លោក Guardiola ស្ថិតក្រោមសម្ពាធ ខណៈ Bayern បើកទ្វាស្វាគមន៍ Atletico

លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Bayern Munich ដឹងយ៉ាងច្បាស់ថា លោកចាំបាច់ត្រូវតែបង្ហាញ ការរិះគន់ផ្សេងៗមិនមានភាពត្រឹមត្រូវឡើយតាមរយៈការលុបចោលការដេញតាមពីក្រោយក្នុងលទ្ធផល ១-០ ពីការប្រកួតជើងទីមួយនៅពេលបើកទ្វារទទួលក្រុម Atletico Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើទឹកដីខ្លួននៅរាត្រីនេះ។
Guardiola
លោក Guardiola និងក្រុម Bayern នឹងសម្លឹងរកការគេចឲ្យផុតពីការធ្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី៣ជាប់ៗគ្នានៅពេលប៉ះក្រុមមកពីអេស្ប៉ាញ ក្រោយពីចាញ់ក្នុងជើងទីមួយ កាលពីថ្ងៃពុធ សប្តាហ៍មុន នៅលើទឹកដីក្រុម Atletico បន្ទាប់ពីមានគ្រាប់បាល់ដ៏ល្អមួយគ្រាប់របស់ខ្សែបម្រើ Saul Niguez។ ក្រោយពីបានឈ្នះពាន១៤ក្នុងរយៈពេល៤ឆ្នាំនៅ Barcelona និងពាន៦មកទល់ពេលនេះក្នុងរយៈពេល៣ឆ្នាំជាមួយក្រុម Bayern លោក Guardiola សង្ឃឹមថា អាចបញ្ចប់ការកាន់តំណែងនៅទីក្រុង Munich ដោយការឈ្នះពាន Champions League ក្នុងវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៨ ខែឧសភា ក្នុងទីក្រុង Milan។
bayern
Bayern បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នាក្រោយពីបរាជ័យក្រោមស្នាដៃ Real Madrid កាលពីឆ្នាំ២០១៤ និង Barcelona កាលពីឆ្នាំមុន។ ការធ្លាក់ចេញមួយផ្សេងទៀតក្រោមស្នាដៃគូប្រជែងមកពីអេស្ប៉ាញ នឹងមិនផ្តល់ការរីករាយនៅទីក្រុង Munich ឡើយ ជាពិសេសក្រោយពីការសម្រេចចិត្តរបស់លោក Guardiola ក្នុងការដាក់ឲ្យខ្សែប្រយុទ្ធឆ្នើម Thomas Mueller ដែលជាអ្នករកគ្រាប់បាល់ច្រើនជាងគេរបស់ Bayern ក្នុងក្របខ័ណ្ឌអឺរ៉ុបនារដូវកាលនេះ លេងជាកីឡាករបម្រុងក្នុងក្រុង Madrid។ ការសម្រេចចិត្តនេះ បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីបណ្តាញសារព័ត៌មានអាល្លឺម៉ង់ ហើយការប្រកួតជើងទី២នៅទីក្រុង Munnich គឺជាឱកាសចុងក្រោយរបស់លោក Guardiola ក្នុងការបង្ហាញថា ការរិះគន់ផ្សេងៗមិនមានភាពត្រឹមត្រូវ នៅមុនពេលលោកចាកចេញដើម្បីទៅដឹកនាំក្លិប Manchester City នារដូវកាលក្រោយ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕