នាយករដ្ឋមន្ត្រី​បារាំង​ទៅ​អូស្ត្រាលី ​និយាយ​រឿង​កិច្ចសន្យា​ផលិត​នាវា​មុជទឹក

កាលពីថ្ងៃចន្ទដើមសប្តាហ៍មុន អូស្រ្តាលីបានសម្រេចបញ្ជាទិញនាវាមុជទឹកចំនួន១២គ្រឿង របស់បារាំង ក្នុងទឹកប្រាក់៣៤ពាន់លានអឺរ៉ូ។ ដំណឹងនេះបានធ្វើឲ្យរដ្ឋាភិបាលបារាំង មានការសប្បាយរីករាយនិងមោទនភាពជាខ្លាំង។ ថ្ងៃចន្ទទី២ឧសភានេះដែរ លោកនាយករដ្ឋមន្ត្រីបារាំង បានអញ្ជើញទៅក្រុងកង់បេរ៉ា ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី និយាយអំពីដំណាក់កាលចរចា និងការផលិតនាវាមុជទឹកទាំង១២គ្រឿង។ នេះគឺជាកិច្ចសន្យាដ៏ធំមហាសាលមិនធ្លាប់មានសម្រាប់ អូស្រ្តាលីដែលជាអ្នកទិញ ក៏ដូចជាសម្រាប់បារាំងដែលជាអ្នកលក់។

កិច្ចសន្យាស្ថាពរនៅមិនទាន់ចុះ៖
អ្វីៗនៅមិនទាន់ចុះហត្ថលេខាព្រមព្រៀងជាផ្លូវការនៅឡើយទេ។ វត្តមានរបស់លោក ម៉ានុយអ៊ែល វ៉ាល្ស នៅទីក្រុងកង់បេរ៉ា ជួបជាមួយលោកនាយករដ្ឋមន្ត្រីអូស្ត្រាលីនៅថ្ងៃនេះ គឺមិនមែនដើម្បីចុះហត្ថលេខាទេ  គឺលោកនាយករដ្ឋមន្ត្រីបារាំង  គ្រាន់តែទៅដើម្បីនិយាយបញ្ជាក់ ថាខាងភាគីបារាំង ត្រៀមខ្លួនទទួលលក្ខខណ្ឌកិច្ចសន្យា ទៅតាមការចង់បានរបស់អូស្ត្រាលី។កាលពីថ្ងៃចន្ទទី ២៥មេសា អូស្រ្តាលីគ្រាន់តែបានប្រកាសជាផ្លូវការថា រវាងអ្នកផលិតទាំងបី ដែលបានដាក់ពាក្យស្នើ មានបារាំង អាល្លឺម៉ង់ និងជប៉ុន គឺអូស្ត្រាលីសម្រេចជ្រើសរើសយកបារាំង។ មានហេតុផលជាច្រើន ដែលធ្វើឲ្យអូស្ត្រាលីជ្រើសរើសយកបារាំង តួយ៉ាងគឺបទពិសោធន៍ក្នុងការផលិត ព្រមទាំងបច្ចេកវិទ្យាផលិតរបស់បារាំង ដែលបំពេញទៅតាមការចង់បានរបស់អូស្ត្រាលី។ ចំណែកក្រុមហ៊ុនជប៉ុន និងអាល្លឺម៉ង់ សុទ្ធតែមានចំណុចខ្សោយ។

នាយករដ្ឋមន្ត្រី​បារាំង​ទៅ​អូស្ត្រាលី ​និយាយ​រឿង​កិច្ចសន្យា​ផលិត​នាវា​មុជទឹក

លោកម៉ានុយអ៊ែល វ៉ាល្ស (ខាងឆ្វេង) នាយករដ្ឋមន្ត្រីបារាំង ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី នៅក្រុងកង់បេរ៉ា

ដូច្នេះចាប់ពីពេលនេះទៅ  គឺចូលដល់ដំណាក់កាលនៃការចរចា ធ្វើកិច្ចសន្យា រៀបចំលក្ខខណ្ឌនានា ព្រោះនេះ មិនមែនកិច្ចសន្យាធម្មតាទេ គឺជាកិច្ចសន្យាមហាសាល ដែលមានទឹកប្រាក់ដល់ទៅ៣៤ពាន់លានអឺរ៉ូ។ បើតាមការគ្រោងទុក ការចរចាដើម្បីឈានទៅដល់កិច្ចសន្យាទិញលក់ជាផ្លូវការនោះ និងត្រូវបញ្ចប់នៅដើមឆ្នាំ២០១៧  ហើយបន្ទាប់មកការផលិតនឹងចាប់ផ្តើម ដើម្បីឲ្យរួចរាល់នាវាមុជទឹកទីមួយនៅឆ្នាំ២០២៧។ នៅក្រុងកង់បេរ៉ា លោក នាយករដ្ឋមន្ត្រីបារាំង បានធានាថា លោកនឹងធ្វើការតាមដានដំណើរការចរចានេះ ដោយផ្ទាល់តែម្តង។ ហើយឆ្លៀតពេលនេះដែរ  លោកម៉ានុយអ៊ែល វ៉ាល្ស បានទៅជួបជាមួយក្រុមការងាររបស់ក្រុមហ៊ុន DCNS របស់បារាំងដែលកំពុងតែត្រៀមខ្លួនធ្វើការជាមួយខាងអូស្ត្រាលី។ ក្រុមហ៊ុននេះហើយ ដែលជាអ្នកទទួលផលិតនាវាមុជទឹកទាំង១២គ្រឿង។

ការផលិតទាំងស្រុងត្រូវលើកយកទៅធ្វើនៅអូស្រ្តាលី៖
តាំងតែពីដំបូងម្លេះ  អូស្ត្រាលីបានទាមទារថា នាវាមុជទឹកត្រូវផលិតនៅក្នុងទឹកដីអូស្ត្រាលី។ យោងតាមលក្ខខណ្ឌនេះ គឺបារាំងបានសុខចិត្តតាំងពីដើមដំបូង ថានាវាទាំងអស់ត្រូវផលិតនៅអូស្ត្រាលី។ ការទាមទារបែបនេះ ក៏ដោយសារ អូស្ត្រាលីគេចង់ចំណាយប្រាក់ តែក៏គេចង់ឲ្យប្រជាជនគេ បានផលពីកិច្ចសន្យានេះ ពោលគឺតាមរយៈការបង្កើតការងារចាំបាច់ផ្សេងៗ ដើម្បីផលិតនាវាមុជទឹកនេះ។

កាលពីសប្តាហ៍មុន ខាងមតិសាធារណៈនៅអូស្ត្រាលីមានភាពស្រពេចស្រពិល បន្ទាប់ពីបានឮលោករដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង ប្រកាសថាកិច្ចសន្យានេះ នឹងជួយបារាំងឲ្យបង្កើតការងារបាន៤០០០នាក់។ ខាងអូស្ត្រាលីគេឆ្ងល់ថា បើនាវាមុជទឹកផលិតនៅអូស្ត្រាលី  ហេតុអីបានជាបារាំងអាចបង្កើតការងារបាន៤០០០នាក់ ក្នុងកិច្ចការនេះ?

នាយករដ្ឋមន្ត្រី​បារាំង​ទៅ​អូស្ត្រាលី ​និយាយ​រឿង​កិច្ចសន្យា​ផលិត​នាវា​មុជទឹក

នាវាមុជទឹកឈ្មោះ «Le Terrible»ផលិតដោយក្រុមហ៊ុនរដ្ឋបារាំង DCNS

តាមពិត បើទោះជាការផលិតត្រូវលើកទៅធ្វើនៅអូស្ត្រាលីទាំងស្រុងមែន  តែក្រុមហ៊ុនDCNS របស់បារាំង  នៅតែត្រូវការអ្នកជំនាញ វិស្វករ អ្នកបច្ចេកទេសធំៗពីបារាំងដដែល។ បុគ្គលិកទាំងស្រុងមិនមែនសុទ្ធតែនៅអូស្ត្រាលីទេ។ ហើយមួយទៀត គឺ គ្រឿងផ្សំមួយផ្នែកធំនៃនាវាមុជទឹក គឺក្រុមហ៊ុននេះត្រូវបញ្ជាទិញពីក្រុមហ៊ុនតូចៗផ្សេងទៀត នៅបារាំង។  អញ្ចឹងទាំងអស់នេះ គឺផលចំណេញរបស់បារាំង ក្នុងការបង្កើតការងារ ផ្តល់សន្ទុះដល់ការផលិត។ ដូចលោក នាយករដ្ឋមន្ត្រីបារាំងបានប្រកាសនៅថ្ងៃនេះអញ្ចឹង គឺគាត់ថាកិច្ចសន្យានេះគឺជាកិច្ចសន្យាឈ្នះ ឈ្នះទាំងសងខាង  អូស្ត្រាលីក៏ចំណេញ បារាំងក៏ចំណេញ។

សូមបញ្ជាក់ថា ក្នុងកិច្ចសន្យាទិញសម្ភារៈយោធាធនធំបែបនេះ  មិនមែនគ្រាន់តែបោះលុយទិញហើយចប់ទេ។ ខ្លឹមសារនៃកិច្ចសន្យាមានភាពស្មុគស្មាញ។ ដូចក្នុងករណីកិច្ចសន្យាបញ្ជាទិញនាវាមុជទឹកនេះ មិនមែនគ្រាន់តែបារាំងផលិតរួច យកទៅឲ្យអូស្ត្រាលី ហើយចប់ទេ គឺកិច្ចសន្យានេះ ត្រូវរាប់បញ្ចូលទាំងលក្ខខណ្ឌនានា ទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា  ការបង្វឹកហាត់ដល់កងទ័ពជើងទឹកអូស្ត្រាលីក្នុងការប្រើប្រាស់  ព្រមទាំងបច្ចេកទេសជួសជុល ថែទាំរយៈពេល២៥ឆ្នាំ។ លក្ខខណ្ឌមួយទៀត គួរលើកឡើងដែរ គឺបារាំងជាអ្នកផលិតនាវាមុជទឹកនេះមែន តែប្រព័ន្ធអាវុធទាំងស្រុង ដែលបំពាក់នាវានេះ គឺក្រុមហ៊ុនអាមេរិកជាអ្នកផលិត គ្រាន់តែមិនទាន់ដឹងថាក្រុមហ៊ុនណាមួយទេ មកត្រឹមពេលនេះ។

អូស្ត្រាលីត្រៀមខ្លួន ក្រែង
ជាបឋមគឺថា នាវាមុជទឹកនេះ អូស្ត្រាលីទិញដើម្បីយកទៅជំនួសនាវាមុជទឹកអូស្ត្រាលីដែលបានផលិតនៅក្នុងឆ្នាំ១៩៩០។នាវាមុជទឹកចាស់ទាំងនេះ  មានគេរិះគន់ច្រើនណាស់ ថាពិបាកប្រើ ហើយបើនិយាយពីបច្ចេកវិទ្យាវិញ គឺថាវាហួសសម័យ។ ចាប់ពីឆ្នាំ២០២៦ទៅ នាវាទាំងនេះនឹងលែងដាក់ឲ្យប្រើប្រាស់ទៀតហើយ  ដោយជំនួសដោយនាវាមុជទឹកបារាំងវិញ។

សួរថាតើអូស្ត្រាលីត្រៀមខ្លួនទប់ទល់ជាមួយអ្នកណា រឺក៏ចង់ធ្វើសង្រ្គាមជាមួយអ្នកណា? គឺថាវាមិនទាន់ដល់ថ្នាក់នោះទេ ក៏ប៉ុន្តែនេះជាត្រៀមរៀបចំខ្លួនរបស់អូស្ត្រាលី។ អូស្ត្រាលីជាមហាអំណាចមួយដែរ ដែលស្ថិតនៅខាងត្បូងគេបង្អស់នៃតំបន់ប៉ាស៊ីហ្វិក។ នយោបាយរបស់អូស្ត្រាលីនាពេលនេះ គឺចង់បង្ហាញឥទ្ធិពលខ្លួនក្នុងតំបន់ដែរ តាមរយៈការធានាសុវត្ថិភាពក្នុងដែនទឹកដែលនៅចន្លោះរវាងតំបន់អាស៊ីអាគ្នេយ៍ និងអូស្ត្រាលី។ តំបន់នេះជាតំបន់ចរាចរណ៍នាវាទំនិញអន្តរជាតិដ៏សំខាន់ ហើយដែលកត្តាសន្តិសុខស្ថិរភាព ត្រូវតែធានា។

ចំណុចមួយទៀត គឺជម្លោះនៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលចិនកំពុងតែក្អេងក្អាងខ្លាំង។ ចិនកំពុងតែពង្រីកវិស័យយោធារបស់ខ្លួនខ្លាំងណាស់។ បើតាមការប្រកាសរបស់ប៉េកាំង ពីនេះដល់ឆ្នាំ២០២០ ចិននឹងមាននាវាមុជទឹក៧០គ្រឿងឯណោះ។ មិនមែនមានតែអូស្ត្រាលីមួយទេ ដែលកំពុងត្រៀមការពារខ្លួន ប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ក៏កំពុងរកវិធីដែរ។ ជាក់ស្តែងតាមរយៈការរឹតចំណងសម្ព័ន្ធភាពជាមួយកងទ័ពអាមេរិក ដូចដែលហ្វីលីពីនបានធ្វើថ្មីៗនេះ។ នាវាមុជទឹកអូស្ត្រាលី១២គ្រឿងតិចណាស់ បើប្រៀបធៀបទៅនឹង៧០គ្រឿងរបស់ចិន ក៏ប៉ុន្តែកំភ្លេចថាអូស្រ្តាលីចំណាយលុយ ទិញរបស់បារាំងដែលជានាវាមានបច្ចេកវិទ្យាខ្ពស់ជាងចិនឆ្ងាយណាស់។ មួយទៀត ក្នុងករណីដែលអាមេរិក ដកខ្លួន មិនចង់លូកដៃក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អូស្ត្រាលីក៏នៅមានលទ្ធភាពការពារខ្លួនបានដែរ៕

ប្រភពៈ RFI