អង្គការ​សហប្រជាជាតិ​ឆ្លើយ​តប​នឹង​រដ្ឋាភិបាល​កម្ពុជា​ករណី​ចំណាត់​ការ​របស់ ACU

តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី វ៉ាន ហ៊ាលី (Wan-Hea Lee) បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិកថា ស្ថាប័ននេះបានឆ្លើយតបជាផ្លូវការទៅរដ្ឋាភិបាលកម្ពុជាហើយ ទាក់ទងនឹងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ទៅលើមន្ត្រីមួយរូបរបស់ស្ថាប័នខ្លួន គឺលោក សឺន សាលី។

អ្នកស្រី វ៉ាន ហ៊ាលី បញ្ជាក់ថា ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កំពុងរង់ចាំការឆ្លើយតបពីរដ្ឋាភិបាលវិញ។ អ្នកស្រីបន្តថា អង្គការសហប្រជាជាតិ ស្វែងរកមធ្យោបាយមួយក្នុងការសហការជាមួយរដ្ឋាភិបាលលើនីតិវិធីតុលាការ ដោយស្របតាមអនុសញ្ញាស្ដីពីអភ័យឯកសិទ្ធិរបស់មន្ត្រីអង្គការសហប្រជាជាតិ។

អ្នកស្រីបញ្ជាក់ថា ចំណាត់ការរបស់តុលាការក្នុងករណីមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប នោះ គឺជាការធ្វើតេស្ដដ៏សំខាន់មួយទៅលើឯករាជភាព និងសុចរិតភាពរបស់ប្រព័ន្ធតុលាការនៅកម្ពុជា។

អ្នកស្រីឲ្យដឹងដែរថា តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងបន្តតាមដានសំណុំរឿងទាំងនេះដោយយកចិត្តទុកដាក់ ហើយសង្ឃឹមថា ដំណើរការកាត់ក្ដី នឹងប្រព្រឹត្តទៅដោយយុត្តិធម៌ពេញលេញ៕

អង្គការ​សហប្រជាជាតិ​ឆ្លើយ​តប​នឹង​រដ្ឋាភិបាល​កម្ពុជា​ករណី​ចំណាត់​ការ​របស់ ACU

តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី វ៉ាន ហ៊ាលី (Wan Hea Lee) ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ក្រោយពីបញ្ចប់ការចូលរួមទិវាសិទ្ធិមនុស្សនៅកោះពេជ្រ នៅថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៥។

ប្រភពៈ RFA