បាត់​កូនស្រី​វ័យ​ក្រមុំ​ដោយ​មិនដឹង​មូលហេតុ

បាត់​កូនស្រី​វ័យ​ក្រមុំ​ដោយ​មិនដឹង​មូលហេតុ



ខេត្តក្រចេះ ៖ អាណាព្យាបាល​របស់​ក្មេង​ស្រី​វ័យ​ជិត​១៦​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​បឋម​សិក្សា​មួយ​នៅ​ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ នៅ​តែ​បន្ត​ស្រាវជ្រាវ​រក​កូនស្រី​របស់​ខ្លួន ខណៈ​ដែល​រូប​នាង​បាន​ចេញពីផ្ទះ​បាត់​ដោយ​មិនដឹង​មួល​ហេតុ ។

គិត​មក​ទល់​នឹង​ថ្ងៃ​ទី​៣ ឧសភា មាន​រយៈពេល​៤​ថ្ងៃ​ហើយ ដែល​ក្រុម​គ្រួសារ​នៅ​តែ​កាន់​រូបថត​ជា​ច្រើន​សន្លឹក ធ្វើ​បណ្តឹង​ទៅ​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ឲ្យ​ជួយ​អន្តរាគមន៍​រក​កូនស្រី និង​ស្វះស្វែង​ដើរ​រក​គ្រប់​ច្រកល្ហក តែ​ពន្លឺ​បែប​ណាមួយ​នោះ នៅ​មិន​ទាន់​មាននៅ​ឡើយ​ទេ ។

បើ​តាម​នគរបាល​ឲ្យ​ដឹង​ថា ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រូប​នេះ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​និង​ក្រុង ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​រក​នាង បន្ទាប់​ពី​នាង​បាន​បាត់​ចេញពីផ្ទះ​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៣០ មេ​សា ។

លោក  សុខ ហឿ​ន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឫ​ស្សី ក្រុងក្រចេះ ជា​ឪពុក​របស់​ក្មេង​ស្រី​ដែល​បាត់​ខ្លួន​បាន​រៀបរាប់​ថា កូនស្រី​របស់​គាត់​ដែល​បាន​បាត់​ខ្លួន​ពី​ផ្ទះ​នេះ ជា​កូនស្រី​ពៅ​ក្នុង​ចំណោម​បង​ប្អួ​ន​៥​នាក់ ស្រី​៣ ប្រុស​២ ។ បុរស​ជា​ឪពុក​រូប​នេះ​បាន​អះអាង​ថា គាត់​មិន​បាន​ប្រើ​ពាក្យ​ធំ​តូច​ណាមួយ​ដាក់​កូនស្រី​រូប​នេះ​ទេ ទាំង​មុន​និង​ក្រោយ​ថ្ងៃ​នាង​បាត់​ខ្លួន​នោះ ។ បុរស​ជា​ឪពុក​រូប​នេះ​ក៏​មិន​ជឿ​ថា ការ​បាត់​ខ្លួន​របស់​កូនស្រី​គាត់​អាច​ផ្តើម​ចេញពី​ទំនាក់ទំនង​ស្នេហា​ណាមួយ​ដែរ ដោយ​គាត់​ពិនិត្យ​ឃើញ​ថា កូនស្រី​មាន​វ័យក្មេង​ខ្ចី​ណាស់​មិន​ទាន់​ដឹង​អី​ទេ ។

តែបើ​តាម​ប្រភព​ព័ត៌មាន​ខ្លះ​បាន​បង្ហើប​ថា កន្លង​មក​គេ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​តែងតែ​និយាយ​ទូរស័ព្ទ​ជា​ញឹកញាប់ ។ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ថ្ងៃ​ទី​៣០ មេ​សា ជា​ថ្ងៃ​ដែល​នាង​បាត់​ខ្លួន គេ​បានឃើញ​រូប​នាង​ពាក់​ម៉ាស់​បិទមុខ​ក្នុង​អាកប្បកិរិយា​ចង់​គេច​មុខ តែ​មិន​មាន​នរណា​ចាប់អារម្មណ៍​នោះ​ទេ រហូត​ពេល​ផ្អើល​ថា នាង​បាត់​ខ្លួន​ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង ។

នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ឫ​ស្សី លោក ភិន ម៉ុ​ល បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ពេល​នេះ កម្លាំង​នគរបាល ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី នៅ​តែ​បន្ត​ស្រាវជ្រាវ​រក​នាង ទោះបីជា​យ៉ាងណា រហូត​មក​ទល់​នឹង​ពេល​នេះ គឺ​នៅ​តែ​មិន​ទាន់​មាន​ពន្លឺ​ណាមួយ​នៅឡើយ​ទេ ។ ដូច្នេះ​បងប្អូន​ណា​បានឃើញ​នាង​ដូច​ក្នុង​រូបថត​នេះ ស្នាក់​នៅ​ទីណា​មួយ មេត្ដា​ជួយ​ផ្ដល់​ដំណឹង​ផង ៕

     ​    ​    ​ប៊ុ​ន លី​ន​ណា