Facebook ចំណាយ​រាប់លាន​ដុល្លារ​ដើម្បី​ការពារ​សុវត្ថិភាព​លោក Mark Zuckerberg

    ​បទ​ប្បញ្ញត្តិ​ដែល​ទើប​បញ្ចេញ​ថ្មីៗ​នេះ​ដោយ​ក្រុមហ៊ុន Facebook បាន​លាតត្រដាង​ថា ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក Mark Zuckerberg​។ Facebook បាន​ចំណាយ​ខ្ពស់​បែបនេះ​គឺ​ដោយសារតែ​ការបង្ហាញ​មុខជា​សាធារណៈ​បើកដៃ​ខ្លាំងពេក​របស់លោក Zuckerberg​។ 

​    ​លោក​អ្នកនឹង​ភ្ញាក់ផ្អើល​ចំពោះ​ទឹកប្រាក់​ដ៏​សម្បើម​ដែល Facebook បាន​ចំណាយ​ដើម្បី​រក្សា​សុវត្ថិភាព​លោក Zuckerberg​។ ចំនួន​ទឹកប្រាក់​ការពារ​សុវត្ថិភាព​នេះ​ត្រូវបាន​បញ្ចេញ​ក្នុង​បទ​ប​ញ្ញ​តិ្ត​ក្រុមហ៊ុន​ដែល​បញ្ចេញ​កាលពី​ថ្ងៃទី ២៧ ខែមេសា​។ 

​    ​នៅក្នុង​ឯកសារ Facebook បាន​ប្រាប់​ពិភពលោក​ថា​តើ​ក្រុមហ៊ុន​នេះ​បាន​ចំណាយ​ទឹកប្រាក់​ប៉ុន្មាន​លើ​សន្តិសុខ​ផ្ទាល់ខ្លួន​របស់លោក Mark Zuckerberg ពេល​គាត់​ធ្វើដំណើរ និង​ស្ថិតនៅ​ក្នុងផ្ទះ​។ 

​    ​គិតពី​ឆ្នាំ ២០១៣ មកដល់ ២០១៥ Facebook បាន​ចំណាយ​ជាង ១២ លាន​ដុល្លារ​សម្រាប់​ជាការ​ចំណាយ​សន្តិសុខរ​ប​ស់លោក Mark Zuckerberg​។ ប្រាក់​ទាំងនេះ​ត្រូវបាន​ចំណាយ​ទៅលើ​ថ្លៃ​អង្គរក្ស​ផ្ទាល់ខ្លួន និង​លទ្ធកម្ម ការដំឡើង និង​ថែទាំ​ឧបករណ៍​សុវត្ថិភាព​នៅផ្ទះ​របស់លោក​។ 

​    ​គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៥ Facebook បាន​ចំណាយ ៤,៣ លាន​ដុល្លារ​សម្រាប់​សេវា​សន្តិសុខ​ផ្ទាល់​ដើម្បី​ការពារ​សុវត្ថិភាព​។ គាត់​ក៏បាន​ចំណាយ​ជាង ៧៧៥.០០០ ដុល្លារ​លើ​ការប្រើប្រាស់​យន្តហោះ​ឯកជន​ផ្ទាល់ខ្លួន​ផងដែរ​។ 

​    ​កាលពីដើម​ឆ្នាំនេះ ម្ចាស់ Twitter លោក Jack Dorsey បាន​បង្ហើប​ប្រាប់ថា គាត់​ចំណាយ​តែ ៦៨.៥០០ ដុល្លារ​ប៉ុណ្ណោះ​លើ​សេវា​សន្តិសុខ​ក្នុង​ឆ្នាំ ២០១៥៕