ក្រុមហ៊ុន​ថៃ​គ្រោង​បោះ​ទុន​រហូត​ដល់​១១​ពាន់​លាន​ដុល្លារ​បង្កើត​ប្រព័ន្ធ​ស្រោចស្រព​នៅ​កម្ពុជា

ក្រុមហ៊ុន​ថៃ​គ្រោង​បោះ​ទុន​រហូត​ដល់​១១​ពាន់​លាន​ដុល្លារ​បង្កើត​ប្រព័ន្ធ​ស្រោចស្រព​នៅ​កម្ពុជា



ភ្នំពេញ ​៖​ ក្រុមហ៊ុន​CMLV Holding Co, Ltd ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ ​គ្រោង​បោះ​ទុន​ចំនួន​១១​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​ប្រព័ន្ធ​ស្រោចស្រព​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ដែល​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការពង្រីក​សក្ដានុពល​វិស័យ​កសិកម្ម​កម្ពុជា។
ក្រុមហ៊ុន​ខាងលើ​បានសម្រេច​សហការ​ចាប់​ដៃគូ ជាមួយ​សហគមន៍​ចម្រាញ់​កសិផល​ជឿនលឿន​កម្ពុជា តាមរយៈ​ការ​បោះ​ទុន​វិនិយោគ​រហូត​ដល់​១១​ពាន់​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​និង​សហគមន៍​នេះ ​បាន​ចុះ អនុស្សរណៈ​សហប្រតិបត្តិ​ការ​គ្នា​កាលពី​សប្តាហ៍​មុន​នេះ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន CMLV Holding Co, Ltd​ និង​សហគមន៍​ចម្រាញ់​កសិផល​ជឿនលឿន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ នឹង​ធ្វើការ​បង្កប់​ទុយោ​ក្រោម​ដី​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា ដោយ​យក​ប្រភពទឹក​ពី​ទន្លេមេគង្គ និង​ទន្លេសាប ដើម្បី​ស្រោចស្រព​ដំណាំ​កសិកម្ម​ទូទាំងប្រទេស​កម្ពុជា​។ គម្រោង​នេះ​បានចាប់ផ្តើម​ហើយ ដោយ​ចាប់ផ្តើម​ពី​ខេត្តបន្ទាយមានជ័យ ដែល​គ្រោង​ប្រើ​រយៈពេល​៥​ឆ្នាំ ដើម្បី​ពង្រីក​វិសាលភាព​ទូទាំងប្រទេស។ “​អ្វីដែល​ពិសេស​នៃ​គម្រោង​ស្រោចស្រព​ទឹក សម្រាប់​វិស័យ​កសិកម្ម​នា​ពេល​នេះ គឺ​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ព្រះអាទិត្យ ជា​អ្វី​ដែល​រដ្ឋាភិបាល​ចង់​បាន​ពីព្រោះ​ការប្រើប្រាស់​ថាមពល​ព្រះអាទិត្យ​ជា​ការ​ជួយ​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន​”​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ឲ្យ​ដឹង។
លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ​ដែល​បាន​និង​កំពុង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​វិស័យ​កសិកម្ម​បាន​ថ្លែង​ថា លោក​ធ្លាប់​បាន​ឮ​ពី​ព័ត៌មាន​នេះ ប៉ុន្តែ​វា​ជា​ព័ត៌មាន​មួយ​ពិបាក​ក្នុង​ការជឿ ដោយសារ​ការបោះ​ទុន​នេះ​មាន​ទំហំ​ធំ​ពេក គួរ​ឲ្យ​សង្ស័យ។ ប៉ុន្តែ​ប្រសិនជា​គម្រោង​នេះ ជា​គម្រោង​ពិតប្រាកដ នេះ​គឺជា​គម្រោង​ល្អ​ហើយ ព្រោះ​កម្ពុជា​ត្រូវការ​ទឹក និង ថាមពល។ លោក​បន្ត​ថា ប្រសិនបើ​ការងារ​នេះ​ធ្វើតាម​ផែនការ​ជាការ​ល្អ ព្រោះ​ជាការ​ផ្តល់​អំណោយផល​ដល់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ​ទូទាំងប្រទេស ប៉ុន្តែ​សំណួរ​ត្រង់​ថា តើ​គម្រោង​នេះ​នឹង​សហការ​ជាមួយ​ប្រជាពលរដ្ឋ​យ៉ាងដូចម្តេច ? ហើយ​ប្រជាពលរដ្ឋ​ត្រូវ​បង់ប្រាក់​បែបណា ដើម្បី​ទទួលបាន​ប្រព័ន្ធ​ស្រោចស្រព​បែបនេះ៕