ស្រី​ស្អាត​អើយ បើ​ខុស​ហើយ​កុំ​ចង់​គេច តាម​ដល់ទីបំផុត

រាជ​ធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​បើករថយន្ត​លឿន​ពេក​ បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​​ទៅ​បុក​បង្គោល​ភ្លើ​បំភ្លឺ​ផ្លូវ ​ដែល​ហេតុការណ៍​នេះ កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​ និង​១០​នាទី​យប់​ថ្ងៃ​ទី​២ ​ឧសភា ស្ថិត​​​​លើ​​រង្វង់​មូល​ស្ពាន​​ជ្រោយចង្វា ត្រង់​ចំណុច​​រង្វង់​មូល​ជ្រោយ​​ចង្វា ​ផ្លួ​វ​លេខ​៦ ក្នុងសង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

តាម​ប្រ​ភ​ព​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​.ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-7060 បើក​បរ​ដោយ​នារី​រូប​ស្រស់​ម្នាក់​មិន​ស្គាល់ឈ្មោះ​ បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿនយ៉ាង​​លឿន ​ជិះ​ពី​ស្ពាន​ជ្រោយចង្វារ​ចូល​រាជ​ធានី​ភ្នំពេញ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​រថយន្ត​បួង​ចង្កូត​មិន​ទាន់​ បាន​ជិះ​ទៅ​លើ​ខឿន​សួនច្បារ​រង្វង់​មូល​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ ដែល​នៅ​និង​លើ​រង្វង់​មូល​​វៀច​បន្តិច តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​នោះ​ឡើយ ។ ភ្លាម​ៗ​នោះ​ រថយន្ត​បាន​បើក​រ៉ឺ​យែ​ថយក្រោយ​ ហើយ​ជិះ​គេច​ទាំង​ក្រ​ពិត​ផ្នែក​ខាង​មុខ​ និង​បែក​កង់​មុខ​ខាងឆ្វេង​ ក៏​ត្រូវ​កំលាំង​មូលដ្ឋាន​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ផ្លួ​វ​កែវ​ចិន្ដា ​ដល់​មុខ​ដី​ឡូត៍​សង់ផ្ទះ​ថ្មី​មួយ​កន្លែង ​ទើប​អាច​ឃាត់​បាន ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​ត្រូវ​បាន​ប្រគល់​​ទៅ​ឱ្យ​ខាង​ចរាចរណ៍​រាជធានី​ ធ្វើការ​វាស់វែង​ ហើយ​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​ការិ​យាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ ។