បែកធ្លាយ​រឿង​សម្តេចព្រះ​មហាសង្ឃរាជ​ ទេព​ វង្ស​ ចេញ​ចុ​ត​ហ្មាយ​លុប​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​

​មានរឿង​គួរ​ឲ្យ​ហួសចិត្ត​ពន់ពេក​មួយ​កើតឡើង​ ពាក់ព័ន្ធ​នឹង​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ ទេព​ វង្ស​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចេញ​ចុ​ត​ហ្មាយ​លុប​ចោល​ព្រះរាជក្រឹត្យ​ឡាយព្រះហស្តលេខា​ដោយ​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ជុំវិញ​ការ​តែងតាំង​លោក​ ចាន់​ សុផល​ អតីតមន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​ ដែល​ចូល​និវត្តន៍​ ធ្វើ​ជាទី​ប្រឹក្សា​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ និង​មិនតែប៉ុណ្ណោះ​ សម្តេចព្រះ​មហាសង្ឃរាជ​ ទេព​ វង្ស​ មានការ​ភ័ន្ត​ច្រឡំ​ទៅ​នឹង​កាលបរិច្ឆេទ​នៃ​ព្រះរាជក្រឹត្យ​ដែល​តែងតាំង​ព្រះ​អង្គ​ឯង​ជា​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ផង​ ។​

​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ចុ​ត​ហ្មាយ​លេខ​១០៦/១២​ ម​.​ស​.​រ​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ របស់​សម្តេចព្រះ​មហាសង្ឃរាជ​ ទេព​ វង្ស​ ចំនួន​២​ចំណុច​គួរ​ចាប់អារម្មណ៍​ ដូច​ខាងក្រោម​ ៖

១-​យោង​តាម​ចុ​ត​ហ្មាយ​របស់​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ព​.​ស​.២៥៥២​ គ​.​ស​.២០០៨​ ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ទ្រង់​ត្រាស់​បង្គាប់​តែងតាំង​លោក​ ចាន់​ សុផល​ ជាទី​ប្រឹក្សា​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៨/១១១១​ ចុះ​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០០៨​ ។​

​លុះ​ក្រោយមក​ ដោយ​សំអាង​ថា​ "​សកម្មភាព​របស់​ឯកឧត្តម​ ចាន់​ សុផល​ បាន​ប្រព្រឹត្ត​ការងារ​មិន​ប្រក្រតី​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណៈ​ និង​បាន​យក​អំណាច​បុណ្យស័ក្តិ​ចាស់​របស់​ខ្លួន​ដែល​បាន​ចូល​និវត្តន៍​ហើយ​ ទៅ​ដាក់​គំនាប​គាបសង្កត់​លើ​សិទ្ធិ​ជីវិត​ឯកជន​ និង​ក្រុម​គ្រួសារ​"​ សម្តេចព្រះ​មហាសង្ឃរាជ​ ទេព​ វង្ស​ បាន​ចេញ​ចុ​ត​ហ្មាយ​មួយ​លេខ​១០៦/១២​ម​.​ស​.​រ​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ បាន​បញ្ជាក់​ថា​ "​អាត្មាភាព​សូម​ដក​សេចក្តី​ទុកចិត្ត​ទាំងស្រុង​ ដក​តួនាទី​ពី​ទីប្រឹក្សា​ និង​លុប​ចោល​នូវ​លិខិត​លេខ​៧១/០៨​ ចុះ​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០០៨​ ស្តី​ពី​ការ​តែងតាំង​ជាទី​ប្រឹក្សា​ និង​ពិធីការ​ ចាប់ពី​ថ្ងៃ​ឡាយព្រះហស្តលេខា​នេះ​តទៅ​ ។​ "​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​ធ្វើការ​ពន្យល់​ថា​ លោក​ ចាន់​ សុផល​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ ដូច្នេះ​ ការណ៍​ដែល​សម្តេច​មហាសង្ឃរាជ​ ទេព​ វង្ស​ ចេញ​ចុ​ត​ហ្មាយ​លេខ​១០៦/១២​ ម​.​ស​.​រ​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ហើយ​មិន​បាន​សំដៅ​ថ្វាយ​ប្រគេន​ព្រះករុណា​ព្រះមហាក្សត្រ​ ដើម្បី​ចេញ​ព្រះរាជក្រឹត្យ​ថ្មី​បញ្ចប់​តំណែង​ឯកឧត្តម​ ចាន់​ សុផល​ ទៀត​ផង​នោះ​ គឺ​មាន​ន័យ​ស្មើនឹង​ព្រះ​អង្គ​ដកហូត​តំណែង​ឯកឧត្តម​ ចាន់​ សុផល​ ដែល​មាន​កំហុសឆ្គង​ដោយ​ព្រះ​តម្រិះ​អង្គ​ឯង​ លុប​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ និង​ក៏​មិន​មាន​សុពលភាព​តាម​ផ្លូវច្បាប់​ដែរ​ ។​

២-​ព្រះ​មហាសុមេធាធិបតី​ ទេព​ វង្ស​ សម្តេចព្រះសង្ឃរាជ​គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​តែងតាំង​ជា​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤០៦/២០០​ ចុះ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០០៦​ ។​ ប៉ុន្តែ​យោង​តាម​ចុ​ត​ហ្មាយ​លេខ​១០៦/១២​ ម​.​ស​.​រ​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ របស់​សម្តេចព្រះ​មហា​សង្ឃ​រាជ្យ​ ទេព​ វង្ស​ បែរជា​យោង​ព្រះរាជក្រឹត្យ​តែងតាំង​ព្រះ​អង្គ​ឯង​ ដាក់​កាលបរិច្ឆេទ​ខុសឆ្គង​ថា​ "​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤០៦/២០០​ ចុះ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០០៦"​ទៅ​វិញ​ ។​ លើស​ពី​នេះ​ ចុ​ត​ហ្មាយ​លេខ​១០៦/១២​ ម​.​ស​.​រ​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​
​ឆ្នាំ​២០១២​របស់​សម្តេចព្រះ​មហាសង្ឃរាជ​ ទេព​ វង្ស​ ថែម​ទាំង​សរសេរ​ពាក្យ​ "​គំនាប​គាបសង្កត់​"​ ខុសឆ្គង​អក្ខរាវិរុទ្ធ​ ដោយ​សរសេរ​ថា​ "​គំនាប់​គៀបសង្កត់​"​ ទៀត​ផង​ ៕​

បែកធ្លាយ​រឿង​សម្តេចព្រះ​មហាសង្ឃរាជ​ ទេព​ វង្ស​ ចេញ​ចុ​ត​ហ្មាយ​លុប​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​បែកធ្លាយ​រឿង​សម្តេចព្រះ​មហាសង្ឃរាជ​ ទេព​ វង្ស​ ចេញ​ចុ​ត​ហ្មាយ​លុប​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​បែកធ្លាយ​រឿង​សម្តេចព្រះ​មហាសង្ឃរាជ​ ទេព​ វង្ស​ ចេញ​ចុ​ត​ហ្មាយ​លុប​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​បែកធ្លាយ​រឿង​សម្តេចព្រះ​មហាសង្ឃរាជ​ ទេព​ វង្ស​ ចេញ​ចុ​ត​ហ្មាយ​លុប​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​

Related