តន្ត្រី​ជន​ពិការ​កំពុង​ប្រគំ​ត្រូវ​គេ​ប្រមូល​ឧបករណ៍​ដាក់​រថយន្ត

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ផែនការ​ដាក់​បម្រាម របស់​អភិបាល​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែកុម្ភៈ​ឆ្នាំ​២០១៦​កន្លង​មក​នោះ ពេល​នេះ​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន​រាជធានី​បាន​ចាប់ ផ្តើម​អនុវត្តន៍​នូវ​វិធានការ​ក្តៅ​គឺ​ចុះ​ចាប់ និង​ប្រមូល​ឧបករណ៍​តន្ត្រី​របស់​ជន​ពិការ ដែល​បាន​ធ្វើ​សកម្មភាព​ប្រគំ​រៃ​អង្គាសប្រាក់​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ ដែល​អាជ្ញាធរ​នេះ​បាន​ចោទប្រកាន់​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ បន្ទាប់​ពី​អប់រំ​ណែនាំ​តែ​មិន​ធ្វើ​តាម ។

លោក សន សុផល ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អនុវត្តន៍​តាម​ផែនការ​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​មិន​អនុញ្ញាត​ឲ្យ​ជន​ពិការ មានការ​ប្រគំ​តន្ត្រី​នៅ​តាម​ចិញ្ចើម​ផ្លូវ​ទៀត​ទេ គឺ​ត្រូវ​លុប​បំបាត់​ឲ្យ​អស់ ។ លោក​បន្ត​ថា ការ​លេងភ្លេង​នេះ​មិនមែន​ហាមឃាត់​ឬ​បិទ​សិទ្ធិ​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​ត្រូវ​រក​កន្លែង​ណា​សមរម្យ ដែល​មិន​មានការ​ប៉ះពាល់ ដោយ​មិន​អាច​ឲ្យ​ដាក់​តាម​ការ​នឹកឃើញ​បាន​ទេ ហើយ​អាជ្ញាធរ​ក៏​មានការ​ពិចារណា​ផង​ដែរ បើ​ជន​ពិការ​ណា​មានការ​លំបាក គ្មាន​ទីពឹង​ពិតប្រាកដ​មែន អាច​ស្នើ​សុំ​ឲ្យ​ជួយ​បាន​ដូច​ជា​មាន​របប​ប្រចាំខែ ។ លោក​ថា បើ​មាន​ជា​សមាគម​គេ​មាន​មូលនិធិ​ជួយ គឺ​មិន​អនុញ្ញាត​ឲ្យ​ដើរ​រហេតរហូត​ឬ​អនាថា​ទេ ។ លោក​ថា អាជ្ញាធរ​ក៏​មិន​ចង់​ធ្វើ​បែប​នេះ​ដែរ មុន​នឹង​ធ្វើ​មានការ​អប់រំ​និង​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ។

លោក សន សុផល បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ចាប់ផ្តើម​ដំបូង​មាន​ជាង​១០​ទីតាំង ក្រោយមក​អាជ្ញាធរ​បាន​ធ្វើការ​ណែនាំ គឺ​បាត់​អស់​ច្រើន នៅ​សល់​ប្រមាណ​៣​កន្លែង ដែល​មន្ទីរ​បាន​ចុះ​ឃាត់​គាត់​ដែរ តែ​មិន​ស្តាប់ ។ លោក​ថា រហូត​មក​ដល់​ពេល​នេះ ទើប​សម្រេចចិត្ត​ធ្វើការ​ដកហូត​ឧបករណ៍​និង​សម្ភារ​តែ​ម្តង ដែល​អ្នក​ទាំងនេះ​មិនមែន​ជា​សមាគម​ទេ គឺជា​ជន​ពិការ​ឯកជន​បាន​ធ្វើ​សកម្មភាព​ខ្លួនឯង​តែ​ម្តង ។

ជាក់ស្តែង ខណៈ នេះ មន្ទីរ​សង្គមកិច្ច​រាជធានី បាន​ចុះ​ណែនាំ និង​ដកហូត​សម្ភារ​តន្ត្រី​ជន​ពិការ​២​ក្រុម​នៅ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ដែល​រឹងរូស​ឲ្យ​បញ្ឈប់​សកម្មភាព ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​ជា​ការ​ព្រមាន​ឲ្យ​រាងចាល​តែ​ម្តង ។

គួរ​រំលឹក​ថា លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ក្នុង​អង្គប្រជុំ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ក្រោម​ឱវាទ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ ២០១៦ បាន​លើក​ឡើង​ថា ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​ជន​ពិការ​នៅ​តាម​ភ្លើងស្តុប និង​នៅ​តាម​ទី​សាធារណៈ​នានា ដើម្បី​រៃ​អង្គាស​លុយ​ដែល​បាន​និង​កំពុង​ធ្វើ​រាល់​ថ្ងៃនេះ គឺ​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ លើ​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ក្នុង​នាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​បណ្តា​យ​ឲ្យ​ពួក​គាត់​បន្តសកម្មភាព​បែប​នេះ​បាន​ទេ ។

លោក​បន្ត​ថា សូម​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ ត្រូវ​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់ ។ បើ​ខណ្ឌ​ណា​នៅ​តែ​មានការ​ប្រគំ​តន្ត្រី រៃ​អង្គាស​លុយ​តាម​ភ្លើងស្តុប​ទៀត​ត្រូវ​ទទួលខុសត្រូវ ហើយ​ត្រូវ​ស្វែង​យល់ និង​ពិនិត្យ​ស្ថានភាព​រស់នៅ របស់​ពួក​គាត់​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​បងប្អូន​ពិការ​ទាំងនោះ មាន​អង្គការ​ណា​ជា​អ្នក​មើល​ការ​ខុស​ត្រូវ ហើយ​ពួក​គាត់​ខ្វះខាត​អ្វីខ្លះ សាលា​រាជធានី​ភ្នំពេញ​នឹង​ដោះស្រាយ​ជូន​ពួក​គាត់​តែ​ម្តង ។

តំណាង​អង្គការ​ជន​ពិការ​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ថា ការ​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​ជន​ពិការ គឺជា​ការ​វិនិយោគ​យូរអង្វែង អាច​ស្វែងរក​ប្រាក់​ចំណូល​បានជា​រៀង​រហូត ។ ជា​មធ្យោបាយ​ចំពោះ​មុខ​នេះ សាលាក្រុង​គួរតែ​រៀបចំ​កន្លែង​ឲ្យ​ពួក​គាត់​ច្រៀង​ឲ្យ​បាន​ត្រឹមត្រូវ នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ ផ្សារ​ទំនើប ឬ​តាម​រង្គសាល​ជាដើម ដើម្បី​ឲ្យ​ពួក​គាត់​មាន​ចំណូល ខណៈ​ដែល​សាលាក្រុង​កំពុង​ស្វែងរក​មុខរបរ ឬ​ឱកាស​ការងារ​សម្រាប់​ជន​ពិការ​នោះ ។

ចំណែក​ក្រុម​ជន​ពិការ​ដែល​ច្រៀង​នៅ​ម្តុំ​ភ្លើងស្តុប​ពេទ្យ​ចិន​ធ្លាប់​និយាយ​ថា ការ​ច្រៀង​នៅ​តាម​ដងផ្លូវ​សាធារណៈ​កន្លង​មក បាន​ក្លាយជា​ចំណូល​ដ៏​សំខាន់​មួយ​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ អា​ចរក​កម្រៃ​បាន​ពី​៣​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល​ក្នុង​ម្នាក់ ។ ទោះបីជា​មានការ​ខ្មាស់​អៀន​ឬ​ធ្វើ​មិន​សមនៅ​តាម​ទី​សាធារណៈ​ក៏​ដោយ  ប៉ុន្តែ​វា​ជា​ការងារ​មួយ​ដោយ​សុចរិត​បញ្ចេញ​កម្លាំង បញ្ចេញ​ជំនាញ​តាម​រយៈ​សំនៀងពីរោះ ដើម្បី​ស្វែងរក​កម្រៃ ជា​ជាង​ការ​លើកដៃ​សំពះ​សុំទាន​គេ ។ ម្យ៉ាងទៀត​ទ​ង្វើ​របស់​ពួក​គាត់​នេះ មាន​សប្បុរសជន​បាន​គាំទ្រ និង​អាណិតអាសូរ ដែល​ជា​ការ​ចូលរួម​លើកកម្ពស់​ជីវភាព​របស់​បងប្អូន​ជន​ពិការ​ផង​ដែរ  ។

សូម​បញ្ចា​ក់ថា តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​ជន​ពិការ​ថា មួយ​រយៈពេល​កន្លង​មកនេះ ក្រុម​តន្ត្រី​ជន​ពិការ​បាន​ដាក់​ពង្រាយ​គ្នា​ច្រៀង​នៅ​តាម​ភ្លើងស្តុប តាម​ផ្សារ ឬ​វិ​ថី​សំខាន់​ៗ ក្នុង​រាជធានី​ភ្នំពេញ មាន​ប្រមាណ​ជាង​៣០​ក្រុម ដោយ​ក្នុង​នោះ​មាន​ទាំង​សមាគម និង​ក្រុម​ជន​ពិការ​ឯកជន​ផង​ដែរ ។

អ្នក​តាមដាន​មាន​មតិ​ថា បញ្ហា​ដែល​ត្រូវ​ជួយ​ដល់​ជន​ពិការ​នោះ គប្បី​ស្វែងរក​វិធី​ដោះស្រាយ​ជា​មុន​សិន មុន​ពេល​លើក​តោក​លើក​ហ៊ឹ​ង​របស់​គ្នា​បែប​នេះ ច្បាស់​ជា​ធ្វើ​ឱ្យ​ជន​ពិការ​ដាច់​បាយ​មិន​ខាន ។ ទោះបីជា​បែប​ណា របរ​នេះ​វា​គ្រាន់បើ​ជាង​ពួក​ជនពាល និង​ចោរ​ទាំងឡាយ​ដើរ​ឆក់​ប្លន់​រាល់ថ្ងៃ​ដែរ ។

មជ្ឈដ្ឋាន​ខ្លះ​ផ្តល់​មតិ​ថា ជន​ពិការ​ដូច​ជា​ពិការ​ភ្នែក​ជាដើម ទេវតា​បាន​ប្រទាន​នូវ​សំនៀង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ ទើប​ពួក​គេ​យក​សំនៀង​ដ៏​ក្រអួន​ទាំងនោះ​ទៅ​ស្វែងរក​ការ​ឧបត្ថម្ភ​តាម​ទីសាធារណៈ ៕