ឥណ្ឌា អាមេរិក តាមដាន​សញ្ញា​នាវាមុជទឹក​ចិន​នៅ​មហាសមុទ្រ​ឥណ្ឌា​

​ឥណ្ឌា​និង​អាមេរិក​កំពុង​ជជែក​គ្នា​ពី​កិច្ចសហប្រតិបត្តិការ​រួម​ដើម្បី​តាមដាន​សញ្ញា​នាវាមុជទឹក​ក្នុង​មហាសមុទ្រ​ឥណ្ឌា​។ វា​ជាស​ញ្ញា​ក្នុង​ការឈាន​ឆ្ពោះទៅ​ពង្រឹង​ចំណង​ការពារជាតិ​រវាង​មហាអំណាច​ទាំងពីរ ហើយ​វា​ក៏​កើតឡើង​នៅ​មហា​យក្ស​ចិន​បន្ត​បង្កើន​សកម្មភាព​យោធា​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ការត្រួតត្រា​របស់​ឥណ្ឌា​នៅ​មហាសមុទ្រ​ឥណ្ឌា​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ក្រសួងការពារជាតិ​ឥណ្ឌា​និង​អាមេរិក​កំពុង​បន្ត​ជជែក​គ្នា​ពី​ការរៀបចំ​សហប្រតិបត្តិការ​រួមមួយ​ដើម្បី​តាមដាន​សញ្ញា​នាវាមុជទឹក​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​។ ការរៀបចំ​បង្កើត​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​មហាអំណាច​ទាំងពីរ​ធ្វើឡើង​ក្នុង​គោលដៅ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ការពារជាតិ និង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters កិច្ចប្រតិបត្តិការ​នេះ​នឹង​អាច​ធ្វើឡើង​ក្នុង​ក្របខណ្ឌ​នៃ​ទំនាក់ទំនង​រវាង​កង​ទ័ពជើងទឹក​ឥណ្ឌា និង​កងទ័ពជើងទឹក​អាមេរិក​។ ហើយ​មន្ត្រី​យោធា​អាមេរិក​ម្នាក់​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ​នោះបាន​អះអាងថា វា​ជំហាន​ដំបូង​មួយ​ដើម្បី​ឆ្ពោះទៅ ពង្រឹងសមត្ថភាព​យោធា​ក្នុង​សង្គ្រាម​ប្រឆាំង​នាវាមុជទឹក​ថែម​ទៀតផង​។ ហើយ​ការពង្រឹង​សមត្ថភាព និង​យុទ្ធសាស្ត្រ​ប្រឆាំង​នាវាមុជទឹក​នឹងត្រូវ​លើក​ទៅ​ជជែក​គ្នា​ក្នុងចំណោម​កងទ័ពជើងទឹក​ទាំងពីរ​នៅពេល​ខាងមុខ​ផងដែរ​។​

​យ៉ាងណាក៏ដោយ​ការពិភាក្សាគ្នា​បង្កើត​ប្រតិបត្តិការ​រួមគ្នា​នេះ ត្រូវ​រៀបចំឡើង​នៅពេលដែល អាមេរិក​និង​ឥណ្ឌា បង្ហាញ​ក្តីបារម្ភ​ខ្លាំង​ពី​សកម្មភាព​របស់​ចិន​ដែល​កំពុង​វាតទី​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​សកម្មភាព​យោធា​នៅក្រោម​សមុទ្រ​របស់​ចិន​ក៏​កើតមាន​ឡើងជា​ញឹកញាប់​ផងដែរ​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​។ ជាការ​ពិត​ឥណ្ឌា​បារម្ភ​ថា ចិន​កំពុងតែ​ធ្វើ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដែន​ឥទ្ធិពល​របស់ខ្លួន​ដែល​ស្ថិតនៅ​មហាសមុទ្រ​ឥណ្ឌា​ផងដែរ​។

​បើតាម​មន្ត្រី​ជើង​ទឹក​ឥណ្ឌា នាវាមុជទឹក​ចិន បាន​ចូលមកក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ជា​មធ្យម​ចំនួន ៤​ដង​ក្នុង​រយៈពេល​៣​ខែ​។ នាវាមុជទឹក​ខ្លះ​ធ្វើដំណើរ​ទៅ​ក្បែរ​សមុទ្រ​អាន់ដាម៉ាន់ និង​កោះ Nicobar ដែល​ស្ថិតនៅ​ជ្រោយ​ម៉ា​ឡា​កា មុន​បន្តដំណើរ​ទៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ​ថា រដ្ឋាភិបាល​ក្រុង ញូ​ដែ​លី  បាន​ឯកភាព​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​កាលពី​ខែ​មុន​ដើម្បី​បើកផ្លូវ​ឲ្យ​កងទ័ព​អាមេរិក​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់ខ្លួន​បាន​ក្នុងករណី​ចាំបាច់ ហើយ​ជា​ថ្នូរ​មកវិញ ឥណ្ឌា​នឹង​ទទួលបាន​ឱកាស​ទទួលបាន​បច្ចេក​វិទ្យា​យោធា​ទំនើប​របស់​អាមេរិក​ដើម្បី​ធ្វើយ៉ាងណា​រត់តាម​ឲ្យ​ទាន់​មហា​យក្ស​ចិន​។

​អាមេរិក​និង​ឥណ្ឌា​ធ្លាប់ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​រួមគ្នា​រួចហើយ ហើយ​នៅពេល​ខាងមុខ​នោះ​ភាគី​អាច​ប្រើប្រាស់​យន្តហោះ​ឈ្លបយកការណ៍​ទំនើប P-8 ដើម្បី​ប្រមែរ​ប្រមូល​ព័ត៌មាន​និង​ចែករំលែក​ព័ត៌មាន​នោះ​ក្នុង​ប្រតិបត្តិ​ការតាមដាន​សញ្ញា​នាវាមុជទឹក​ផងដែរ​។ យន្តហោះ P-8  ជា​យន្តហោះ​ទំនើប​បំផុត​មួយ​របស់​អាមេរិក ហើយ​ឥណ្ឌា​ក៏មាន​យន្តហោះ​នេះ​ប្រើប្រាស់​ដែរ​។ វា​អាចមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការចាប់​សញ្ញា​នាវាមុជទឹក​ដែល​ធ្វើដំណើរ​ក្នុង​សមុទ្រ​ថែមទៀត​ផង​។​

​ខណៈដែល​មិនទាន់មាន​ការបញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការរៀបចំ​សហប្រតិបត្តិការ​ក្នុង​សង្គ្រាម​ប្រឆាំង​នាវាមុជទឹក​ជាមួយ​អាមេរិក​ក៏ដោយ គេ​ទទួលបាន​ព័ត៌មាន​ថា ឥណ្ឌា និង​សហរដ្ឋអាមេរិក ត្រៀម​រៀបចំ​សមយុទ្ធ​យោធា​ប្រឆាំង​នាវាមុជទឹក​នៅ​ខែមិថុនា​ខាងមុខនេះ​នៅ​សមុទ្រ​ហ្វីលីពីន​ខាងជើង​។ ហើយ​ជប៉ុន ដែល​កំពុង​ធ្វើ​សកម្មភាព​តាមដាន​សញ្ញា​នាវាមុជទឹក​របស់​ចិន​នៅ​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​នោះ​ក៏​នឹងចូលរួម​ក្នុង​លំ​ហាត់​យោធា​ពហុភាគី​នេះដែរ​៕