អ្នក​វិភាគ៖ បណ្តឹង​ប្រឆាំង​លោក​​ អ៊ូ វីរៈ​ បង្ហាញ​ពី​ចេតនា​រឹតត្បិត​លើ​សេរីភាព​បញ្ចេញ​មតិ

ភ្នំពេញ—លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ នឹងឡើងបំភ្លឺនៅតុលាការក្រុងភ្នំពេញ នាសប្តាហ៍ខាងមុខ តាមបណ្តឹងបរិហារកេរ្តិ៍របស់គណបក្សកាន់អំណាច ដែលការវិវត្តនយោបាយនេះ បង្ហាញពីការគាបសង្កត់ និងគំរាមកំហែងដល់សិទ្ធិបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមអ្នកវិភាគ និងមន្ត្រីការពារសិទ្ធិមនុស្ស ដែលថ្លែងអះអាងប្រាប់ VOA នៅថ្ងៃច័ន្ទនេះ។

ការលើកឡើងនេះគឺស្របពេល ដែលតុលាការក្រុងភ្នំពេញ កោះហៅអ្នកវិភាគលោក អ៊ូ វីរៈ ឲ្យចូលខ្លួននាថ្ងៃទី១២ ខែឧសភាខាងមុខ តាមបណ្តឹងបរិហារកេរិ៍្តរបស់លោក សុខ ឥសាន អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងកាលពីសប្តាហ៍កន្លងទៅនេះ។

លោក អំ សំអាត ប្រធានការិយល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូថ្លែងប្រាប់ VOA នាថ្ងៃច័ន្ទនេះថា៖

«យើងឃើញថា ការប្តឹងនេះគឺជាសារមួយដែលផ្ញើថា ការិះគន់ និងការបញ្ចេញមតិទាំងឡាយ ត្រូវបានរឹតត្បិតសិទ្ធិសេរីភាព ហើយត្រូវតែមានការពិចារណា។ នេះគឺដូចជាការណ៍មួយ ដែលផ្ញើសារមួយគំរាមកំហែងដល់អ្នករិះគន់ ឬក៏បញ្ចេញមតិទាំងឡាយ ដែលមានការិះគន់នេះ បាទ!»។

អ្នក​វិភាគ៖ បណ្តឹង​ប្រឆាំង​លោក​​ អ៊ូ វីរៈ​ បង្ហាញ​ពី​ចេតនា​រឹតត្បិត​លើ​សេរីភាព​បញ្ចេញ​មតិ

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយក្នុងប្រទេសកម្ពុជា។ (ឡេង ឡែន/VOA)

លោកបន្តថា ការដំណើរការពាក្យបណ្តឹងលើរូបលោក អ៊ូ វីរៈ គឺហាក់ដូចជាមានល្បឿនលឿនខុសពីករណីបណ្តឹងផ្សេងៗ ហើយការប្តឹងលើអ្នកវិភាគរូបនេះ គឺបង្ហាញពីដំណើរចាកឆ្ងាយពីនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។

លោក អំ សំអាត ពន្យល់ថា៖«ខ្ញុំគិតថា រឿងលោក អ៊ូ វីរៈ បើយើងមើលទៅលើប្រទេសដែលមានលទ្ធិប្រជាធិប្បតេយ្យ និងនីតិរដ្ឋហ្នឹង គឺយើងពិនិត្យមើលលើការបញ្ចេញមតិជាធំ ពីព្រោះសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ គឺសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិហ្នឹងហើយ។ ហើយមួយទៀតស្ថាប័នក៏ដោយ គណបក្សនយោបាយក៏ដោយ យើងត្រូវតែប្រឈម ឬក៏រាជរដ្ឋាភិបាលក៏ដោយ យើងត្រូវគិតថា វាតែងតែមានការរិះគន់ ដើម្បីធ្វើការស្ថាបនា ឬក៏មានការរិះគន់ដោយចៀសមិនផុតទេ ព្រោះអានេះ វាគឺជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ»។

អ្នក​វិភាគ៖ បណ្តឹង​ប្រឆាំង​លោក​​ អ៊ូ វីរៈ​ បង្ហាញ​ពី​ចេតនា​រឹតត្បិត​លើ​សេរីភាព​បញ្ចេញ​មតិ

លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ ផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាន VOA នៅក្នុងបរិវេណតុលាការកំពូល កាលពីថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)

ស្របគ្នានោះដែរ លោក កែម ឡី អ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយថ្លែងថា ការប្តឹងផ្តល់នេះ គឺវាហាក់ដូចជា «មិនសមហេតុផល» ដោយគ្រាន់តែអ្នកវិភាគធ្វើការរិះគន់ និងវិភាគអ្វីដែលអាចនឹងកើតឡើងនោះ។ លើសពីនេះទៀត គណបក្សកាន់អំណាច មិនគួរប្រើប្រាស់បទបរិហារកេរ្តិ៍ យកមកធ្វើការគាបសង្កត់លើសេរីភាពនៃការបញ្ចេញមតិនោះទេ។

លោក កែម ឡី ថ្លែងប្រាប់ VOA ថា៖«ខ្ញុំមើល។ ខ្ញុំមិនមែនអ្នកច្បាប់ទេ តែវាមិនសមហេតុមិនសមផលទេ។ កាលណាយើងធ្វើជាអ្នកនយោបាយ យើងធ្វើជាគណបក្ស វាត្រូវតែផ្តល់ឱកាសឲ្យគេរិះគន់ទៅវិញទៅមក។ បើសិនជាធ្វើអ្នកនយោបាយ ធ្វើគណបក្សមិនឲ្យរិះគន់ មិនឲ្យគេកែតម្រូវ មិនឲ្យគេផ្តល់យោបល់ វាគួរតែនាំគ្នាទៅដាំដំឡូងវិញ។ អាហ្នឹងវាប្រសើរជាង មិនមាននរណាគេទៅរិះគន់ហ្អេ ហ្នឹងរឿងមួយ។ រឿងទី២ គឺយើងមិនមាននិយមន័យច្បាស់លាស់ ហើយយើងយកបទបរិហាកេរ្តិ៍យកមកធ្វើការគាបសង្កត់លើសិទ្ធិសេរីភាពគំនិត សិទ្ធិសេរីភាពនៃការបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការចូលរួមនោះទេ ពីព្រោះវាគ្រាន់តែជាការចេញជាការនិយាយ។ វាមានខុសមានត្រូវ»។

អ្នក​វិភាគ៖ បណ្តឹង​ប្រឆាំង​លោក​​ អ៊ូ វីរៈ​ បង្ហាញ​ពី​ចេតនា​រឹតត្បិត​លើ​សេរីភាព​បញ្ចេញ​មតិ

លោក កែម ឡី អ្នកវិភាគសង្គមកម្ពុជា ផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានអំពីករណីស្នេហាលួចលាក់របស់លោក កឹម សុខា កាលពីអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

កាលពីថ្ងៃច័ន្ទសប្តាហ៍កន្លងទៅ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន សម្រេចដាក់ពាក្យបណ្តឹងបរិហារកេរិ៍្តប្រឆាំងលោក អ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុក ក្រោយពេលដែលលោកធ្វើកិច្ចវិភាគតាមប្រពន្ធ័ផ្សព្វផ្សាយថា រឿងរ៉ាវនាង ខុម ចាន់តារ៉ាទី អាចជាយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច។

បណ្តឹងបរិហារកេរ្តិ៍មួយរបស់លោក សុខ ឥសាន តំណាងឲ្យគណបក្សកាន់អំណាច ទាមទាជំងឺចិត្តដល់៤០០លានរៀល ឬ១០ម៉ឺនដុល្លារអាមេរិក។ បណ្តឹងដដែលនេះបានបញ្ជូលដល់តុលាការក្រុងភ្នំពេញ កាលពីថ្ងៃច័ន្ទសប្តាហ៍កន្លងទៅ គឺមិនប៉ុន្មានម៉ោងក្រោយពេល ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមប្តឹងក្នុងទំព័រហ្វេសប៊ុករបស់លោកចំពោះ«ជនណាក៏ដោយ» ដែលធ្វើការមួលបង្កាច់ និងលាបពណ៌ក្លែងបន្លំដល់គណបក្សកាន់អំណាចនោះ។

នាសប្តាហ៍នេះ តុលាការក្រុងភ្នំពេញបានចេញដីកាកោះពីរផ្សេងគ្នា ដើម្បីកោះហៅតំណាងគណបក្សកាន់អំណាច គឺលោក សុខ ឥសាន ឲ្យចូលបំភ្លឺនាថ្ងៃសុក្រខាងមុខ និងលោក អ៊ូ វីរៈ ឲ្យចូលខ្លួននាថ្ងៃទី១២ ខែឧសភា លើករណីបរិហារកេរ្តិ៍នេះ។

យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ បានបញ្ជាក់ប្រាប់ VOA ថា លោកនឹងចូលខ្លួនតាមការកោះហៅរបស់តុលាការក្រុង បើទោះជាលោកមានក្តីបារម្ភចំពោះការចាប់ឃុំខ្លួនរូបលោកក៏ដោយ។

លោកបានបញ្ជាក់ពីភាពសោកស្តាយចំពោះការប្តឹងរូបលោកយ៉ាងដូច្នេះ៖ «វាជារឿងសោកស្តាយមួយ ដែលយើងបំពុលបរិយាកាស យើងមិនបានជជែកគ្នារឿងសង្គម ហើយឥឡូវនេះគឺរឿងបញ្ហារាំងស្ងួត រឿងប្រជាពលរដ្ឋប្រឈមរាប់រយ រាប់ម៉ឺនជំពូកហ្នឹង យើងអត់មានបានជជែកគ្នាសោះ តាំងពីរឿងគោក្របី ត្រីស្លាប់ពេញបឹងពេញបួរ ពេញភូមិដែល។ អាហ្នឹងខ្ញុំថា វាសំខាន់ជាងរឿងខ្ញុំ។ ក៏ប៉ុន្តែរឿងខ្ញុំនេះមិនមែនជារឿងរបស់ខ្ញុំទេ តែវាជារឿងសេរីភាពនៃការបញ្ចេញមតិ ហើយរឿងមានសារៈសំខាន់សម្រាប់យុវជន ដែលទើបតែជាពន្លកដែលចូលរួមក្នុងបញ្ហាសង្គម កំពុងតែចូលរួមក្នុងការជជែកគ្នាក្នុងបញ្ហាសង្គម។ ខ្ញុំថា រឿងការតវ៉ារបស់ខ្ញុំនេះគឺដើម្បីពួកគាត់ហ្នឹងហើយបាទ!»។

ឆ្លើយតបនឹងការរិះគន់នានា លោក សុខ ឥសាន បានថ្លែងការពារពាក្យបណ្តឹងរបស់លោកប្រាប់ VOA យ៉ាងដូច្នេះ៖ «អត់ចោទអញ្ចឹងបានទេ។ បើកាលណាកុំឲ្យគេរឹតបណ្តឹង គាត់កុំធ្វើអីឲ្យវាតឹង គាត់អ្នកធ្វើឲ្យតឹងទេតើ។ បើគាត់កុំនិយាយរំលោភទៅលើក្រមសីលធម៌ រំលោភទៅលើគោលការណ៍សេរីភាពនៃការបញ្ចេញមតិ វាអត់មានបញ្ហាអីទេ។ កន្លងទៅយើង អនុគ្រោះច្រើនមកហើយ រាប់សិបឆ្នាំទៅហើយ។ អញ្ចឹងទេ វាគួរតែចាប់គាត់ទៅក្នុងនីតិរដ្ឋបានត្រូវ។ បើឥឡូវ បើយើងមិនប្តឹង គេចោទថា យើងបង្កើតវប្បធម៌និទន្ទភាពទៀតហើយ។ មនុស្សមានទោសមិនព្រមប្តឹង ឥឡូវដល់តែយើងប្តឹងថា យើងរឹតបណ្តឹង។ មិនមែនរឹតបណ្តឹងទេ បើសិនណាជាគាត់គ្មានកំហុសទេ វាអត់មានប្តឹងនោះទេ»។

ពាក្យបណ្តឹងលើលោក អ៊ូ វីរៈ គឺធ្វើឡើងអំឡុងពេលដែលស្ថានការណ៍នយោបាយមានភាពតានតឹង ការរិះគន់ពីអង្គការជាតិ អន្តជាតិ និងស្ថានទូតនានាទាក់ទិននឹងការចាប់ខ្លួនមន្ត្រីសិទ្ធិមុនស្សប្រាំរូប ដែលជួយនាង ខុម ចាន់តារ៉ាទី។ យ៉ាងណាក៏ដោយ នាថ្ងៃអាទិត្យកន្លងទៅ លោក ហ៊ុន សែន បានតបនឹងការរិះគន់ទាំងនោះថា ប្រទេសកម្ពុជាមិនមែនជាវិបត្តិនយោបាយ ឬការឡើងកម្ដៅអ្វីនោះ៕

ប្រភពៈ VOA