ខណ្ឌ​ដូន​ពេញ ក្លាយ​ជា​តំបន់​មាន​តម្លៃ​ដី​ថ្លៃ​ជាង​គេ​នៅភ្នំពេញ​ក្នុង​ត្រី​មាស​ទី​១

បើ​យោង​តាម​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចលនវត្ថុ​នៅ​កម្ពុជា បាន​ចេញ​របាយការណ៍​ក្នុង​ត្រី​មាស​ទី​១​ថា ខណ្ឌ​ដូន​ពេញ​បាន​ក្លាយ​ជា​តំបន់​មាន​តម្លៃ​ដី​ធ្លី​ថ្លៃ​ជាង​គេ​ក្នុង​ចំណោម​ខណ្ឌ​សំខាន់​ៗ​ដូច​ជា ខណ្ឌ​ចំការមន ខណ្ឌ​៧​មករា និង​ខណ្ឌ​ទួល​គោក។

 

តម្លៃ​ដី​នៅ​ខណ្ឌ​ដូន​ពេញ​មាន​ចន្លោះ​ពី ២៥០០-៦០០០ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ ចំណែក​ខណ្ឌ​ចំការមន​ដែល​អ្នក​ជំនាញ​ធ្លាប់​អះ​អាង​ថា ជា​តំបន់​ពោរពេញ​ដោយ​សក្ដានុពល​ផ្នែក​ជំនួញ​និង​អាជីវកម្ម មាន​តម្លៃ​ត្រឹម ១២០០-៥០០០ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ។

 

ខណ្ឌ​ដូន​ពេញ ក្លាយ​ជា​តំបន់​មាន​តម្លៃ​ដី​ថ្លៃ​ជាង​គេ​នៅភ្នំពេញ​ក្នុង​ត្រី​មាស​ទី​១

 

លោក គឹម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា (CVEA) បាន​និយាយ​ថា មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ខណ្ឌ​ដូនពេញ​មាន​សន្ទុះ​លើ​តម្លៃ​ដី​ធ្លី​ដូច្នេះ ដោយ​សារ​ខណ្ឌ​នេះ ជា​តំបន់​​មាន​ភាព​ងាយ​ស្រួល​គ្រប់​យ៉ាង ដូច​ជា ធនាគារ ផ្សារ​ទំនើប ​សណ្ឋាគារ​ ​តំបន់​​មាត់​ទន្លេ​ជា​ដើម។ ប្រការ​សំខាន់​មួយទៀត គឺ​ខណ្ឌ​ដូន​ពេញ​មាន​សង្កាត់​ផ្សារ​ថ្មី ដែល​សង្កាត់​នេះ​ជួយ​រុញ​ច្រាន​ឲ្យ​ខណ្ឌ​គិត​ជា​មធ្យម​ភាគ​មាន​តម្លៃ​ដីធ្លីថ្លៃ​ជាង​គេ​នៅ​ស្រុក​ខ្មែរ។​

 

លោក បាន​បន្ថែម​ថា ក្នុង​ខណ្ឌ​ដូន​ពេញ តំបន់​ដែល​ថ្លៃ​ជាង​គេ​គឺ​នៅ​ម្តុំ​ផ្លូវ​នរោត្តម​ពី​វិមាន​ឯករាជ្យ​ទៅ​វត្ត​ភ្នំ​ជា​ប្រភព​ដី​ធ្លី​ថ្លៃ​ជាងគេ ដែល​មាន​ចន្លោះ​ពី៣០០០-៦០០០ដុល្លារ​ក្នុង​មួយ​មែត្រ​ការ៉េ៕

 

ខណ្ឌ​ដូន​ពេញ ក្លាយ​ជា​តំបន់​មាន​តម្លៃ​ដី​ថ្លៃ​ជាង​គេ​នៅភ្នំពេញ​ក្នុង​ត្រី​មាស​ទី​១

 

អត្ថបទ៖ លឹម សុ​នា