បើក​វគ្គ​បណ្ដុះបណ្ដាល​នីតិវិធី​អនុវត្ត​ថវិកា

បើក​វគ្គ​បណ្ដុះបណ្ដាល​នីតិវិធី​អនុវត្ត​ថវិកា



សៀមរាប​ ៖ ​នៅ​សណ្ឋាគារ​អ៊ី​ម​ផ្រេ​ស​អង្គរ​ខេត្តសៀមរាប ​នា​ព្រឹក​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​នីតិវិធី​អនុវត្ត​ថវិកា​កម្មវិធី​សម្រាប់​អង្គភាព​ថវិកា ក្រោម​អធិបតីភាព​របស់​លោក​បណ្ឌិត ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត។
វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍ នៃ​ការងារ​ថវិកា​កម្មវិធី និង លើកកម្ពស់​ការយល់ដឹង​របស់​រជ្ជទេយ្យ​ករ រជ្ជទេយ្យ​ករ​រង និង មន្ត្រី​ទទួលបន្ទុក​ហិរញ្ញវត្ថុ នៃ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ និង ខេត្តព្រះវិហារ សម្រាប់​ចូលរួម​អនុវត្ត​ការកែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ ក្នុងដំណាក់កាល​ទី​៣ សំខាន់​សម្រាប់​ការអនុវត្ត​សាកល្បង​ថវិកា​កម្មវិធី​ពេញលេញ នៅក្នុង​ឆ្នាំ​២០១៦ ឲ្យ​សម្រេច​បាន​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ភាព​គ្រប់​ជ្រុងជ្រោយ និង ប្រកបដោយ​សីលធម៌​វិជ្ជាជីវៈ។
ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក​បណ្ឌិត​ឃឹម ប៊ុន​សុង ក៏បាន​លើក​ឡើង​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ ក្នុង​គោល បំណង ដើម្បី​បង្កើន​គណនេយ្យភាព ហិរញ្ញវត្ថុ ប្រសិទ្ធភាព និង ភាព​ស័ក្ដិសិទ្ធិ ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ​សាធារណៈ​ ដែល​នឹង​ធ្វើ​ឲ្យ​រជ្ជទេយ្យករ​ចំណូល ​រជ្ជទេយ្យ​ករ​បុរេប្រទាន និង មន្ត្រី​ទទួលបន្ទុក​ហិរញ្ញវត្ថុ​នៃ​មន្ទីរ អង្គភាព មកពី​បណ្តា​ខេត្ត​ទាំងបី ឲ្យ​កាន់​តែមាន​សមត្ថភាព និង យល់ច្បាស់ មានការ​ទទួលខុសត្រូវ​ខ្ពស់​លើ​ការ​ប្រ​ប្រាស់ និង គ្រប់គ្រង​ធនធាន​សាធារណៈ។ លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​លើក​ផងដែរ​ក្នុងការ​កែទម្រង់​រដ្ឋ​លើ​​ការ​កំណែទម្រង់​ហិរញ្ញវត្ថុ គឺជា​យន្ត​ការដែល​កំពុង​អនុវត្ត​នៅ​គ្រប់​ថ្នាក់រដ្ឋបាល សំខាន់​ថ្នាក់ក្រោម​ជាតិ សំដៅ​ពង្រឹង ប្រសិទ្ធភាព នៃ​ការប្រើប្រាស់​ថវិកា​ឲ្យ​ចំ​គោលដៅ បំពេញតម្រូវការ​មូលដ្ឋាន និង សំដៅ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ សង្គម​សេដ្ឋកិច្ចជាតិ។
មានប្រសាសន៍​បើក​វគ្គ​បណ្តុះបណ្តាល​នោះ ក្នុងនាម​តំណាង​លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ លោក​បណ្ឌិត​ហ៊ាន​សា​ហ៊ី​ប​គូស​បញ្ជាក់​ថា ក្រសួង​តែង​ផ្តល់​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ លើ​ការ​បណ្តុះបណ្តាល និង​កសាង​សមត្ថភាព​មន្ត្រីរាជការ ដែល​ជា​កត្តា​គន្លឹះ ដើម្បី​សម្រេច​ក្នុង​ការ​អនុវត្ត ​ការកែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល។ លោក​បណ្ឌិត​ បន្ត​ទៀត​ថា នៅ​ឆ្នាំ​២០១៥​ កន្លងមក ក្នុង​គោលដៅ​ពង្រឹង​ប្រសិទ្ធភាព ​នៃ​ការអនុវត្ត​ថវិកា​កម្មវិធី និង​អង្គភាព​ថវិកា មាន​វគ្គ​បណ្ដុះបណ្ដាល​ជាច្រើន​បន្តបន្ទាប់​ដែល​ពាក់ព័ន្ធ​នឹង​វិធីសាស្ត្រ​នីតិវិធី ​គោលការណ៍​ណែនាំ​សម្រាប់​អនុវត្ត​ថវិកា​កម្មវិធី ជូន​ដល់​មន្ត្រី រាជការ​ជំនាញ ថ្នាក់ដឹកនាំ​របស់​អង្គភាព​ថវិកា នៃ​ក្រសួង ស្ថាប័ន និង​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ។ លោក​បណ្ឌិត ហ៊ាន សា​ហ៊ី​ប ក៏បាន​គូស​បញ្ជាក់​ថា នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦​នេះ មាន​ធ្វើ​វគ្គ​បណ្ដុះបណ្ដាល​ បាន​ចំនួន​៧​វគ្គ ដែល​បាន​សហការ​រៀបចំ​ដោយ​វិទ្យាស្ថាន​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ នៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជូន​ដល់​មន្ត្រីរាជការ ថ្នាក់ដឹកនាំ​ជំនា​ញ ដែល​ត្រូវ​ចូលរួម​អនុវត្ត​សាកល្បង​ថវិកា​កម្មវិធី ពេញលេញ​នៅ​ឆ្នាំ​២០១៦ មាន​សិក្ខាកាម​ចូលរួម​សរុប ៨៣៨​នាក់។ លោក​បណ្ឌិត​បាន​បន្តទៀតថា គោលដៅ ចម្បង​នៃ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺ​ដើម្បី​ផ្លាស់ប្តូរ​ជា​បណ្តើរៗ ពី​ប្រព័ន្ធ​គ្រប់គ្រង​ថវិកា​ផ្អែកលើ ធាតុ​ចូល និង​មជ្ឈការ ឆ្ពោះទៅ​ប្រព័ន្ធ​ថវិកា​ផ្អែកលើ​សមិទ្ធកម្ម និង​វិមជ្ឈការ ព្រមទាំង​ធ្វើ​ឲ្យ​ថវិកា​ក្លាយទៅជា ឧបករណ៍​គោលនយោបាយ ដ៏​ពិតប្រាកដ ក្នុងការ​វិភាជន៍ និង ប្រើប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព និង ភាព ស័ក្ដិសិទ្ធិ ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវការ សំណូមពរ និង បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ។ លោក​បណ្ឌិត ហ៊ាន សា​ហ៊ី​ប​ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ឲ្យ​ខិតខំ​យកចិត្តទុកដាក់ ត្រងត្រាប់​ស្តាប់​នូវ​គ្រប់​គ្រូ​ឧទ្ទេសនាម និង វាគ្មិន​ទាំងអស់ នៃ​វគ្គ​បណ្ដុះបណ្ដាល ព្រមទាំង​ចូលរួម​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ គំនិត​យោបល់ បទពិសោធន៍ ឲ្យ​បាន​ផុលផុស និង ស្វែងយល់ ចាប់​យក​ចំណុច​គន្លឹះ​ល្អៗ​ដើម្បី​ជា​ទុន​សម្រាប់​យក​ទៅ​អនុវត្ត​នៅ​តាម​មន្ទីរ​អង្គភាព នៅ​តាម​បណ្តា​ខេត្ត​របស់​ខ្លួន​ឲ្យ​បាន​ជោគជ័យ៕
បើក​វគ្គ​បណ្ដុះបណ្ដាល​នីតិវិធី​អនុវត្ត​ថវិកា
បើក​វគ្គ​បណ្ដុះបណ្ដាល​នីតិវិធី​អនុវត្ត​ថវិកា

បើក​វគ្គ​បណ្ដុះបណ្ដាល​នីតិវិធី​អនុវត្ត​ថវិកា