កម្មករ​រោងចក្រ​កាបូប​ជាង​៤០០​នាក់ ​ជួបជុំគ្នា​មុខ​រោងចក្រ ​ខណៈ​រោងចក្រ​ក្ស័យធន​

កម្មករ​រោងចក្រ​កាបូប​ជាង​៤០០​នាក់ ​ជួបជុំគ្នា​មុខ​រោងចក្រ ​ខណៈ​រោងចក្រ​ក្ស័យធន​



កំពង់ស្ពឺ ៖ ក្រុម​កម្មករ-ការិនី​រោងចក្រ​កាបូប​ប្រមាណ​ជាង​៤០០​នាក់ បាន​ប្រមូល​ម្ដុំ​គ្នា​នៅមុខ​រោង​ចក្រ​ នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ បន្ទាប់​ពី​ថៅកែ​រោងចក្រ​ក្ស័យធន ហើយ​បាន​បិទទ្វារ​ផ្អាក​បណ្ដោះអាសន្ន​អស់​រយៈពេល​ជាង​៣​ខែ​កន្លង​មក​នេះ​ ដោយ​សន្យា​បើក​វិញ​នៅ​ដើមខែ​ឧសភា ប៉ុន្តែ​ពេល​កម្មករ​មក​រោងចក្រ​បិទទ្វារ​ជិត និង​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ចូល​ក្នុង​រោងចក្រ​ឡើយ។

រោងចក្រ​កាបូប​ដែល​ក្ស័យធន​នោះ​មានឈ្មោះ ​វី​កកូ ហ៊ែ​ល​ប៊ែ​ក មាន​ទីតាំង​ជាប់​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​សាំង​ជៀក ឃុំ​ត្រពាំង​គង ស្រុក​សំ​រោងទង ខេត្ត​កំពង់ស្ពឺ។

ក្រុម​កម្មករ​-​ការិនី​ដែល​ឈរ​មុខ​រោងចក្រ​បាន​និយាយ​ថា ពួកគាត់​អត់​មាន​ការងារ​ធ្វើ​៣​ខែ​កន្លង​មក​ហើយ បន្ទាប់​ពី​ថៅកែ​រោងចក្រ​បិទទ្វារ ដោយ​បាន​សន្យា​ជាមួយ​កម្មករ​ថា​ នឹង​បើក​ដំណើរការ​ឡើងវិញ​ក្នុង​ខែ​ឧសភា ប៉ុន្តែ​មិន​គោរព​កិច្ចសន្យា​សោះ​ ពេល​ពួកគាត់​ចូល​មក​វិញ​ សន្តិ​សុខ​បិទទ្វារ​មិន​ឲ្យ​ចូល​ទេ។

សូម​រំលឹក​ថា រោងចក្រ​កាបូប ​វី​កកូ​ នេះ ​បាន​បិទទ្វារ​តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦​ ដោយ​ថៅកែ​ប្រកាស​ក្ស័យធន​ផ្អាក​បណ្ដោះអាសន្ន​មួយ​រយៈ​សិន​ នឹង​ត្រូវ​បើក​វិញ​ក្នុង​ដើមខែ​ឧសភា​នេះ ប៉ុន្តែ​មើល​ទៅ​ដូចជា​គ្មាន​សង្ឃឹម​សោះ។ ចំពោះ​ការ​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ឲ្យ​កម្មករ​ក៏​គ្មាន​ដែរ ខណៈ​ដែល​សម្ភារៈ​សំខាន់ៗ និង​មានតម្លៃ​ ត្រូវ​បាន​ដឹកជញ្ជូន​ចេញពី​ក្នុង​រោងចក្រ​អស់​គ្មាន​សល់​នោះ​៕