បាតុភូត​សង្គម ?

អាកាសធាតុ​ក្តៅ​វា​ជា​រឿង​ធម្មតា​...​វា​ជា​បាតុភូត​ធម្មជាតិ ដែល​នៅ​ប្រទេស​នានា​លើ​ពិភពលោក​បាន​ជួប​ប្រទះ​ដូច​គ្នា​...​។ បន្ទាប់​ពី​ក្តៅ​អស់ចិត្ត​ទៅ​...​វា​ធ្លាក់​មក​ត្រជាក់ ធ្លាក់​មក​ធម្មតា​វិញ​ហើយ​...​កុំ​តែ​រញ្ជួយ​ផែនដី ដែល​ប្រទេស​យើង​មិន​ធ្លាប់​កើត​មាន ។

​រីឯ​នយោបាយ​ក្នុង​ប្រទេស​ក៏​ដូច្នោះ​ដែរ​...​វា​ជា​បាតុភូត​សង្គម ដែល​ប្រទេស​ណា​ក៏​មាន​ដែរ​លើស​សកលលោក​...​វា​មិនមែន​ជា​រឿង​ប្លែក​គួរ​ឱ្យ​ភ័យ​ខ្លាច​ទេ សម័យកាល​អភិវឌ្ឍ​...​សម័យកាល​បច្ចេកវិទ្យា​ជឿនលឿន​នេះ ។

កុំ​ប្រៀបធៀប​អាកាសធាតុ​ទៅ​ក្នុង​សម័យកាល​សង្គ្រាម​...​ព្រោះ​ជា​សម័យកាល​ហួស​ផុត​ទៅ​ហើយ​...​ព្រៃ​កាប់​ចោល​អស់ហើយ​មានអី​ជ្រក​...​សូ​ម្បី​ឈ្លូស​ក៏​រក​ព្រៃ​ជ្រក​លែង​បាន​ដែរ​...​កុំ​និយាយ​ដល់​មនុស្ស ។

សម័យ​បោះ​ឆ្នោត​លើក​ទី​១...​លើក​ទី​២...​លើក​ទី​៣ ទី​៤...​ជា​សម័យកាល​អាកាសធាតុ​នយោបាយ​ក្តៅ​...​ក្តៅ​ខ្លាច ក្តៅ​ភ័យ​...​វា​សម​នឹង​ភ័យ​មែន​...​ប៉ុន្តែ​រួច​ពី​ក្តៅ​មួយ​ដង្ហើមចង្រិត​ក៏​ធ្លាក់​មក​ត្រជាក់​វិញ​...​ធម្មតា​ៗ​ទៅ​ហោង​...​។

ពេលវេលា​នេះ​...​មាន​មជ្ឈដ្ឋាន​ខ្លះ​ប្រឹង​ពន្យុះ​ថា នយោបាយ​ចាប់ផ្តើម​ក្តៅ​ទៀត​ហើយ​...

ទស្សនៈ​ខ្លះ​ថា ទន្ទឹម​នឹង​អាកាសធាតុ​ក្តៅ​...​នយោបាយ​ក៏​ក្តៅ​ដែរ​...​ក្តៅ​ស្មើគ្នា​...​រហូត​នាំ​គ្នា​ភ័យ​ព្រួយ​...​ខ្លាចរ​កស៊ី​មិនកើត​...​ខ្លាច​ដាក់​ទុន​ទៅ​រលាយ​...​ឃើញ​ទីផ្សារ​អចលនទ្រព្យ​ស្ងប់ស្ងាត់​ទៀត​...​នាំ​គ្នា​ភ័យ​ព្រួយ​កាន់តែ​ច្រើន​ឡើង ។

ទស្សនៈ​មួយទៀត​អះអាង​ថា មិនមែន​នយោបាយ​ក្តៅ​ទេ​...​គឺ​ច្បាប់​ទេ​ដែល​ក្តៅ ! ច្បាប់​មាន​យូរហើយ​...​គ្រាន់តែ​អ្នក​កាន់​ច្បាប់​មិន​ប្រើ​...​យក​ច្បាប់​ទ្រាប់​អង្គុយ​...​អង្គុយ​លើ​ច្បាប់​យូរ​ទៅ​បែប​ក្តៅ​គូទ​...​ឆ្កឹះ​យក​មក​ប្រើ​...​ទើប​ធ្វើ​ឱ្យ​ប្លែក​...​ធ្វើ​ឱ្យ​អាកាសធាតុ​នយោបាយ​ប្រែប្រួល​...​វា​ជា​បាតុភូត​សង្គម ?
                   អា​ឡេវ