បើក​លឿន​ដូច​ហោះ​ បុក​រះ​ម៉ូតូ​ទៅ​បុក​លូ​ផ្ទុះ​ឆេះ​យ៉ាង​ស​ន្ទោ​សន្ធៅ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​លឿន​ដូច​ហោះ​ទៅ​បុក​រះ​ម៉ូតូ​២​គ្រឿង​អូស​ជិត​៥០​ម៉ែត្រ ហើយ​ជ្រុល​ទៅ​បុក​លូ​ដែល​ដាក់​តម្រៀប​តាម​ផ្លូវ​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​ទាំង​រថយន្ត​និង​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​សន្ធោសន្ធៅ និង​ផ្លោង​អ្នក​ជិះ​ម៉ូតូ​ស្លាប់​២​នាក់ របួសធ្ងន់​២​នាក់ ដែល​គ្រោះថ្នាក់​អកុសល​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី យប់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ប្រភព​ព័​ត៌​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​គេ​ឃើញ​រថយន្ត​ម៉ាក​កាម​រី ហា​យ​ប្រ៊ី​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-6797 បើកបរ​ដោយ​បុរស​ម្នាក់​វ័យ​ជាង​២០​ឆ្នាំ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តកណ្តាល លុះ​មក​ដល់​ចំណុច​កើតហេតុ​រវល់​តែ​ឱន​ចុច​ទូរស័ព្ទ​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ពីក្រោយ​ម៉ូតូ​២​គ្រឿង​ជិះ​គ្នា​៤​នាក់​ពេញទំហឹង ដោយ​អូស​ម៉ូតូ​វ៉េវ​ពាក់​ស្លាក​លេខ ភ្នំពេញ 1-BY6466 ជិះ​គ្នា​២​នាក់​ជិត​៥០​ម៉ែត្រ ហើយ​រេ​ចង្កូត​ទៅ​បុក​លូ​ដែល​ដាក់​តម្រៀប​នៅ​តាម​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​រេ​ទៅ​កណ្តាលផ្លូវ​ហើយ​ផ្ទុះ​ឆាបឆេះ​ទាំង​រថយន្ត​និង​ម៉ូតូ​វ៉េវ​សន្ធោសន្ធៅ​នៅ​កណ្តាល​ទ្រូងផ្លូវ ដោយឡែក​អ្នក​ជិះ​ម៉ូតូ​ផ្លោង​ទៅ​ជិត​លូ​នៅ​តាម​ចិញ្ចើម​ផ្លូវ​បាក់​ក និង​បែក​ពងស្វាស​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ រីឯ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-2075 ជិះ​គ្នា​២​នាក់​ដែរ​នោះ​បាន​ផ្លោង​ទៅ​មុខខូច​ខាត​ស្ទើរ​ទាំងស្រុង អ្នក​ជិះ​ម៉ូតូ​ផ្លោង​ទៅ​លើ​ដីខ្សាច់​រង​របួសធ្ងន់​ទាំង​២​នាក់ ។

ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​បង្ក​បាន​ចុះ​ពីលើ​រថយន្ត​រត់​ពួន​ត្រូវ​សមត្ថកិច្ច​តាម​រក​ឃើញ​ចាប់​យក​ទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ។ រីឯ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​អណ្តាតភ្លើង​ដែល​ឆាប​ឆេះ​រថយន្ត​បង្ក​ និង​ម៉ូតូ​រង​គ្រោះ​មួយ​គ្រឿង​ ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​៣​គ្រឿង​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​មួយ​គ្រឿង​បាន​រលត់​ទាំងស្រុង តែ​រថយន្ត និង​ម៉ូតូ​នៅ​សល់​តែ​គ្រោងឆ្អឹង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ សុក ថាំ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ត្រ​ចក ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ស្រុក​កំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី និង​សព​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​សំបួរ​មាស ។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​២​គ្រឿង ព្រមទាំង​អ្នក​បើករថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕