ប្រធានាធិបតី​ថ្មី​ឡាវ បំពេញ​ទស្សនកិច្ច​នៅ​ចិន បន្ទាប់ពី​វៀតណាម

ប្រធានាធិបតីថ្មីឡាវ លោក Bounnhang Vorachit​ប្រព័ន្ធ​នយោបាយ រួមជាមួយ​នឹង​កត្តា​ភូមិសាស្ត្រ​ស្រដៀង​គ្នា បាន​ជំរុញ​ឲ្យ​ប្រទេស​ដែល​គ្មាន​សមុទ្រ​មួយ​សោះ​ឡាវ ត្រូវ​អោបក្រសោប​សម្ព័ន្ធមិត្ត​ចិន និង​វៀតណាម​ដែលជា​គូបដិបក្ខ​ក្នុង​ជម្លោះ​អធិបតេយ្យ​ក្នុងពេល​ជាមួយគ្នា​។ ជាក់ស្តែង​នោះ​បន្ទាប់ពី​តែងតាំង​ក្បាលម៉ាស៊ីន​ឡាវ​ថ្មី លោក​ប្រធានាធិបតី Bounnhang Vorachit បានចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ទៅកាន់​បណ្តា​ប្រទេស​ពីរ​ដែលជា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មហាមិត្ត​គឺ​វៀតណាម និង​ចិន​ដែល​ដំណើរ​នោះ​ត្រូវបាន​មើលឃើញថា​ការណែនាំ​ខ្លួន ដែល​ត្រូវតែ​ធ្វើឡើង ប្រកបដោយ​តុល្យភាព​។ 

​លេខាធិការ​បក្ស​កុម្មុយនីស្ត និង​ជា​ប្រធានាធិបតី​ថ្មី​ឡាវ លោក Bounnhang Vorachit នឹង​បំពេញ​ទស្សនកិច្ច​សុ​ឆន្ទៈ​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​នៅក្នុង​ប្រទេស​ចិន​ដែល​នឹងត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​០៣​ដល់​ថ្ងៃទី​០៥​ខែឧសភា​។ ដំណើរ​នេះ ធ្វើឡើង​ក្រោម​ការអញ្ជើញ​ដោយ​សម​ភាគី​លេខា​បក្ស​ក​ម្មុយ​នី​ស និង​ជា​ប្រ​ធានា ធិបតី​ចិន លោក ស៊ី ជិន​ពីង​។ នេះ​បើ​យោងតាម​ភា្ន​ក់​ងារ​ព័ត៌មាន Xinhua ដែល​បាន​ដកស្រង់​ពី​ការអះអាង​របស់​អ្នកនាំពាក្យ​នាយកដ្ឋាន​អន្តរជាតិ​បក្ស​កុម្មុយនីស្ត​ចិន​។

​អ្វីដែល​គួរកត់សម្គាល់​នោះ ដំណើរ​ទស្សនកិច្ច​រប​ស់លោក Bounnhang Vorachit ទៅកាន់​ចិន គឺជា​ប្រទេស​ទី​ពីរ​ហើយ​ដែល​ប្រមុខ​ដឹកនាំ​ថ្មី​រូបនេះ ធ្វើដំណើរ​ក្រៅប្រទេស​ក្នុងតួនាទី​ជា​ប្រធានាធិបតី​របស់​ឡាវ​។  នៅ​ថ្ងៃទី​២៥​ដល់ទី​២៧ ខែមេសា​កន្លងទៅ លោក Bounnhang Vorachit បាន​បំពេញ​ទស្សនកិច្ច ផ្លូវការ​ក្រៅប្រទេស​លើកដំបូង​ទៅកាន់​វៀតណាម​ដែល​ទើបតែ​ជ្រើសរើស​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី ផងដែរ​នោះ​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ​ទៅកាន់​អ្នកជិតខាង និង​សម្ព័ន្ធមិត្ត​យូរ​ឆ្នាំ​នោះ លោក Bounnhang Vorachit ក៏បាន​បញ្ជាក់​ជាថ្មី​ពី​គោលជំហរ​មិន​ប្រែប្រួល​រវាង​ឡាវ និង​វៀតណាម​។ លោក បាន​ថ្លែង ថា​វៀតណាម​ជា​ប្រទេស​ទីមួយ​ដែល​លោក​បំពេញ​ទស្សនកិច្ច​ចាប់តាំងពី​លោក​ត្រូវបាន​ជ្រើសរើស​ជា​មេដឹកនាំ​ថ្មី​របស់​ឡាវ ដែល​នេះ​ចង់​បង្ហាញថា​ថ្នាក់ដឹកនាំ​ឡាវ​គោរព​ឲ្យ​តម្លៃ​ដល់​ការពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ លោក Bounnhang សង្កត់ធ្ងន់ថា «​វៀតណាម​នឹង​នៅតែ​ជា​មិត្ត​ជិតស្និទ្ធ និង​ទុកចិត្តបាន​របស់​ឡាវ​»​។​

​ឡាវ ត្រូវ​រក្សា​គោលជំហរ​តុល្យភាព​នៃ​អំណាច​រវាង​មហាមិត្ត​ទាំងពីរ ចិន​-​វៀតណាម​
​ទាំង​ចិន និង​វៀតណាម សុទ្ធសឹងតែ​ជា​ដៃគូ​ដ៏​សំខាន់បំផុត​ដែល​ឡាវ​មិនអាច​ខ្វះ​បាន​។ វៀតណាម បាន​ក្លាយជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​ឡាវ ចាប់តាំងពី​ឡាវ ទទួលបាន​ឯករាជ្យ​ពី​ម្ចាស់​អាណានិគម​បារាំង​ឆ្នាំ​១៩៥៣​។ ប្រទេស​ទាំងពីរ ធា្ល​ប់​ជា​មូលដ្ឋាន​សង្គ្រាម​គ្នា​ទៅវិញទៅមក​ក្នុងអំឡុង​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​១ និង​លើក​ទី​២​។ ស្រប​ជាមួយនឹង​ភាពស្និទ្ធស្នាល​នេះ ចិន​ក៏​ជា​សម្ព័ន្ធ​ដ៏​ធំ​របស់​ឡាវ​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ផងដែរ​។ ការលូតលាស់​នៃ​សេដ្ឋកិច្ច​ឡាវ គឺជា​រឿង​ដែល​មិនអាច​ប្រកែក​បាន​ថា​ជា​ចំណែក​មួយ​ដ៏​ធំ​ពី​ជំនួយ និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ចិន​។ ជាពិសេស​នោះ ក្រោម​កិច្ចសហប្រតិបត្តិការ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​គំនិត​ផ្តួចផ្តើម​ជាច្រើន​របស់​ចិន​ដែល​រួមបញ្ចូល​ទាំង​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ ផងដែរ​នោះ ឡាវ បានប្រែក្លាយ​ពី​ប្រទេស​ដែល​គ្មាន​សមុទ្រ​ដ៏​ឯកោ​(Land Lock Nation) មកជា​ប្រទេស​ដែលមាន​ការតភ្ជាប់ (Land-Linked Nation)​។

​យ៉ាងណាក៏ដោយ ពីក្រោយ​នៃ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​នេះ ឡាវ ក៏មាន​បញ្ហា​ទើសទាល់​មួយ​ដែល​ធ្វើ​ឲ្យ ឡាវ​ត្រូវមាន​គោលជំហរ​តុល្យភាព​មួយ​រវាង​ដៃគូ​ទាំងពីរ​នោះ​។ បញ្ហា​ទើសទាល់​នោះ​គឺ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​ជម្លោះ​រួម​រវាង​ចិន​ជាមួយនឹង​សមាជិក​អាស៊ាន​ដែល​រួមបញ្ចូល​ទាំង​វៀតណាម​ផងដែរ​នោះ​។ វៀតណាម និង​ចិន ធ្លាប់​ប្រឈមមុខគ្នា​ទាំង​ផ្នែក​ការទូត និង​ផ្នែក​យោធា​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ដោយសារតែ​ជម្លោះ​អធិបតេយ្យ​មួយ​នេះ​។ ជាពិសេស​នោះ ថ្មីៗ​នេះ ក៏​ចាប់ផ្តើម​ការរិះគន់​ជា​បណ្តើ​រហើយ ក្រោយពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានប្រកាស​ពី​កិច្ចព្រមព្រៀង​ជា​ឯក​ច្ឆ័​ន​ជាមួយនឹង​បណ្តា​សមាជិក​អាស៊ាន​រាប់បញ្ចូល​ទាំង​ឡាវ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។

​តិច ឬ​ច្រើន ប្រសិន ឡាវ មាន​គោលជំហរ​ងាក​ទៅរក​ភាគី​ណាមួយ​ខ្លាំង​នោះ ភាគី​ម្ខាង នឹង​មានការ​អន់ចិត្ត​ជាក់​ជាពុំខាន​។ ហើយ​អ្វីដែល​សំខាន់​នោះ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ជា​លើក​ទី​២​ក្នុង​ឆ្នាំ​២០១៦ ឡាវ ដែល​កំពុងតែ​ដឹកនាំ​ដោយ​ប្រធានាធិបតី​ថ្មី Bounnhang Vorachit ត្រូវតែ​បែងចែក​ឲ្យ​បាន​នូវ​ផលប្រយោជន៍ និង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​ក្នុង​ឆាក​អន្តរជាតិ​៕