អង្គការ​សហប្រជាជាតិ​ឆ្លើយ​តប​នឹង​រដ្ឋាភិបាល​កម្ពុជា​ករណី​ចំណាត់​ការ​របស់ ACU

តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន ហ៊ាលី (Wan-Hea Lee) បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា ស្ថាប័ន​នេះ​បាន​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ហើយ ទាក់ទង​នឹង​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ទៅ​លើ​មន្ត្រី​មួយ​រូប​របស់​ស្ថាប័ន​ខ្លួន គឺ​លោក សឺន សាលី។

អ្នកស្រី វ៉ាន ហ៊ាលី បញ្ជាក់​ថា ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​វិញ។ អ្នកស្រី​បន្ត​ថា អង្គការ​សហប្រជាជាតិ ស្វែងរក​មធ្យោបាយ​មួយ​ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​លើ​នីតិវិធី​តុលាការ ដោយ​ស្រប​តាម​អនុសញ្ញា​ស្ដីពី​អភ័យ​ឯកសិទ្ធិ​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ។

អ្នកស្រី​បញ្ជាក់​ថា ចំណាត់​ការ​របស់​តុលាការ​ក្នុង​ករណី​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មន្ត្រី គ..ប នោះ គឺ​ជា​ការ​ធ្វើ​តេស្ដ​ដ៏​សំខាន់​មួយ​ទៅ​លើ​ឯករាជ​ភាព និង​សុចរិត​ភាព​របស់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។

អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នឹង​បន្ត​តាម​ដាន​សំណុំ​រឿង​ទាំង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​សង្ឃឹម​ថា ដំណើរ​ការ​កាត់​ក្ដី នឹង​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌​ពេញលេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។