បារាំង៖ ឆ្នាំ២០១៥​បទល្មើសដែល​មានលក្ខណៈ​ស្អប់អ្នកកាន់​សាសនា​អ៊ីស្លាម​ កើនឡើង​មួយ​ជា៣

យោងតាមរបាយការណ៍ថ្មីមួយ របស់ក្រុមប្រឹក្សាជាតិប្រឹក្សាកិច្ចការសិទ្ធមនុស្សរបស់បារាំង បានបង្ហាញថា សកម្មភាព រឺបទល្មើសដែលមានលក្ខណៈមើលងាយ រើសអើងទៅលើអ្នកកាន់សាសនាអ៊ីស្លាមនៅបារាំង បានកើនឡើងមួយទ្វេរជាបី ក្នុងឆ្នាំ២០១៥កន្លងទៅ។ តែយ៉ាងណាក៏ដោយរបាយការណ៍នេះ ក៏បង្ហាញពីការកើនឡើងនៃកំរិតអន់ឱន សណ្តោសឲ្យគ្នារបស់ប្រជាជនបារាំងផងដែរ។

របាយការណ៍បានសន្និដ្ឋាន  ដោយយោងតាមតួលេខនៃក្រសួងមហាផ្ទៃបារាំងស្តីពីចំនួនបទល្មើស រឺសកម្មភាពរំលោភបំពាននានា។ យោងតាមតួលេខនេះ បទល្មើសដែលមានលក្ខណៈរើសអើងប្រកាន់ពូជសាសន៍ ទាំងទៅលើប្រជាជនកាន់សាសនាជ្វីហ្វ ទាំងទៅលើអ្នកកាន់សាសនាអ៊ីស្លាម  គឺបានកើនឡើងចំនួន២២,៤% ក្នុងឆ្នាំ២០១៥ ពោលគឺ ១៦៦២ករណីក្នុងឆ្នាំ២០១៤ បានកើនដល់ ២០៣៤ករណីក្នុងឆ្នាំ២០១៥។

របាយការណ៍របស់ក្រុមប្រឹក្សាជាតិប្រឹក្សាកិច្ចការសិទ្ធិមនុស្សបានសន្និដ្ឋាន ថាតួលេខនៃការកើនឡើងនៃកម្មភាពរើសអើងប្រកាន់ពូជសាសន៍ទៅលើជនបរទេស មានកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ នៅបារាំង  ជាពិសេសគឺសកម្មភាពរើសអើងទៅលើអ្នកកាន់សាសនាអ៊ីស្លាម។ លោកស្រី Christine Lazerges ប្រធានក្រុមប្រឹក្សានេះ បានមានប្រសាសន៍ថា បើយើងក្រលេកមើលដោយលំអិត ទៅលើតួលេខ យើងឃើញថា ចំនួនបទល្មើសរើសអើងទៅលើអ្នកកាន់សាសនាអ៊ីស្លាម បានកើនឡើងមួយគុណជាបី ក្នុងឆ្នាំ២០១៥ ពោលគឺពី១៣៣ ឡើងដល់៤២៩ករណី។

លោកស្រីបានលើកឡើងថា មូលហេតុដែលនៅពីក្រោយការកើនឡើងតួលេខក្នុងឆ្នាំ២០១៥នេះ គឺយើងសង្កេតឃើញថាវាបានកើនឡើងខ្លាំង នៅក្រោយពេលដែលមានភេរវកម្មបង្ករឡើងដោយពួកជីហាដអ៊ីស្លាមជ្រុលនិយម កាលពីខែមករាដើមឆ្នាំ និងនៅខែវិច្ឆិកាចុងឆ្នាំ។ តែយ៉ាងណាក៏ដោយ លោកស្រីបានបន្ថែមថា នេះជាតួលេខដែលបង្ហាញពីចំនួនបទល្មើសដោយយោងតាមពាក្យបណ្តឹង តែមិនមែនមានន័យថាករណីទាំងអស់នេះ សុទ្ធសឹងតែជាបទល្មើសជាក់ស្តែង ដែលតុលាការសម្រេចទទួលស្គាល់ ក្រោយមានការស៊ើបអង្កេតល្អិនល្អន់នោះទេ។

ដោយឡែក ករណីបទល្មើសដែលមានលក្ខណៈរើសអើងទៅលើជនជាតិជ្វីហ្វិវិញ  បានថយចុះបន្តិចបន្តួច ពី៨៥១ករណី  មកត្រឹម៨០៨ករណី។ មិនត្រឹមតែប៉ុណ្ណោះ កំរិតនៃការអន់ឱនឲ្យគ្នា រវាងប្រជាជនបារាំងទូទៅទៅលើជនបរទេស រឺអ្នកកាន់សាសនាផ្សេងៗទាំងអស់ បានកើនឡើងចំនួន៥ពិន្ទុ។ ការកើនឡើងនៃកំរិតសណ្តោសអត់ឱនឲ្យគ្នា គឺសបង្ហាញផងដែរថា ភេរវកម្មផ្ទួនៗ ការឡើងខ្លាំងនៃទ្រឹស្តីសាសនាជ្រុលនិយមក្នុងប្រទេសបារាំង  ទាំងអស់នេះអាចធ្វើឲ្យប្រជាជនបារាំងយល់ថា វាជាការទទួលខុសត្រូវរបស់ពួកគេមួយចំណែកដែរ៕

បារាំង៖ ឆ្នាំ២០១៥​បទល្មើសដែល​មានលក្ខណៈ​ស្អប់អ្នកកាន់​សាសនា​អ៊ីស្លាម​ កើនឡើង​មួយ​ជា៣ស្ត្រីជនជាតិបារាំង តែកាន់សាសនាអ៊ិស្លាម

ប្រភពៈ RFI