក្នុង​បឹង​កណ្ដែក​រីង​ស្ងួត​អស់។

ស្ត្រី​ដដែល​បញ្ជាក់​ថា រូប​គាត់​ក៏ដូចជា​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ គឺ​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ១០​ម៉ឺន​រៀល​ក្នុង​មួយ​ខែៗ ដើម្បី​ទិញ​ទឹក​ដែល​គេ​ដឹក​ជញ្ជូន​តាម​គោយន្ត​ពី​កន្លែង​ផ្សេង​មក​ប្រើប្រាស់៖ «ខ្ញុំ​ចង់​សំណូមពរ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​សម្ដេច ហ៊ុន សែន ជួយ​ស្ដារ​បឹង​កណ្ដែក​ផង ព្រោះ​ថា​ឥឡូវ​នេះ​ខ្វះខាត​ទឹក»

ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​ឧត្តរមានជ័យ លោក ឃិន ញាណ ឲ្យ​ដឹង​ថា ជាង​ពីរ​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​បាន​សាងសង់​ទំនប់​ទឹក​នៅ​ត្រពាំង​វែង​ប្រហែល ៤​គីឡូម៉ែត្រ ហើយ​រំពឹង​ថា ប្រសិន​បើ​ទំនប់​ទឹក​ត្រពាំង​វែង​រួច​រាល់ គឺ​អាច​ស្ដុក​ទឹក​បាន​ប្រហែល ១០​លាន​ម៉ែត្រ​គូប ដែល​អាច​នឹង​បង្ហូរ​ទឹក​ឲ្យ​ចូល​មក​បឹង​កណ្ដែក​បាន​គ្រប់គ្រាន់។ មន្ត្រី​មន្ទីរ​ធនធាន​ទឹក ដដែល​បញ្ជាក់​ថា ទោះ​យ៉ាង​ណា នៅ​រដូវ​ប្រាំង​ឆ្នាំ​នេះ មិន​មែន​តែ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​បឹង​កណ្ដែក​ប៉ុណ្ណោះ​ទេ​ដែល​ខ្វះ​ទឹក​ប្រើប្រាស់ គឺ​ប្រជាពលរដ្ឋ​ច្រើន​ពាន់​គ្រួសារ​ទៀត​នៅ​ក្រុង​សំរោង នៅ​ស្រុក​បន្ទាយអំពិល ស្រុក​អន្លង់វែង ស្រុក​ត្រពាំងប្រាសាទ ក៏​មាន​បញ្ហា​ដូច​គ្នា៖ «ដូចជា​នៅ​ស្រុក​ចុងកាល់ អី ម្ដុំ​ភូមិ​ពង្រ ខ្វះ​ទឹក ហើយ​អូស្មាច់ ក៏​នៅ​បន្ត​ដឹក​ទឹក​ចែក ហើយ​នៅ​បន្ទាយ​អំពិល ឃុំ​បេង ក៏​ដឹក​ទឹក​ចែក​ដែរ»

រដ្ឋាភិបាល​មាន​គម្រោង​គ្រប់គ្រង​គ្រោះ​រាំង​ស្ងួត​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ដោយ​បាន​ផ្ដល់​ថវិកា​ដើម្បី​ស្ដារ​បឹង និង​ទំនប់​ទឹក​ខ្លះ​សម្រាប់​ស្ដុក​ទឹក​ទុក​នៅ​ទី​ជនបទ និង​ទីក្រុង សម្រាប់​ឆ្នាំ​ក្រោយ​ឲ្យ​លើស​ពី ១៤​លាន​ម៉ែត្រ​គូប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។