គ្រឿងញៀន​២​ប្រភេទ និង​មុខសញ្ញា​សង្ស័យ​ម្នាក់​ ត្រូវ​ឃាត់ខ្លួន​

គ្រឿងញៀន​២​ប្រភេទ និង​មុខសញ្ញា​សង្ស័យ​ម្នាក់​ ត្រូវ​ឃាត់ខ្លួន​



បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ​ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ រួម​ជាមួយនឹង​វត្ថុតាង ​គឺ​គ្រឿងញៀន​មួយ​ចំនួន ខណៈ​ដែល​មុខសញ្ញា​រូប​នេះ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ជាក់ស្ដែង​នៅ​ក្នុង​មូលដ្ឋាន ដែល​រូប​គេ​រស់នៅ​ផ្ទាល់។​

តាម​ការ​អះអាង​ពី​លោក​វរសេនីយ៍ត្រី សារ៉េត វិ​សេដ្ឋ អធិការរង​នគរ បាល​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹង​ថា កិច្ចប្រតិបត្តិការ​នេះ ​គឺ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ត្រង់​ចំណុច​ភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់ដំបង បន្ទាប់ពី​បាន​ទទួល​សេចក្ដីរាយការណ៍​រួចមក។

លោក​អធិការរង​បាន​បន្ត​ថា នៅមុន​កិច្ចប្រតិបត្តិការ ​គឺ​លោក​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ករណី​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​មួយ​ដែល​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង​នៅត្រង់​ចំណុច​ខាងលើ ទើប​លោក​បាន​ចាត់​កម្លាំង​ចុះទៅ​កាន់​ទីតាំង​នោះ ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហេង សុខ​គា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ត្រង់​ចំណុច​ខាងលើ ដោយ​បាន​ធ្វើការ​ដកហូត​នូវ​សារធាតុ​ញៀន​មួយ​ចំនួន​ គឺ​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​១៧​គ្រាប់ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១២​កូន​ថង់ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ថែមទៀត។

ដោយ​យោង​តាម​ចម្លើយ​សារភាព បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចែកចាយ​ដ៏​សកម្ម រួម​ទាំង​វត្ថុតាង ត្រូវ​បាន​កម្លាំង​រៀបចំ​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​ការិយាល័យ​ជំនាញ និង​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់៕