ពី​ឆ្នាំ​២០០៦​មក គ្រូពេទ្យ​កម្ពុជា​៦០​នាក់​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ​កុមារ​ពី​អូស្ត្រាលី​

​សៀមរាប​៖ កាលពី​ថ្ងៃទី​៣០ មេសា ក្រុមគ្រូពេទ្យ​កម្ពុជា​ចំនួន​១២​នាក់ បានទទួល​លិខិត​បញ្ជាក់ថា​ការសិក្សា​ជំនាញ​កុមារ ពី​ប្រទេស​អូស្ត្រាលី​។ ការសិក្សា​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​ចាប់ពី​ឆ្នាំ​២០០៦​មក ជារួម​ពេលដែល​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​មកដល់​ប្រទេស​កម្ពុជា គឺមាន​ក្រុម​គ្រួ​ពេទ្យ​ផ្នែក​កុមារ​ចំនួន ៦០​នាក់​ហើយ ដែល​ទទួលបាន​ការសិក្សា​លើ​ជំនាញ​នេះ​។​

​ពិធី​ប្រគល់​លិខិតបញ្ជាក់​ការសិក្សា បានធ្វើ​ឡើង​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ដែល​បានប្រគល់​លិខិតបញ្ជាក់​ការសិក្សា​ទៅដល់​សិក្ខាកាម​ចំនួន​១២​រូប ដែល​បានបញ្ចប់​ការសិក្សា​របស់ខ្លួន​ដោយ​ជោគជ័យ លើ​ការបណ្តុះបណ្តាល​ជំនាញ​កុមារ ពី​មន្ទីរពេទ្យ​កុមារ​របស់​ប្រទេស​អូស្ត្រាលី​។ វគ្គ​សិក្សា​ជំនាញ​កុមារ ឫ​ហៅថា IPPC គឺជា​វគ្គ​សិក្សា​ដ៏​តឹងរឹង និង​ទាមទារ​ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស​ខ្ពស់ ដោយ​គ្រូពេទ្យ​តម្រូវ​ឲ្យ​រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​

ពី​ឆ្នាំ​២០០៦​មក គ្រូពេទ្យ​កម្ពុជា​៦០​នាក់​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ​កុមារ​ពី​អូស្ត្រាលី​

«​នេះ​ជា​ខួប​លើក​ទី​១០​ផងដែរ នៃ​វគ្គ​សិក្សា​ស្តីពី​ជំនាញ​សុខភាព​កុមារ ដែល​ធ្វើឡើង​ក្នុងប្រទេស​កម្ពុជា និង​ដំបូង​បំផុត​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ ក្នុង​ឆ្នាំ​២០០៦ និង​ក្រោយមក​វគ្គ​សិក្សា​នេះ ត្រូវបាន​រៀបចំ​នៅ​កន្លែង​ផ្សេងទៀត​ក្នង​ប្រទេស​កម្ពុជា ដែល​រួម​មាននៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង​មន្ទីរពេទ្យ​កុមារ​ជាតិ រាជធានី​ភ្នំពេញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ​។ ប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ថ្លែងអំណរគុណ​ដល់​មន្ទីរ​ពេទ្យ​កុមារ​ក្នុង​ទីក្រុង Westmead ប្រទេស​អូស្ត្រាលី ដែល​បាន​ផ្តួចផ្តើម​បើក​វគ្គ​សិក្សា​នេះ​ដល់​កម្ពុជា ជាពិសេស​មន្ទីរពេទ្យ​កុមារ​អង្គរ​។ លោក ភ័​ក្ត្រា មានការ​ប្តេជ្ញាចិត្ត​ក្នុងការ​អភិវឌ្ឍន៍​បន្ថែ​ម​នូវ​ជំនាញ​របស់​បុគ្គលិក​វេ​ជ្ជ​សាស្ត្រ​របស់ខ្លួន ក្នុង​បំណង​ពង្រឹង​សេវា​សុខភាព និង​ជួយ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​សុខាភិបាល​កម្ពុជា​ដទៃទៀត​។​

​ក្នុង​ពិធី​ផ្តល់​លិខិតបញ្ជាក់​ការសិក្សា​ដល់​គ្រូពេទ្យ​ដែល​បានបញ្ចប់​ការសិក្សា​លើ​ជំនាញ IPPC នៅពេលនោះ ក៏មាន​ការចូលរួម​ពី​ភារធារី​ស្ថានទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា នាយក​ប្រតិបត្តិ​វគ្គ​សិក្សា IPPC ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប និង​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ផង​។

ពី​ឆ្នាំ​២០០៦​មក គ្រូពេទ្យ​កម្ពុជា​៦០​នាក់​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ​កុមារ​ពី​អូស្ត្រាលី​

​លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​កោតសរសើរ​ដល់​សិក្ខាកាម​ទាំងអស់ ដែល​បាន​ចូលរួម​សិក្សា​វគ្គ​សិក្សា​ពី​ប្រទេស​អូ​ស្រា្ត​លី​នេះ​។ យ៉ាងណា​លោក​សាស្ត្រាចារ្យ​ទទួលស្គាល់ វគ្គ​សិក្សា​នេះ​មិនទាន់មាន​ការទទួលស្គាល់​ពី​ខាង​ក្រសួងសុខាភិបាល​នៅឡើយ​។ ទោះជា​ដូច្នេះ​ក្តី លោក​បាន​ទទួលស្គាល់ថា​វគ្គ​សិក្សា​នេះ ពិតជា​ចំណេះ​ជំនាញ​មួយ​ដ៏​ច្បាស់លាស់ និង​ត្រឹមត្រូវ ដែល​អាចរួមចំណែក​អភិវឌ្ឍន៍​ការថែទាំ​សុខភាព​របស់​កុមារ​កម្ពុជា​៕