ប្លន់​ម៉ូតូ​បើក​រត់​ចំ​ផ្លូវ​មុខ​អធិការ​ប៉ូលិស​ខណ្ឌ​ដូនពេញ​ ត្រូវ​ចាប់​បង្ក្រាប​បាន​ភ្លាមៗ

ប្លន់​ម៉ូតូ​បើក​រត់​ចំ​ផ្លូវ​មុខ​អធិការ​ប៉ូលិស​ខណ្ឌ​ដូនពេញ​ ត្រូវ​ចាប់​បង្ក្រាប​បាន​ភ្លាមៗ



ភ្នំពេញ​ ៖ ​បក្ខពួក​ក្រុម​ចោរប្លន់​វ័យ​ក្មេង​៣​នាក់ ​ក្នុងចំណោម​គ្នា​៥​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​ចាប់​បង្ក្រាប​ភ្លាម ​ក្រោយ​ពី​ពួកគេ​ជិះ​ម៉ូតូ​តាម​កៀរ​ជនរងគ្រោះ​ឲ្យ​ឈប់ ​រួច​យក​ដំបង​ខ្សែ​ក្រវាត់​ និង​មួក​សុវត្ថិភាព​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាក​Nex​មួយ​គ្រឿង​បាន​សម្រេច​​ហើយ ​តែ​គេចខ្លួន​មិន​រួច​នោះ។

លោក​ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​បាន​បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ចោរប្លន់​ម៉ូតូ​បាន​៣​នាក់​កាលពី​វេលា​ម៉ោង​០០​និង​៤៥​នាទី​រំលង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវ​២០០ កែង​៥១​ភូមិ​១​ សង្កាត់​បឹងរាំង ​ខណ្ឌ​ដូនពេញ។

លោក​ហួត ចាន់​យ៉ា​រ៉ា​ន់​ បាន​បន្ត​ទៀត​ថា​ មុន​ពេល​កើតហេតុ ​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ចុះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន ​​​​​ក៏​ជួប​នឹង​សកម្មភាព​​​ក្រុម​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​សម្រេច​ ហើយ​​​ជិះ​រត់គេច​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០​ ស្ថិត​ខាងមុខ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ដូនពេញ។ ឃើញ​ដូច្នេះ​កម្លាំង​ក៏​​​ចេញ​អន្តរាគមន៍​ចាប់​បង្ក្រាប​ភ្លាមៗ​ ​​ដោយ​ឃាត់​ក្រុម​ជន​សង្ស័យ​បាន​​៣​នាក់ ​ទី​១. ​ឈ្មោះ​ពេជ្រ ចាន់ណា​រ័ត្ន អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​៧៩ ផ្លូវ​៣៧១ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ ​ទី​២.​ឈ្មោះ តឹ​ប ចំរើន អាយុ​១៩​ឆ្នាំ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​២២៩ ផ្លូវ​៦A សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​៣. ​ឈ្មោះ កែវ វិចិត្រ អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ផ្ទះ​លេខ​៧១ ផ្លូវ​៣៧១​ សង្កាត់​ច្បារអំពៅ​ទី​១​ ខណ្ឌ​ច្បារអំពៅ។ ចំណែក​បក្ខពួក​​២​នាក់​ទៀត​គេច​ខ្លួន​បាត់។

ក្រោយ​ការ​បង្ក្រាប​ កម្លាំង​នគរបាល​បាន​ដក​ហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ Suzuki Nex ​ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FT-3125 និង​ខ្សែក្រវាត់​ចំនួន​មួយ​ ដែល​ប្រើប្រាស់​ធ្វើ​សកម្មភាព​ប្លន់។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បី​នាក់​ កំពុង​ឃាត់​ខ្លួន​នៅ​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី។ ចំណែក​បក្ខពួក​ ដែល​នៅ​សេសសល់​កំពុង​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​បន្ត​ទៀត៕