អភិបាលខេត្ត​ ចុះ​យុទ្ធនាការ​ចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​ និង​ជំងឺ​បូស​ខ្យល់​ដល់​សត្វ​ពាហនៈ​

អភិបាលខេត្ត​ ចុះ​យុទ្ធនាការ​ចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​ និង​ជំងឺ​បូស​ខ្យល់​ដល់​សត្វ​ពាហនៈ​



កំពង់ធំ ៖ បន្ទាប់ពី​អាកាសធាតុ​ក្តៅ​ដង្ហក់​ឡើងជា​ច្រើន​ថ្ងៃ មាន​ភ្លៀង​ក៏​ចាប់ផ្ដើម​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ឆ្លង​ជំងឺ​រាតត្បាត​តាម​ទឹក ដល់​សត្វ​ពាហនៈ គោ ក្របី ទើប​ឯកឧត្ដម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ដឹកនាំ​ក្រុមការងារ ដោយមាន​ការចូលរួម​ពី​សំណាក់​ការិយា​ល័យ បសុព្យាបាល​សត្វ ចុះទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្លង ដល់​គោ ក្របី នៅ ភូមិ​សាន់​គរ​ខ ឃុំ​សាន់​គរ​ខ​ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​ឧសភា​ ឆ្នាំ​២០១៦។ មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ​បាន​រៀបចំ​យុទ្ធនាការ​ចាក់​ថ្នាំ​ការពារ​ជំងឺ​បូស​ខ្យល់​ដល់​គោក្របី ​មាន​ការ​ចូលរួម​ពី​លោក​អភិបាលស្រុក មន្ត្រី​មន្ទីរ​កសិកម្ម​ និង​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ។

លោក ចាន់ បញ្ញា​វ័​ន្ធ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​លើក​ឡើង​ពី​ស្ថិតិ​សត្វ​គោក្របី​មាន​ចំនួន​សរុប​១៩៩.៦៦៤​ក្បាល ក្នុង​នោះ​សត្វ​គោ​មាន​ចំនួន ១៦៥.៣៤៩​ក្បាល និង​សត្វ​ក្របី​មាន​ចំនួន​៣៤.៣១៥​ក្បាល។

ស្ថានភាព​សត្វ​បក្សី និង​សត្វ​ជ្រូក​ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ដោយឡែក សត្វ​គោ ក្របី​ចាប់ពី​ថ្ងៃ​ទី​១២ ខែ​មីនា រហូតមកដល់​ពេលនេះ មាន​ផ្ទុះ​ជំងឺ​បូស​ខ្យល់ គោ ក្របី មាន​ចំនួន​៤​ស្រុក គឺ​ស្រុក​សណ្ដាន់ ស្រុក​ប្រាសាទ​សំបូរ ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ហើយ គោក្របី​ឈឺ​មាន​ចំនួន ២៨៤​ក្បាល ក្នុង​នោះ​ក្របី​មាន​ចំនួន​៩៥ ក្បាល។

ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ព្យាបាល​សត្វ​ចំនួន​២៤១​ក្បាល​ និង​ស្លាប់​ចំនួន​៤៣​ក្បាល ក្នុង​នោះ​ក្របី​មាន​ចំនួន​១៥​ក្បាល ហើយ​បាន​ចុះ​ចាក់​ថ្នាំ​ការពារ​ជំងឺ​បូស​ខ្យល់​បាន​ចំនួន​១.៦៤១​ក្បាល ក្នុង​នោះ​ក្របី​ចំនួន​១៧០​ក្បាល។

ឯកឧត្ដម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍​សំណូមពរ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​ជំនាញ​ដើម្បី​ចាក់​ថ្នាំ​ការពារ​ទប់ស្កាត់​នូវ​ជំងឺ​ឆ្លង​សត្វ និង​ជួយ​រាយការណ៍​ពី​ស្ថានភាព​ជំងឺ​សត្វ​ទៅកាន់​ភ្នាក់ងារ សុខភាព​សត្វ​ភូមិ និង​មន្ត្រី​បសុព្យាបាល​ប្រចាំ​ស្រុក ត្រូវ​ចូលរួម​ធ្វើការ​ចាក់​ថ្នាំ​ការពារ​ឲ្យ​បាន​១០០% ការ​ចិញ្ចឹម​សត្វ​កុំ​ឲ្យ​លែង​ស៊ី​តាម​វាល តាម​ព្រៃ​ពុំ​មាន​ខ្សែ​ចង​ត្រឹមត្រូវ មន្ត្រី​ជំនាញ​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ជំងឺ​សត្វ​ឲ្យ​បាន​ទូលំ​ទូលាយ៕​

អភិបាលខេត្ត​ ចុះ​យុទ្ធនាការ​ចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​ និង​ជំងឺ​បូស​ខ្យល់​ដល់​សត្វ​ពាហនៈ​