ខែ​ឧសភា​នេះ ប្រលោមលោក​ Sabay ត្រៀម​ចេញ​ផ្សាយ​រឿង​អ្វី​ខ្លះ?

កាល​ពីចុង​ខែ​មេសា ​ប្រិយមិត្ត​ជា​ច្រើន​បាន​ជក់​ចិត្ត​នឹង​សាច់​រឿង​ «របៀន​ងងឹត»  ជា​ប្រភេទ​អប្បិយជំនឿ​របស់​ក្មេង​ស្រី​ម្នាក់​ ដែល​ធ្លាក់​ខ្លួន​នៅ​ក្នុង​មន្ត​អាគម​ខ្មៅ​ងងឹត​មួយ​ដោយ​មិន​ដឹង​ខ្លួន។ គិត​​ចាប់តាំង​ពី​ថ្ងៃ​នាង​ឈាន​ជើង​ជាន់​ភូមិគ្រឹះ​ដ៏​ស្ដុកស្ដម្ភ​នៅ​ស្រុក​បារាំង​ភ្លាម អារម្មណ៍​ចម្លែក​ក៏​បាន​កើត​ឡើង​ភ្លាម​ដែរ។ ​ជា​រៀងរាល់​យប់ ​នាង​តែង​តែ​លង់លក់​ដូច​គេ​ស្លាប់ និង​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​សោះ​ឡើង។

 

សម្រាប់​ខែ​ឧសភា​នេះ ប្រលោមលោក​Sabay ​ក៏​បាន​ត្រៀម​សាច់រឿង​ថ្មីៗ ល្អៗ​ សម្រាប់​មិត្ត​អ្នក​អាន​កម្សាន្ត​អារម្មណ៍​បន្ត​ទៀត​ដែរ។ ចង់​ដឹង​ថា​រឿង​អ្វី​ខ្លះ​នឹង​ចេញ​ផ្សាយ​ក្នុង​ខែ​នេះ? តោះ​អាន​សាច់រឿង​ខ្លះ​ៗ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

 

១. មាន់​ថ្មី​របស់​ខ្ញុំ

ខែ​ឧសភា​នេះ ប្រលោមលោក​ Sabay ត្រៀម​ចេញ​ផ្សាយ​រឿង​អ្វី​ខ្លះ?
បុរស​ម្នាក់​រើ​ផ្ទះ​មក​នៅ​កន្លែង​ថ្មី ក៏​ប៉ះ​នារី​គូ​ជម្លោះ​ដែល​ជួប​គ្នា​ដោយ​ចៃដន្យ​កាល​ពី​លើក​មុន និង​ត្រូវ​នារី​មាត់​រអិល​ដាក់​ឈ្មោះ​ឱ្យ​ថា​មាន់​ថ្មី។ ដោយសារ​ផ្ទះ​នៅ​ជិត​គ្នា ទាំង​ខាង​ប្រុស​និង​ខាង​ស្រី តែងតែ​ភ្ញាក់​ពី​ព្រឹក​លួច​មើល​គ្នា​រាល់​ថ្ងៃ ព្រោះ​ចង់​ដឹង​ថា​តើ​ម្នាក់ៗ​ព្រឹក​ឡើង​ធ្វើ​អី​ខ្លះ?

 

​ពួក​គេ​ទាំង​ពីរ​នាក់​លង់​ចិត្ត​ស្រលាញ់​គ្នា​ដោយ​មិន​ដឹង​ខ្លួន​មែន​ទេ? តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង ពេល​ដែល​មនុស្ស​ពីរ​នាក់​មិន​ត្រូវ​គ្នា​សោះ ហើយ​បែរ​ជា​មក​រស់នៅ​ផ្ទះ​ក្បែរ​គ្នា​ទៅ​វិញ? កុំ​ភ្លេច​រង់ចាំ​តាមដាន​ ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ សុក្រ​ ទី​៦ ខែ​នេះ

 

២.បំណុល​លុយ​ម្ចាស់​បេះដូង

ខែ​ឧសភា​នេះ ប្រលោមលោក​ Sabay ត្រៀម​ចេញ​ផ្សាយ​រឿង​អ្វី​ខ្លះ?
​ស្ថិត​ក្នុង​ស្ថានភាព​ទាល់​ច្រក នារី​ម្នាក់​យល់ព្រម​រស់នៅ​ជាមួយ​បុរស​កូន​អ្នក​មាន​ទាំង​បង្ខំ​ចិត្ត ព្រោះ​ដើម្បី​យក​លុយ​ទៅ​មើល​ថែ​ម្ដាយ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ទឹក​ភ្នែក​ជា​ច្រើន​តំណក់​បាន​រមៀល​ធ្លាក់​កាត់​ផែន​ថ្ពាល់​ដ៏​រលោង​របស់​ស្រី​កម្សត់ ​ព្រោះ​ការ​ឈឺចាប់​វា​មាន​ច្រើន​ខ្លាំង​ពេក។ នាង​បាន​ក្បត់​សង្សារ​ដែល​ស្រលាញ់​ស្មើ​ជីវិត ហើយ​ផ្លាស់​​មក​រស់នៅ​ខុនដូរ​ ដោយ​មិន​បាន​ប្រាប់​មូលហេតុ​សូម្បី​តែ​មួយ​ម៉ាត់។

 

បើ​ទោះបី​ជម្រើស​នេះ​ធ្វើ​ឱ្យ​នាង​គ្រាំគ្រា​ចិត្ត​ លំបាក​ក្នុង​ទ្រូង​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​សុខ​ចិត្ត​ទ្រាំ​លេប​ថ្ម​លេប​គ្រួស ដើម្បី​បាន​លុយ​ព្យាបាល​ម្ដាយ​ជា​ទី​ស្រលាញ់។ តើ​ខ្សែ​ជីវិត​នាង​នឹង​ទៅ​ជា​យ៉ាង​ណា? ហើយ​សង្សារ​នាង​បាន​ដឹង​ការ​ពិត​​ឬ​ទេ? ប្រលោមលោក​ស្នេហា​ដែល​មាន៤ភាគ​នេះ នឹង​ចេញ​ផ្សាយ​ថ្ងៃ​អង្គារ ទី​១០ ខែ​ឧសភា​នេះហើយ

 

៣. If I Stay

ខែ​ឧសភា​នេះ ប្រលោមលោក​ Sabay ត្រៀម​ចេញ​ផ្សាយ​រឿង​អ្វី​ខ្លះ?
សាច់​រឿង​ថ្មី​របស់​អ្នកស្រី Gayle Forman ដែល​និយាយ​អំពី​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​ បាន​កើត​ឡើង​លើ​នារី​ម្នាក់​ និង ក្រុម​គ្រួសារ​របស់​នាង។ ប៉ា ម៉ាក់ និង ប្អូន​ប្រុស​របស់​នាង​សុទ្ធ​តែ​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​នេះ​ទាំង​អស់ នៅ​សល់​តែ​នាង​ម្នាក់​គត់​ដែល​កំពុង​តែ​វិលវល់​ក្នុង​ពិភព​មួយ​មិន​មែន​ជា​ពិភព​មនុស្ស ហើយ​ក៏​មិន​មែន​ជា​ពិភព​ខ្មោច​ដែរ…​

 

នាង​អាច​មើល​ឃើញ​រាងកាយ​ស្ដូកស្ដឹង​របស់​ខ្លួន​ឯង​នៅ​ក្នុង​មន្ទីរពេទ្យ​ តែ​មិន​ដឹង​ថា​តើ​នាង​អាច​នឹង​តស៊ូ​រស់​បន្ត​ទៀត​ដោយ​គ្មាន​គ្រួសារ ឬ​ ក៏​ទៅ​ពិភព​មួយ​ផ្សេង​ចោល​សង្សារ​និង​មិត្តភ័ក្ដិ​ដ៏​ល្អ​របស់​នាង​នោះ​ទេ…។ សាច់​រឿង​នេះ​មាន​ដល់​ទៅ​៨​ភាគ ហើយ​នឹង​ចេញ​ផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​ ទី​១៨ ខែ​ឧសភានេះ

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ