អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-ការិនី​ជិត​៥០​ភាគរយ នៅក្នុង​ស្រុក​កំពង់ត្រឡាច ​និង​ស្រុក​សាមគ្គី​មាន​ជ័យ​គ្មាន​ប័ណ្ណបើកបរ​

អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-ការិនី​ជិត​៥០​ភាគរយ នៅក្នុង​ស្រុក​កំពង់ត្រឡាច ​និង​ស្រុក​សាមគ្គី​មាន​ជ័យ​គ្មាន​ប័ណ្ណបើកបរ​



កំពង់ឆ្នាំង ​៖ អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ជិត​៥០% នៅក្នុង​ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មាន​ជ័យ​គ្មាន​ប័ណ្ណបើកបរ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦ ក្រោយពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត និង​មន្ត្រី​សាធារណការ​ខេត្ត​ បាន​សហការ​គ្នា​ចុះ​ពិនិត្យ​ស្រាវជ្រាវ​រយៈពេល​៤​ថ្ងៃ​រួចមក បន្ទាប់ពី​លោ​ក​អភិបាលខេត្ត​មាន​ប្រតិកម្ម ក្នុងករណី​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​របួស​កម្មករ​៧០​នាក់ ព្រោះតែ​អ្នក​បើកបរ​គ្មាន​ប័ណ្ណ​បើកបរ​។​

​ លោក ឈឹម សារុន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ យោង​តាម​គោលការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង កម្លាំ​ង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ស្រុក បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ​ខេត្ត ចុះ​ធ្វើការ​ត្រួ​ត​ពិនិត្យ​ស្រាវជ្រាវ​ពី​លក្ខណៈ​បច្ចេកទេស​រថយន្ត និង​ប័ណ្ណបើកបរ​រថយន្ត​ទៅលើ អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​-ការិនី​ចំនួន​១៨៩​គ្រឿង នៅក្នុង​ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ​។ ការ​ត្រួត​ពិ​និត្យ​នេះ​គឺ​ធ្វើ​ឡើង​ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​ដឹក​កម្មករ​-ការិនី​ជា​បន្តបន្ទាប់ និង​បណ្ដាលឲ្យ​មាន​អ្នក​រង​របួស​ធ្ងន់-​ស្រាល​រាប់​សិប​នាក់​នៅពេល​ថ្មីៗ​នេះ​។​
​ ​
លោក​បាន​បន្ត​ថា​ តាម​គោលការណ៍​របស់​ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​ដែល​បាន​ថ្លែង​នៅក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ក្នុងស្រុក​កំពង់ត្រឡាច​ថា « អ្នកបើកបរ​រថយន្ត​ទាំង​ឡាយ​ណា​ដែល​គ្មាន​ប័ណ្ណបើកបរ​រថយន្ត គឺ​ត្រូវ​បញ្ឈប់​មិន​អនុញ្ញាត​ឲ្យ​បើកបរ​ដឹក​កម្មករ-ការិនី​ទៀត​ឡើយ ព្រោះ​កន្ល​ង​មក​នៅ​ចុងឆ្នាំ​២០១៥​មាន​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មករ-ការិនី​ចំនួន​២​លើក បណ្ដាល​ឲ្យ​កម្មករ-ការិនី​រង​របួស​ធ្ងន់-​ស្រាល​ជាង​១០០​នាក់ ហើយ​នៅពេល​ថ្មីៗ​នេះ រថយន្ត​ដឹក​កម្មករ​ពី​ស្រុក​កំពង់ត្រឡាច​បាន​ក្រឡាប់​នៅ​ស្រុក​ឧត្តុង្គ បណ្ដាលឲ្យ​កម្មករ-ការិនី៧០​នាក់​រង​របួស​ធ្ងន់​-ស្រាល​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​ក្នុង​ហេតុការណ៍​ក្រឡាប់​ទាំង​៣​ករណីនេះ គឺ​សុទ្ធតែ​គ្មាន​ប័ណ្ណបើកបរ​ទាំងអស់ »​។​
​ ​
ហេតុ​នេះ​ហើយ ទើប​ចាប់ពី​ថ្ងៃទី​២៨ ខែមេសា រហូតមកដល់​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៦​នេះ សម​ត្ថកិច្ច​ចម្រុះ​បាន​ត្រួតពិនិត្យ​ទៅលើ​អ្នកបើកបរ​រថយន្ត និង​ពិនិត្យ​បច្ចេកទេស​រថយន្ត​បាន​ចំនួន​១៨៩​គ្រឿង ដែល​ដឹក​កម្មករ-ការិនី​នៅក្នុង​រោងចក្រ​ចំនួន​៤ ជា​រៀងរាល់ថ្ងៃ គឺ​រោងចក្រ​តឹក​ហ្វុ​ក ជី​ង​យី ខេ​ម​ហ្វ​ត និង​រោងចក្រ​ឡុង​លី​ត ស្ថិត​ក្នុងស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ ក្នុង​នោះ​រក​ឃើញ​អ្នក​គ្មាន​ប័ណ្ណបើកបរ​រថយន្ត​ចំនួន​៨៤​នាក់ រថយន្ត​មាន​សំបក​កង់​សឹករិចរិល​ខុស​បច្ចេកទេស​មាន​ចំនួន​៤១​គ្រឿង និង​គ្មាន​ខ្ចៅ​តា​កេ​មួល​ឲ្យ​បាន​ជាប់​គ្រប់គ្រាន់​ចំនួន​១៣​គ្រឿង​។

ចំពោះ​អ្នកបើកបរ​រថយន្ត​ខុសច្បាប់​ទាំងនោះ សមត្ថកិច្ច​ចម្រុះ​បាន​អនុវត្តន៍​តាម​គោលការណ៍​ច្បាប់ គឺ​អ្នក​ដែល​គ្មាន​ប័ណ្ណបើកបរ ត្រូវ​រក​អ្នកមាន​ប័ណ្ណបើកបរ​មក​បើក​ជំនួស​សិន និង​ត្រូវ​ប្រញាប់​ទៅ​ប្រឡ​ង​យក​ប័ណ្ណបើកបរ តែបើ​នៅ​បើកបរ​ដឹក​កម្មករ​គ្មាន​ប័ណ្ណបើកបរ​ទៀត​នោះ ពេល​សមត្ថកិច្ច​ពិនិត្យ​ឃើញ​គឺ​ត្រូវ​ចាប់​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស ឬ​ពិន័យ​ទៅតាម​ផ្លូវច្បាប់​។ ចំពោះ​រថយន្ត​ ដែល​មាន​កង់​សឹករិចរិល និង​រថយន្ត​ខ្វះ​ខ្ចៅ​តា​កេ គឺ​ត្រូវតែ​ផ្លាស់ប្ដូរ​ថ្មី បើ​មិន​ព្រម​ដោះដូរ​ទេ​នោះ ក៏​ត្រូវ​ពិន័យ​តាមច្បាប់​កំណត់​ដែរ គឺ​មិន​លើក​លែង​ឲ្យ​ទៀត​ឡើយ​៕

អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-ការិនី​ជិត​៥០​ភាគរយ នៅក្នុង​ស្រុក​កំពង់ត្រឡាច ​និង​ស្រុក​សាមគ្គី​មាន​ជ័យ​គ្មាន​ប័ណ្ណបើកបរ​

អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-ការិនី​ជិត​៥០​ភាគរយ នៅក្នុង​ស្រុក​កំពង់ត្រឡាច ​និង​ស្រុក​សាមគ្គី​មាន​ជ័យ​គ្មាន​ប័ណ្ណបើកបរ​

អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-ការិនី​ជិត​៥០​ភាគរយ នៅក្នុង​ស្រុក​កំពង់ត្រឡាច ​និង​ស្រុក​សាមគ្គី​មាន​ជ័យ​គ្មាន​ប័ណ្ណបើកបរ​
​ ​