អ្នក​ជំនាញ​ប្រាប់​មូល​ហេតុ​ បង្ក​ឱ្យ​កើត​​ជំងឺ​មុខ​ក្រហម និង​វិធី​ព្យាបាល

ជំងឺ​មុខ​ក្រហម ជា​ជំងឺ​សើស្បែក​មួយ​ប្រភេទ ដែល​ស្បែក​មុខ​ឡើងក្រហម​កន្ទួល កន្ទួល​មាន​ខ្ទុះ ​មាន​លក្ខណៈ​​ប្រហាក់ប្រហែល​ជំងឺ​មុន​ដែរ ហើយ​វា​​ច្រើន​កើត​នៅ​លើ​ស្ត្រី​​។ ថ្ងៃ​នេះ Sabay  បាន​សម្ភាសន៍​​លោក​ វេជ្ជបណ្ឌិត​ សេង ម៉ាឡា ​​ឯកទេស​ជំងឺ​សើ​ស្បែក ​​និង​កាមរោគ​​​ ដើម្បី​ឱ្យ​លោក​​ពន្យល់​ពី​មូលហេតុ​ និង​វិធីសាស្ត្រ​​ព្យាបាល​ខ្លីៗ​​​ដល់​​​ប្រិយមិត្ត​ ពិសេស​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​នេះ​ បាន​យល់​ដឹង​​ដូច​ខាងក្រោម៖

អ្នក​ជំនាញ​ប្រាប់​មូល​ហេតុ​ បង្ក​ឱ្យ​កើត​​ជំងឺ​មុខ​ក្រហម និង​វិធី​ព្យាបាល

Sabay៖ ជម្រាបសួរ​លោក វេជ្ជបណ្ឌិត! តើ​លោក​អាច​ប្រាប់​បាន​ទេ​ថា តើ​ជំងឺ​មុខ​ក្រហមបណ្ដាល​មក​ពី​អ្វី?

វេជ្ជបណ្ឌិត សេង ម៉ាឡា៖ មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​អំណះអំណាង​ណា​មួយ ដែល​បង្ហាញ​ថា ជំងឺនេះ​បណ្ដាល​មក​ពី​អ្វី​នៅ​ឡើយ​ទេ​ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ដែល​អាច​បង្ក​ឲ្យ​​កើត​ជំងឺ​នេះ គឺ ភាព​មិន​ធម្មតា​របស់​សរសៃ​ឈាម ការ​ត្រូវ​កម្ដៅ​ថ្ងៃ ការ​ញ៉ាំ​​ចំណី​អាហារ​ដែល​ហឹរ​ខ្លាំង ភេសជ្ជៈ​ក្តៅ គ្រឿងស្រវឹង​។ ការ​រស់​នៅ​តំបន់​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង ឬ​ក្ដៅ​ខ្លាំង​ពេក ​​ ​​ការ​ប្រើប្រាស់​ថ្នាំ​ស្តេរ៉ូអ៊ីត​លាប​កម្រិត​ខ្លាំង ឬ​សារធាតុ​ទាំងឡាយ​ណា​ដែល​ធ្វើ​ឲ្យ​​ងាយ​រលាក​ស្បែក តំណពូជ មេរោគ និង​ស្រ្តេស ជាដើម។

Sabay៖ តើ​គេ​អាច​សម្គាល់ ប្រភេទ និង​រោគសញ្ញា នៃ​ជំងឺ​​នេះបាន​​យ៉ាង​ដូចម្ដេច?
វេជ្ជបណ្ឌិត សេង ម៉ាឡា៖ ផ្អែក​​តាម​​​ NRS ​​(National Rosacea Society) ជំងឺ​មុខ​ក្រហម​ត្រូវ​បាន​ចែក​ជា​៤​ប្រភេទ​៖

១.Erythematotelangectatic:​​ ក្រហម ក្រហាយ និង​ មាន​សរសៃ​ឈាម​តូចៗ​លើ​ផ្ទៃមុខ។

២.​Papulopustular Rosacea: មុខ​ក្រហម កន្ទួល​ក្រហម​តូច​ៗ និង​មាន​កន្ទួល​ក្រហម​មាន​ខ្ទុះ នៅ​លើ​ផ្ទៃ​មុខ។

៣.Phymatous Rosacea:​ ស្បែក​នៅ​ច្រមុះ ត្រចៀក​សងខាង ថ្ងាស ចង្កា ឡើង​ក្រាស់ និង​មាន​វត្តមាន​ដុំ​នៅ​គៀក​ៗ​គ្នា។

៤.Ocular Rosacea: ភ្នែក​ឡើង​ក្រហម រលាក ស្ងួត ក្រហាយ។

អ្នក​ជំនាញ​ប្រាប់​មូល​ហេតុ​ បង្ក​ឱ្យ​កើត​​ជំងឺ​មុខ​ក្រហម និង​វិធី​ព្យាបាល

Sabay៖ តើ​អាច​ព្យាបាល​ជំងឺ​នេះ​តាម​របៀប​ណា?
វេជ្ជបណ្ឌិត សេង ម៉ាឡា៖ ជំងឺ​នេះ​ជា​ជំងឺ​មួយ​ដែល​អាច​ព្យាបាល​ជា​សះស្បើយ ប៉ុន្តែ​វា​អាច​កើត​ឡើង​វិញ​​​​ ហើយ​ការ​ព្យាបាល​តម្រូវ​​ឲ្យ​​អ្នក​ជំងឺ​ធ្វើ​ការ​កាត់​បន្ថយ​នូវ​កត្តា​ដែល​អាច​បង្ក​​​​ឲ្យ​​កើត​ជំងឺ រួមជាមួយ​នឹង​ការ​ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ពាក់​មួក ឬ​ប្រើ​ឆត្រ​ពេល​ចេញ​​ទៅ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ និង​ប្រើប្រាស់​ឱសថ​ប្រភេទ​លាប និង​លេប។ ​ករណី​ចាំបាច់​គួរ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​សើស្បែក ដើម្បី​វិនិច្ឆ័យ​ប្រភេទ​ជំងឺ ​និង​វិធី​ព្យាបាល​ដ៏​សមស្រប។

ម្ចាស់​គ្លីនិក​​​​សើស្បែក​ទឹកថ្លា​ខាងលើ ​បាន​បញ្ជាក់​ថា ​​បើ​ផ្អែក​តាម​​ NRS (National Rosacea Society) ​​ប្រជាជន​ប្រមាណ​១៦​លាន​នាក់​ជុំវិញ​ពិភពលោក បាន​កើត​មាន​បញ្ហា​នេះ​​ ហើយ​ជំងឺនេះ​កើត​លើ​ស្រី្ត​ច្រើន​ជាង​បុរស ដែល​វ័យ​កណ្ដាល ​​​អាយុ​ចន្លោះ​ពី ៣០ ទៅ ៥០​​ឆ្នាំ ប៉ុន្តែ​វា​ក៏​អាច​កើត​មាន​លើ​វ័យ​ចាស់​​ និង​ជំទង់​​​ដែរ៕

ប្រភព៖ sabay

  • អ្នក​ជំនាញ​ប្រាប់​មូល​ហេតុ​ បង្ក​ឱ្យ​កើត​​ជំងឺ​មុខ​ក្រហម និង​វិធី​ព្យាបាល已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/03  Category:សុខភាព
Tags: