ឥទ្ធិពល​គ្រឿងញៀន​កំពុង​បំផ្លាញ​សង្គម​កម្ពុជា​គួរ​ឲ្យ​ព្រួយបារម្ភ​

ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​មេខ្លោង​ជួញដូរ​គ្រឿងញៀន​កាលពីពេល​ថ្មី​កន្លងទៅនេះ ហើយ​បណ្ដាល​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​មួយរូប​ស្លាប់បាត់​បង់ជីវិត គឺជា​ភស្ដុតាង​បង្ហាញថា​ឥទ្ធិពល​គ្រឿងញៀន​កំពុង​បំផ្លាញ​សង្គម​កម្ពុជា​គួរ​ឲ្យ​ព្រួយបារម្ភ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ទូទៅ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏ដូចជា​ស្ថាប័ន​នគរបាល និង​កងរាជអាវុធហត្ថ​បន្ត​បង្ក្រាប​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាពិសេស​ត្រូវ​វែកមុខ​ឧក្រិដ្ឋជន​ដែលជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ធំៗ​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់ ទើប​អាច​កាត់បន្ថយ​ឥទ្ធិពល​នៃ​គ្រោះថ្នាក់​ដោយសារ​គ្រឿងញៀន​នាពេល​បច្ចុប្បន្ន​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏ដូចជា​អ្នកសង្កេតការណ៍​ឯករាជ្យ​បានលើកឡើង​ថា បើ​ពិនិត្យ​ទៅលើ​អាវុធ សម្ភារៈ និង​សកម្មភាព​តដៃ​របស់​ក្រុម​ជនល្មើស​ជួញដូរ​គ្រឿងញៀន​កាលពី​សប្ដាហ៍​មុន ហើយ​ធ្វើ​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ស្លាប់​ម្នាក់​នោះ គឺជា​សក្ខីភាព​បង្ហាញថា ក្រុម​ជនល្មើស​ជួញដូរ​គ្រឿងញៀន​មានអំណាច​និង​ឥទ្ធិពល​ខ្លាំងក្លា​។ រឿង​ដែល​មិន​នឹកស្មាន​ដល់​នោះ គឺ​ក្រុម​មេខ្លោង​គ្រឿងញៀន​ប្រើប្រាស់​រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​នគរបាល និង​មាន​រូ​បស​ញ្ញ​នគរបាល​ទៀតផង​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​កាន់តែ​ព្រួយបារម្ភ​អំពី​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយសារ​បទឧក្រិដ្ឋ​គ្រឿងញៀន ព្រោះ​តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ក៏ដូចជា​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បង្ហាញថា បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ពុំមាន​ការថយចុះ​នោះទេ​។ លើស​នេះ​ទៅទៀត​ជនរងគ្រោះ​ដោយសារ​ការប្រើ​បំពាន​គ្រឿងញៀន​កាន់តែ​មាន​ចំនួន​កើនឡើង ជាពិសេស​យុវវ័យ​ទាំងប្រុស​ទាំងស្រី​។

តាម​ពិនិត្យ​ជាក់ស្តែង​ចាប់តាំងពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ រហូតដល់​ដំណាច់​ខែមេសា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​សមត្ថកិច្ច​តាម​បណ្ដា​ខេត្ត​នានា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាច្រើន​ករណី រឹបអូស​វត្ថុតាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ឃាត់ខ្លួន​មនុស្ស​រាប់រយ​នាក់​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ហាក់ដូចជា​ពុំមាន​ការថយចុះ​នោះទេ ហើយ​រាលដាល​កាន់តែខ្លាំង​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា សូម្បីតែ​តំបន់​ដាច់ស្រយាល​ក៏មាន​បទល្មើស​ចែកចាយ​ជួញដូរ​គ្រឿងញៀន​ដែរ​។ ដោយសារតែ​ឥទ្ធិពល​គ្រឿងញៀន​កំពុង​បំផ្លាញ​សង្គម​កម្ពុជា​គួរ​ឲ្យ​ភ័យខ្លាច​បែបនេះហើយ ទើប​ពលរដ្ឋ​ទូទៅ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​មន្ត្រី​អាជ្ញាធរ​ព្រមទាំង​សមត្ថកិច្ច​នៃ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រកបដោយ​ប្រសិទ្ធភាព​៕

image d44ae73a6979696953dddffa06c7f7edca250b6a