ឆៃ​លី ដា​ឡែ​ន ច្រណែន​តារា​សិច​ស៊ី​ស្រករ​ក្រោយ​មិន​យីអ៊ុន​ដាក់​ដូច​នាង

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ឆែ​លី ដា​ឡែ​ន ដែល​ចេញ​ទៅ​សម្ដែង​នៅ​អា​មេ​រិ​ក រួម​ជាមួយ​សិល្បករ​មួយ​ចំនួន​ទៀត​នោះ បាន​នៅ​បន្ដ​រហូត​ដល់​ចុងខែ​កក្កដា ឆ្នាំ​២០១៦ លើស​កំណត់​ពី​មុន​យ៉ាង​យូរ​ត្រឹម​ចុង​ខែមេសា ។ អ្នក​នាង​ឆៃ​លី ដា​ឡែ​ន លោក​មាស សាលី និង​កញ្ញា​លី​លី បាន​ចាក​ចេញពី​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​២០១៦ ។ ដា​ឡែ​ន ដែល​និយម​ឈុត​សម្លៀក​បំពាក់​សិច​សុ​ី​នោះ​បាន​រៀបចំ​ខ្លួន​បែប​ស្រគត់ស្រគំ ដើម្បី​ជៀស​ពី​មតិ​រិះគន់ និង​ប៉ះពាល់​ដល់​អាជីព​របស់​ខ្លួន ។ ស្រមោល​អាក្រក់​នា​ពេល​កន្លង​មក ធ្វើ​ឱ្យ​នាង​បាក់ស្បាត ។

ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​តាម​រយៈ​ប្រព័ន្ធ​សារ​អេ​ឡិច​ត្រូ​និក កាលពី​ថ្ងៃ​ទី​១ ឧសភា ឆៃ​លី ដា​ឡែ​ន បញ្ជាក់​ថា នាង​ត្រូវ​បន្ដ​សម្ដែង​នៅ​អា​មេ​រិ​ករ​ហូត​ដល់​ខែកក្កដា​ឯណោះ ។ ពី​មុន​គ្រោង​យ៉ាង​យូរ​ចុង​ខែមេសា ត្រូវ​ត្រឡប់​មក​ស្រុក​វិញ ។ ដា​ឡែ​ន និង​ក្រុម​របស់​នាង​បាន​សម្រេចចិត្ត​ទទួលយក​កិច្ចសន្យា​បន្ដ តាម​សំណូមពរ​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ ។ ទោះជា​នឹក​ស្រុក ក៏​ពួក​នាង​បង្ខំចិត្ដ​បន្ដ​នៅ​សម្ដែង​ដែរ ។  ឆៃ​លី ដា​ឡែ​ន និយាយ​ថា «​ការ​សម្ដែង​របស់ខ្ញុំ​លើក​នេះ គឺ​ប្រើ​រូបភាព​បែប​ស្រគត់ស្រគំ​ជាង​មុន​ស្ទើរតែ​ទាំងស្រុង គឺ​ប្រើ​ឈុត​សម្លៀក​បំពាក់​បិទ​ជិត​បែប​បុរាណ​ប្រពៃណី​ខ្មែរ ក៏​ព្រោះតែ​មិន​ហ៊ាន​ស្លៀកពាក់​សិច​សុ​ី​ដូច​លើក​មុន​ឡើយ ។ កន្លង​មក​នាង​ខ្ញុំ​មិន​បាន​គ្រ​ឈុត យេ​ៗ​ផង​នៅ​មាន​អ្នក​បង្ហោះ​រូប​ចាស់​ជាន់ពន្លិច​នាង​ខ្ញុំ ។ នាង​ខ្ញុំ​ឆ្ងល់​ណាស់​នៅ​ស្រុក​ខ្មែរ​មាន​តារា ថ្មី​ៗ​មួយ​ចំនួន​គេ​លេងខ្លួន​ចេញ​គល់​ទ្រូង ស្លៀកពាក់​សិច​សុ​ី​ស្ទើរ​ស្រាត​អស់​សម្លៀក​ពាក់ បើ​មើលទៅ​ខ្លាំង​ជាង​នាង​ខ្ញុំ​ដប់​ម្ភៃ​ដង​ហេតុ​អី​ក៏​មិន​ថា ។ ចំពោះតែ​ដា​ឡែ​ន​មួយ មាន​អ្នក​អង្គុយ​ចាំ​រិះគន់​អត់​ស្វាង​ម្ដង​ហើយ​ម្ដងទៀត បែប​ចង់ឱ្យ​នាង​ខ្ញុំ​អត់​ការងារ ឬ​ចង់​បិទ​អាជីព​នាង​ខ្ញុំ ឱ្យទៅ​ស្រុក​ខ្មែរ​វិញ​ទិញ​ត្រីងៀត ត្រីឆ្អើរ​ហូប​មួយ​ជីវិត​ទើប​លែង​ទើស​ពី​ការ​ស្លៀកពាក់​របស់​នាង​ខ្ញុំ ។ ពិតជា​ឆ្ងល់​គេ​វិញ​ដូច​ជា​សុខ​ណាស់ ។ យ៉ាងណា​នាង​ខ្ញុំ មិន​បណ្ដោយ​ឱ្យ​រឿង​ចាស់​ជាន់ឈ្លី​ទៀត​ទេ ស្រប​ពេល​នេះ​បងប្អូន​នៅ​អា​មេ​រិ​ក ម្នាក់​ៗ គាត់​ស្រលាញ់​នាង​ខ្ញុំ ស្រលាញ់​ក្រុម​សិល្បករ​ខ្មែរ​កាន់តែ​ច្រើន ខ្លះ​ថា​នាង​ខ្ញុំ​ពិតជា​ប្លែក​ជាង​ពី​មុន ដូច​ជា​ស្រគត់ស្រគំ​មិន យេ​ៗ​ដូច​មុន ហើយ​មើលទៅ​ពិតជា​ស្អាត​ម្ប៉ា​ង​ដែរ​ការ​គ្រង​សម្លៀក​បំពាក់​បែប​នេះ ពិតជា​សម​នឹង​ការ​លើកតម្កើង​ប្រពៃណី​ខ្មែរ គ្រា​យើង​នៅ​ស្រុក​គេ​» ។

ការ​បន្ដ​ការ​សម្ដែង​ជា​ច្រើន​ខែ​ទៀត​នៅ​អា​មេ​រិ​ក ឆៃ​លី ដា​ឡែ​ន និយាយ​ថា ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ និង​ចាត់​ទុក​ថា​ជា​សំណាង​មួយ​ដែរ ដែល​អាជីព​សិល្បៈ​របស់​នាង​នៅ​តែ​លូតលាស់​ទៅ​មុខ ដោយ​មាន​អ្នក​ចូល​ចិត្ត​ទាំង​ក្នុង និង​ក្រៅ​ស្រុក ។ ឆែ​លី ដា​ឡែ​ន និយាយ​ថា នាង​នឹង​មក​កម្ពុជា​វិញ​នៅ​ពេល​ចប់​ភារកិច្ច ៕