ចំណាត់ការ​ទៅលើ​មន្ត្រី​សិទ្ធិមនុស្ស​នាំ​ឲ្យ​មានការ​រិះគន់​ខ្លាំងក្លា​ទៅលើ​ប្រព័ន្ធតុលាការ​

ករណី​សាលាដំបូង​រាជធានី​ភ្នំពេញ យក​សំណុំរឿង​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ មក​ចាត់ការ​លើ​មន្ត្រី​អង្គការសិទ្ធិមនុស្ស​អាដ​ហុក​៤​រូប និង​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​១​រូប គឺ​លោក នី ចរិយា កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​រិះគន់​យ៉ាងខ្លាំង​ក្លា​លើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ប្រព័ន្ធតុលាការ​ក្នុងប្រទេស​កម្ពុជា​។ ជុំវិញ​បញ្ហា​នេះដែរ​តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី វ៉ាន ហ៊ា​លី​(Wan Hea Lee) បាន​ឲ្យ​ដឹងថា មានការ​ឆ្លើយតប​ជា​ផ្លូវការ​ទៅ​រដ្ឋាភិបាល​កម្ពុជា​រួចហើយ ទាក់ទង​ទៅនឹង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៅលើ​មន្ត្រី​របស់ខ្លួន​មួយរូប គឺ​លោក សឺ​ន សាលី​។​

​តាម​ការអះអាង​របស់​លោកស្រី វ៉ាន ហ៊ា​លី បាន​ឲ្យ​ដឹងថា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កំពុង​រង់ចាំ​ការឆ្លើយតប​ពី​រដ្ឋាភិបាល​កម្ពុជា ហើយ​ថា​អង្គការសហប្រជាជាតិ​ស្វែងរក​មធ្យោបាយ​មួយ​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​លើ​នីតិវិធីតុលាការ ដោយ​ស្របតាម​អនុសញ្ញា​ស្ដីពី​អភ័យឯកសិទ្ធិ​របស់​ម​ន្ត្រី​អង្គការសហប្រជាជាតិ​។ លោកស្រី វ៉ាន ហ៊ា​លី បាន​ឲ្យ​ដឹង​ទៀតថា ចំណាត់ការ​របស់​តុលាការ​ទៅលើ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះ គឺជា​ការធ្វើ​តេស្ត​ដ៏​សំខាន់​មួយ​ទៅលើ​ភាព​ឯករាជ្យ​និង​សុចរិត​ភាព​របស់​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​។

​តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​លោកស្រី វ៉ាន ហ៊ា​លី បានលើកឡើង​ទៀតថា អង្គការសហប្រជាជាតិ​នឹង​បន្ត​តាមដាន​សំណុំ​រឿងនេះ​ដោយ​យកចិត្តទុកដាក់ ហើយ​សង្ឃឹមថា​ដំណើរការ​កាត់ក្ដី​និង​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌​ពេញលេញ​។ ជាមួយគ្នានេះ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ បាន​រិះគន់​ខ្លាំងៗ​ចំពោះ​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងការ​ឃុំខ្លួន​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​៤​រូប និង​លោក នី ចរិយា អគ្គលេខាធិការរង គ​.​ជ​.​ប​។ អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​បាន​វាយតម្លៃថា មន្ត្រី​អង្គការសិទ្ធិមនុស្ស​ទាំង​៤​រូប និង​លោក នី ចរិយា មិនបាន​ប្រព្រឹត្ត​កំហុស​ណាមួយ​ដូចដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​តុលាការ​ចោទប្រកាន់​នោះទេ​។

ស្រប​ពេលដែល​មានការ​រិះគន់​ខ្លាំងៗ​ទៅលើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​តុលាការ​នោះ គឺ​ក្រសួងការបរទេស​កម្ពុ​ជា និង​សហភាព​អឺរ៉ុប​បាន​បើក​កិច្ចប្រជុំ​ពីថ្ងៃ​ទី​០២​ដល់​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦​។ កិច្ចប្រជុំ​នេះ​អាច​ផ្ដោតទៅលើ​ស្ថានការណ៍​ក្នុងប្រទេស​កម្ពុជា​ផងដែរ ក្នុងខណៈដែល​មន្ត្រី​គណបក្សជំទាស់​និង​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​ត្រូវ​ទទួលរ​ង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ឥតឈប់ឈរ​។ ជាពិសេស​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​នានា​កំពុង​រិះគន់​និង​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​មកលើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏ដូចជា​គណបក្ស​ប្រជាជន ដែលជា​គណបក្សកាន់អំណាច​៕

f6cc380caa046877d4338b8e8926440fលោក នី ចរិយា និងមន្ត្រីអង្គការសិទ្ធិមនុស្សដែលត្រូវឃុំខ្លួន 1425575092លោកស្រី វ៉ាន ហ៊ាលី មន្ត្រីអង្គការសហប្រជាជាតិ