មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ក្រុមហ៊ុន​ចូល​ទៅ​អភិវឌ្ឍន៍​ទីក្រុង​នៃ​ខេត្ត​ត្បូងឃ្មុំ​នៅឡើយ​ទេ

មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ក្រុមហ៊ុន​ចូល​ទៅ​អភិវឌ្ឍន៍​ទីក្រុង​នៃ​ខេត្ត​ត្បូងឃ្មុំ​នៅឡើយ​ទេ



ភ្នំពេញ ​៖​ មន្ត្រី​ជាន់ខ្ពស់​ខេត្ត​ត្បូងឃ្មុំ​បាន​និយាយ​ថា រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ មានបំណង​ចូល​ទៅ​អភិវឌ្ឍន៍​នៅ​ទីក្រុង​ត្បូងឃ្មុំ នៃ​ខេត្ត​ត្បូងឃ្មុំ​នៅឡើយ​ទេ។

លោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃ​ទី​២ ខែ​ឧសភា​នេះ​ថា រហូតមកទល់​ពេលនេះ មិនទាន់មាន​ក្រុមហ៊ុន​ណាមួយ​បានសម្រេច​ធ្វើការ​វិនិយោគ នៅ​ក្នុង​ទីក្រុង​ថ្មី​នេះ​នៅឡើយ​ទេ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​នេះ មិនទាន់មាន​ការ​អភិវឌ្ឍ​​​រួច​នៅឡើយ។ លោក​បន្ត​ថា ពេលនេះ​អាគារ​រដ្ឋបាល​សាលាខេត្ត និង​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត​ស្ថាបនា​បាន​ប្រមាណ​៨០​ភាគរយ​ហើយ និង​គ្រោង​បញ្ចប់ ហើយ​អាច​ចូល​ធ្វើ​ការ​បាន​នៅ​ត្រីមាស​ទី​១​ឆ្នាំ ២០១៧ ខាងមុខនេះ។
ចំណែក​ការស្ថាបនា​អាង​ស្តុក​ទឹក សម្រាប់​ប្រើប្រាស់​ក្នុង​ទីក្រុង​នេះ​សម្រេចបាន​៨០​ភាគរយ​ហើយ រីឯ​ការសាងសង់​ផ្លូវ​មេ​នៅ​ក្នុង​ខេត្ត គ្រោង​បញ្ចប់​គ្រឹះ​នៅមុន​រដូវវស្សា​ចូល​មក​ដល់​នា​ពេល​ខាងមុខនេះ។ ចំពោះ​ប្រព័ន្ធ​ទឹកស្អាត ក៏​គ្រោង​នឹង​ចាប់ផ្ដើម​រៀបចំ​នៅ​ឆ្នាំ​២០១៧​ ឬ​ឆ្នាំ​២០១៨​ខាងមុខ​ផង​ដែរ។ លោក​បន្ត​ថា រហូត​មក​ទល់​ពេលនេះ មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់នៅ​ក្នុង​ទីក្រុង​នេះ​នៅឡើយ​ផង​ដែរ ដោយសារ​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​គ្រប់គ្រាន់។

ទាក់ទង​តម្លៃ​ដីធ្លី​វិញ អភិបាលខេត្ត​រូប​នេះ​បាន​ថ្លែង​ថា ដោយសារ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​អ្វី​នៅឡើយ តម្លៃ​ដី​នៅ​ក្នុង​ទីក្រុង​នេះ​នៅ​មាន​តម្លៃ​សមរម្យ​នៅឡើយ​ទេ ដូច្នេះ​អ្នក​វិនិយោគ​នានា​អាច​ចូល​មក​វិនិយោគ និង​អាច​ទទួល​បាន​ផល​ចំណេញ។

លោក ប៉ូ អ៊ា​វ​គង់ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អេ​ស៊ា​រៀល​អេ​ស្ទេ​ត​បាន​យល់ស្រប​នឹង​ការ​លើកឡើង​ខាងលើ ដោយ​លោក​ថ្លែង​ថា និន្នាការ​តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ ហាក់បីដូច​ជាមាន​សុទិដ្ឋិនិយម​នៅឡើយ ដែល​អាច​ឲ្យ​អ្នកវិនិយោគ ធ្វើការ​វិនិយោគ​ជា​បុរី​លំនៅដ្ឋាន​បាន ប៉ុន្តែ​ការវិនិយោគ​បែបនេះ​ហាក់បីដូចជា​មិនទាន់​ដល់ពេល​នៅឡើយ ដោយសារ​កម្រិត​តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ​នៅ​មាន​តែ​តាម​ផ្លូវជាតិ និង​ក្រុង​សួង​ដែល​នៅ​ក្បែរនោះ តែ​ការចូលទៅ​រស់នៅ​ទីក្រុង​ថ្មី​នេះ​វា​ត្រូវការ​រយៈពេល​យូរ​តទៅទៀត។

អ្នករៀបចំ​ឌី​សាញ​ប្លង់ និង​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​ត្បូងឃ្មុំ លោក​បណ្ឌិត​បេង​ហុង សុជាតិ​ខេ​ម​រ៉ូ ធ្លាប់​បាន​ថ្លែង​ថា ទីក្រុង​នេះ​ជាទី​ក្រុង​គំរូ​មួយ​របស់​កម្ពុជា ដែលមាន​ការបែងចែក​ហេដ្ឋារចនាសម្ព័ន្ធ និង​តំបន់​សេដ្ឋកិច្ច តំបន់​រដ្ឋបាល និង​តំបន់​សាធារណៈ​របស់​ទីក្រុង​ថ្មី​នេះ​ដាច់ដោយឡែក​ពីគ្នា ពិសេស​ទីក្រុង​នេះ​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ដី​យ៉ាង​ល្អ ដោយមាន​ការបែងចែក​រវាង​លូ​បង្ហូរ​ទឹក​ស្អុយ និង​លូ​បង្ហូរ​ទឹក​ភ្លៀង​ដាច់ដោយឡែក​ពីគ្នា។

លោក​បន្តថា លោក​រំពឹងថា​​នឹង​មាន​ប្រជាជន​ចូល​ទៅ​រស់នៅ​ទីក្រុង​នេះ ប្រមាណ ១០ ម៉ឺន​នាក់​នៅក្នុង​រយៈពេល ១០ ឆ្នាំ​ខាងមុខ ហើយ​កម្រិត​នៃ​ការអភិវឌ្ឍន៍​តំបន់​នេះ នឹង​អាច​ភ្ជាប់​គ្នា​ជាមួយ​ទីក្រុង​សួង​នា​ពេល​អនាគត។ លោក​បន្តថា ទស្សនទាន​ខេត្ត​ថ្មី​នេះ នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​កសិ​-​ឧស្សាហកម្ម ព្រោះ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ជុំវិញ​នេះ​ជា​មជ្ឈមណ្ឌល​ផលិតភាព​វិស័យ​កសិកម្ម ៕