ដើរ​​លក់​នំ​មួយ​ធុង​​ មួយ​ថ្ងៃ​សល់​តែ​ ១​ ម៉ឺន​រៀល ត្រូវ​ចិញ្ចឹម​កូន​និង​​​ប្រពន្ធ​​​មួយ​​​​​គ្រួសារ​​

ម៉ោង ៤ ទាប​ភ្លឺ ជា​ពេល​វេលា​ដែល​គ្រប់​គ្នា​កំពុង​​លង់​លក់​​​​យ៉ាង​​ស្កប់​ស្កល់ ប៉ុន្តែ​បុរស​វ័យ​ជ្រេ​​ម្នាក់​បែរ​ជា​ត្រូវ​​ក្រោក​មក​ទទួល​នំ​ពី​គេ ដើម្បី​យក​ទៅ​លក់​បន្ត​ជាមួយ​កង់​​រខេករខាក​មួយ​ ​ដោយ​ប្ដូរ​មក​វិញ​ត្រឹម​កម្រៃ​ប្រមាណ ១​ម៉ឺន ទៅ ២​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ គ្រាន់​ទុក​​​ទៅ​ចិញ្ចឹម​កូន​​និង​ប្រពន្ធ​​ដែល​នៅ​ក្នុង​បន្ទុក​​។

 

ដើរ​​លក់​នំ​មួយ​ធុង​​ មួយ​ថ្ងៃ​សល់​តែ​ ១​ ម៉ឺន​រៀល ត្រូវ​ចិញ្ចឹម​កូន​និង​​​ប្រពន្ធ​​​មួយ​​​​​គ្រួសារ​​

 

ដៃ​ឱប​ធុង​នំ សម្លឹង​​រក​មើល​​​​​​អ្នក​ទិញ​​ ដោយ​ទឹក​មុខ​ញញឹម​បង្កប់​ទុក្ខ​ព្រួយ ​​ក្បែរ​ស្ពាន​អាកាស​៥​មករា​លោក​ សម្បត្តិ ​វ័យ​ប្រហែល​ជា​ខ្ទង់​ជាង​សាមសិប​ឆ្នាំ​​​ បាន​ប្រាប់​ឱ្យ​​ដឹង​ថា​​ នំ​មួយ​ធុង​នេះ ទទួល​ពី​គេ​​​យក​មក​លក់​តាំង​ពី​ម្ដុំ​ច្បារ​អំពៅ​ ហើយ​បន្ត​លក់​តាម​ផ្លូវ​រហូត​​ដល់បឹង​កក់(ផ្ទះ) ដោយ​សល់​​លុយ​ត្រឹម​តែ​ ១​ម៉ឺន ទៅ ២​ម៉ឺន​រៀល​ទេ ម៉្យាង​ទៀត​ ប្រសិន​បើ​​ Lexus 570 (កង់) នេះ​ខូច​វិញ​សល់​មិន​បាន ១​ម៉ឺនផង(“សើច”)។

 

លោក​ សម្បត្តិ​បាន​បន្ត​ថា​ របរ​នេះ​​​លោក​ប្រកប​ជិត​​១មួយ​ឆ្នាំ​ហើយ សល់​បានប្រពន្ធ​មួយ ​កូន​អាយុ ៥​ឆ្នាំ​មួយ និង ​Lexus 570 (កង់) នេះ​មួយ​ (“សើច”)​ ដោយ​​ជា​រឿយៗ​តែង​យក​វា​ទៅ​តាម​ខ្លួន​​ជា​និច្ច (កង់) ព្រោះ​ពេល​ព្រឹក​ព្រលឹម​បន្ទាប់​ពី​លក់​បាន​ខ្លះ យក​ឱ្យ​ប្រពន្ធ​លក់​បន្ត ហើយ​លោក​ត្រូវ​ទៅ​ធ្វើ​សំណង់​ឱ្យ​គេ​បន្ត​ទៀត​នៅ​ម្ដុំ​ទួល​គោក​ដោយ​ទទួល​បាន​កម្រៃ​ត្រឹម​តែ​រស់​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ឯ​ថ្ងៃ​ខ្លះ​មិន​ទាំង​គ្រប់​ផង ត្រូវ​បង្កើន​របរ​មួយ​ទៀត​គឺ​​​ឱ្យ​ប្រពន្ធ​ទៅ​ស៊ី​ឈ្នូល​បោក​ខោអាវ​ឱ្យ​គេ។

របរ​លក់​នំធុង​ចល័ត​តាម​ផ្លូវ​​នេះមិន​មែន​ជា​រឿង​ស្រួល​ឡើយ ​សម្រាប់​លោកព្រោះ​ពេល​ខ្លះ​​ត្រូវ​​បាន​ឡានកៀរ ឬ​ម៉ូតូ​បុក​ជា​ដើម ហើយ​អស់​ថ្លៃ​ព្យបាល​ខ្លួន​ឯង​ទៀត​​​ក៏​មាន។ លោក​សម្បត្តិ ​បាន​និយាយ​ទាំង​ទឹក​មុខ​ញញឹម​តែ​បង្កប់​​ទុក្ខ​ព្រួយ​ថា៖ «ពេល​ខ្លះ​ត្រូវ​ឡាន ឬ ម៉ូតូ​ប៉ះ​តិច​តួច​ដែរ ហើយ​គេ​មិន​បាន​ចេញ​ឱ្យ​លុយ​យើង​ទេ ផ្ទុយ​ទៅ​វិញ​ត្រូវ​គេ​ស្ដីឱ្យ​ទៀត​ថា ជិះ​កង់​មិន​ចេះ​មើល ៕

 

ចុច​អាន៖  លោក​តា​វ័យ​ ៦៨​ឆ្នាំ ផ្ញើ​ខ្លួន​នឹង​ស៊ីក្លូ​បាន​ត្រឹម​តែ​៥ពាន់រៀលក្នុង​មួយ​​ថ្ងៃ

រូបថត៖ ទូរសព្ទ​ដៃ

 

អត្ថបទ៖ រក្សា​