ផលិតកម្ម​ស្រូវ​របស់​អាស៊ី​ធ្លាក់ចុះ គំរាម​ដល់​សុវត្ថិភាព​ស្បៀងអាហារ

​ទិន្នផល​ស្រូវ​ពិភពលោក​រំពឹងថា​នឹង​ធ្លាក់ចុះ​ជា​លើកដំបូង​ក្នុងឆ្នាំនេះ ចាប់តាំងពី​ឆ្នាំ​២០១០ មក ខណៈ​តំបន់​ផលិត​ស្រូវ​របស់​អាស៊ី​កំ​ពុ​ប្រឈម​នឹង​បាតុភូត El Nino ដែល​នឹង​នាំ​ដល់​ការធ្លាក់ចុះ​បរិមាណ​ស្រូវ​។ ហើយ​វា​នឹង​គំរាម​យ៉ាងខ្លាំង​ដល់​សុវត្ថិភាព​ស្បៀង​។

​ជាង​មួយ​ទសវត្សរ៍​ក្រោយ​ការកើនឡើង​នៃ​តម្លៃ​ស្បៀងអាហារ​ពិភពលោក នៅពេលនេះ​សុវត្ថិភាព​ស្បៀងអាហារ​កំពុងតែ​រង​ការ​គំរាម ស្រប​ពេលដែល​ប្រទេស​ផលិត​ស្រូវ​ធំៗ​របស់​អាស៊ី ប្រឈមមុខ​នឹង​ការ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​។ បាតុភូត El Nino ដែល​កំពុង​វាយប្រហារ​តំបន់​ផលិត​ស្រូវ​ភាគច្រើន​របស់​អាស៊ី បាន​គំរាមកំហែង​ទិន្នផល​ស្រូវ និង​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​កើនឡើង​ខ្លាំង​។

​រលក​កម្ដៅ​កំពុងតែ​វាយប្រហារ​ឥណ្ឌា ដែលជា​អ្នក​នាំចេញ​ស្រូវ​ធំជាងគេ ខណៈដែល​គ្រោះរាំងស្ងួត​កំពុងតែ​ប៉ះពាល់​យ៉ាងខ្លាំង​លើ​ថៃ ដែល​ប្រទេស​នាំចេញ​ស្រូវ​ធំជាងគេ​លំដាប់​ពីរ​។ សូម្បី​វៀតណាម​ដែលជា​ប្រទេស​នាំចេញ​ស្រូវ​ធំ​លំដាប់​ទី​បី ក៏​កំពុង​ប្រឈមមុខ​នឹង​កង្វះ​ទឹក​ផងដែរ ដ្បិត​ដីសណ្ដ​ទន្លេមេគង្គ​ជិត​អស់​ទឹក​ទៅហើយ​ដែរ​។ ប្រទេស​ទាំងបី​នេះ​នាំចេញ​ស្រូវ​ចំនួន​៦០​ភាគរយ​នៃ​ពាណិជ្ជកម្ម​ស្រូវ​ទាំងអស់​ជាមួយនឹង​ចំនួន​ប្រហែលជា​៤៣​លាន​តោន​។​

​សេដ្ឋកិច្ចវិទូ​ប្រចាំ​ក្រុមប្រឹក្សា​ធញ្ញជាតិ​អន្តជាតិ (IGC) លោក James Fell និយាយថា ឥឡូវនេះ​យើង​មិនទាន់​ឃើញ​បម្រែបម្រួល​តម្លៃ​ស្រូវ ដោយសារ​ធាតុអាកាស​ក្ដៅ​និង​ស្ងូ​ត​នោះទេ ព្រោះស្រូវ​ក្នុង​ឃ្លាំង​ស្តុក​របស់​ឥណ្ឌា និង​ថៃ មាន​បរិមាណ​ច្រើន​នៅឡើយ​។ ប៉ុន្តែ​លោក Fell ព្រមាន​ថា វា​នឹង​មិនមែន​បន្ត​រហូត​នោះទេ​។    

​ការ​ស្តុក​ទុក​ស្រូវ​របស់​ប្រទេស​នាំចេញ​ស្រូវ​ធំជាងគេ​ទាំងបី នឹង​ធ្លាក់ចុះ​នៅ​ចុងឆ្នាំ​២០១៦​នេះ មក​នៅត្រឹម​១៩​លាន​តោន ដែល​វា​ជាការ​ធ្លាក់ចុះ​ធំ​បំផុត​។ នេះ​បើ​យោងតាម​ការ​គណនា​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​Reuter ដែល​ប្រើ​ទិន្នន័យ​របស់​ក្រសួងកសិកម្ម​អាមេរិក​។​

​បើតាម IGC ទិន្នផល​ស្រូវ​ប្រចាំឆ្នាំ​២០១៦ មាន​៤៧៣​លាន​តោន ខណៈ​ឆ្នាំ​២០១៥​ប្រមូលបាន​៤៧៩​លាន​តោន​។ នៅ​ប្រទេស​ថៃ ការប្រមូល​ទិន្នផល​ចុងក្រោយ​នៅ​ឆ្នាំនេះ គឺ​បាន​ត្រឹម​ពាក់កណ្ដាល​នៃ​ផលិតកម្ម​ស្រូវ​នា​បណ្ដា​ឆ្នាំកន្លងមក ហើយ​ក្រសួងកសិកម្ម​អាមេរិក​ប៉ាន់​ស្មានថា នឹងមាន​ការធ្លាក់ចុះ​ប្រមាណ​១​ភាគ​៥ គឺ​១៥.៨​លាន​តោន ក្នុង​ឆ្នាំ​២០១៦​។ នេះ​ក៏​ដោយសារ​រដ្ឋាភិបាល​ថៃ​ប្រាប់​កសិករ​មិនគួរ​ដាំ​ស្រូវ​ទេ ព្រោះ​មានទឹក​តិចតួច​ប៉ុណ្ណោះ​នៅតាម​កន្លែង​រក្សាទុក បន្ទាប់ពី​ជួប​គ្រោះរាំងស្ងួត​ពីរ​ឆ្នាំ​មកនេះ​។

​ចំណែក​រដ្ឋាភិបាល​វៀត​ណា​ម​និយាយថា ទិន្នផល​ស្រូវ​ធ្លាក់ចុះ​ចំនួន​១.៥​ភាគរយ គឺ​មក​ត្រឹមតែ​៤៤.៥​លាន​តោន ស្រប​ពេលដែល​ការនាំចេញ​មាន​ចំនួន​៨.៧​លាន​តោន​។ ជាមួយគ្នានេះ ផ្ទៃដី​ស្រែ​ចំនួន​ជិត​២៥​ម៉ឺន​ហិច​តា ត្រូវបាន​បំផ្លាញ​ដោយ​គ្រោះ​រាំង​ស្ងូ​ត និង​ទឹកប្រៃ ដែល​ភាគច្រើន​នៅ​តំបន់​កណ្ដាល និង​តំបន់​ដីសណ្ដ​ទន្លេមេគង្គ​។​

​ជាមួយនឹង​បញ្ហា​នេះ ប្រទេស​នាំចូល​ស្រូវ​អង្ករ​នៅ​អាស៊ី​កំពុង​សម្លឹង​ឃើញ​ការបង្កើន​ការ​នាំចូល​របស់ខ្លួន​។ ឥណ្ឌូណេស៊ី នឹង​បង្កើន​ការនាំ​ចូល​ឲ្យ​ច្រើនជាង​៦០​ភាគរយ ដោយ​នាំចូល​ពីរលាន​តោន លើស​ឆ្នាំមុនៗ​។ ទន្ទឹមនឹងនេះ ចិន​ដែលជា​ប្រទេស​នាំចូល​ស្រូវ​ធំជាងគេ ក៏​រំពឹងថា នឹង​បង្កើន​ការ​នាំចូល​ផងដែរ ខណៈ​ប្រទេស​នេះ​នាំចូល​ប្រចាំឆ្នាំ​ក្នុង​បរិមាណ​ប្រាំ​លាន​តោន​ទៅហើយ​៕