សង្គម​ស៊ីវិល​ថ្កោលទោស​ការចោទ​ប្រកាន់​លើ​អ្នក​ការពា​រសិទ្ធិមនុស្ស​ក្នុងសំណុំរឿង​ស្រីមុំ

អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៥៩ នា​យប់​ថ្ងៃចន្ទ ទី​២ ខែឧសភា បាន​ចេញ​ថ្លែងការណ៍​ថ្កោល​ទោស​ បន្ទាប់ពី​សាលាដំបូង​រាជ​ធានីភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់បុគ្គលិក​៤នាក់​របស់​សមាគម​អាដហុក ពី​បទ​សូក​ប៉ាន់​សាក្សី ហើយ​ចោទ​ប្រកាន់​លោក នី ចរិយា អគ្គ​លេខាធិការ​រងគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​លោក សួន សាលី បុគ្គ​លិក​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិទទួល​បន្ទុក​សិទ្ធិមនុស្សនៅ​កម្ពុជា ពី​បទផ្សំគំនិត​សូក​ប៉ាន់សាក្សី ពាក់ព័ន្ធ​នឹង​លិខិត​ចំហររបស់​នារី​ឈ្មោះ ខុម ច័ន្ទ​ដារាទី ហៅ​ស្រីមុំ ។ នៅ​ថ្ងៃដដែល បុគ្គលិកអាដហុក​ទាំង​៤រូប ត្រូវបានបញ្ជូន​ទៅឃុំនៅ​មន្ទីរម១ និងម២ ខណៈ​លោក នី ចរិយា ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅពន្ធនាគារ​ PJ។

នៅ​ក្នុង​សេចក្តី​ថ្លែងការ​ណ៍​៤ទំព័រ សង្គម​ស៊ី​វិល​ សហព័ន្ធ​ សហជីព អង្គការ សមាគម ទាំង​៥៩​ បាន​ចាត់ទុក​ការ​ចោទ​ប្រកាន់របស់​តុលាការរាជ​ធានីភ្នំពេញ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ មនុស្ស​ ថា ជាភាព​តាន​តឹង​ចុងក្រោយពាក់ព័ន្ធ​នឹងការគាប​សង្កត់​របស់​អាជ្ញាធររដ្ឋ​ទៅ​លើ​សង្គម​ស៊ីវិល ហើយ​ជាការ​តបតរបស់អាជ្ញាធរ​រដ្ឋ​ទៅ​លើ​ការគាំទ្រ​ក្នុង​សំណុំ​រឿង​រសើប​របស់​អ្នក​ធ្វើការ​ងារក្នុង​វិស័យ​សិទ្ធិមនុស្ស។ ប្រសិន​បើមាន​ការផ្តន្ទាទោស អ្នក​ទាំងនោះ អាច​ប្រឈម​ជាប់ពន្ធនាគារពី​៥ទៅ​១០​ឆ្នាំ។

នៅមុន​ការ​ចេញ​លិខិតចំហរ​របស់​ស្រីមុំ អង្គការអាដហុក បាន​អះអាង​ថា ខ្លួន​បាន​ឆ្លើយ​តប​នឹងសំណើ​រសុំ​ជំនួយផ្នែក​ច្បាប់ និង​ផ្នែក​សម្ភារៈ​ ពី​ស្រីមុំ ហើយដូច្នេះ​ហើយ​ទើប​អាដហុក បាន​ផ្តល់​ថវិការ​ដល់​ស្រីមុំ​២០៤​ដុល្លារអាមេរិកសម្រាប់​ការ​ចាយ​វាយ​ថ្លៃ​អាហារ និង​ថ្លៃធ្វើ​ដំណើរ ដូច​ជា​ការ​ទៅ​ចូល​រួម​ឆ្លើយសំណួរ​របស់​តុលាការ​ជាដើម។

បើទោះបី​ជាមិន​ទាន់​មាន​ការ​ចាប់​ខ្លួន​លោក សួន សាលី ក៏ដោយ ក៏​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​គោលដៅលើ​បុគ្គលិកអង្គការ​សហ​ប្រជាជាតិ​រូបនេះ ដោយ​អង្គភាព​ប្រឆាំងអំពើពុករលួយ (ACU) និង​តុលាការ គឺ​ជាការ​មិន​គោរពដល់​អភ័យ​ឯក​សិទ្ធិការទូត​ក្នុងឋានៈជាបុគ្គលិកនៃអង្គការ​សហ​ប្រជាជាតិ។

ក្រៅពី​រិះគន់សកម្ម​ភាព​របស់អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ សង្គម​ស៊ីវិល សង្កេតឃើញថា ការចូលរួមរបស់​មន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​របស់ក្រសួងម​ហាផ្ទៃ​ជាមួយ ACU ក្នុងករណីនេះ បង្ហាញពី​ការ​រិត​ត្បិត​សកម្ម​ភាព​របស់សង្គម​ស៊ីវិល។

អ្នក​ស្រី ណាលី ពីឡូក នាយិកា​អង្គកា​រលីកាដូ បាន​មាន​ប្រសាសន៍ថា៖ «ជាការ​បចោទប្រកាន់មិនសមរម្យ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់ទៅ​លើ​មនុស្ស​ដែល​ធ្វើ​ការងារ​មនុស្ស​ធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា […] ហើយ​អាច​បង្ហាញ​ថា គោល​បំណង​របស់​អាជ្ញាធរ​គឺ​ដើម្បី​ចង់គ្រប់គ្រង​ទាំង​ស្រុង​លើ​អ្នក​រិះគន់»។

សង្គម​ស៊ីវិល បាន​សំណូមពរ​ឲ្យមាន​ការ​ដោះ​លែងបុគ្គលិក​អាដហុកលោក នី សុខា លោក ណៃ វង់ដា លោក​ យី សុខសាន្ត អ្នកស្រី លឹម មុន្នី និង​លោកអតីតបុគ្គលិកអាដហុក លោក នី ចរិយា ជាបណ្តោះអាសន្ន ហើយ​អំពាវនាវ​ដល់​ចៅក្រម​ស៊ើបសួរឲ្យ​អនុវត្ត​ការងារ​ប្រកប​ដោយ​ឯករាជ្យភាព៕