លោក ប៉ាន់​ខែម​ ប៊ុនថន ចុះ​ចែក​ទឹក​ស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជួប​គ្រោះ​រាំង​ស្ងួត

លោក ប៉ាន់​ខែម​ ប៊ុនថន ចុះ​ចែក​ទឹក​ស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជួប​គ្រោះ​រាំង​ស្ងួត



បន្ទាយមានជ័យ ៖ ដើម្បី​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ និង​ការងារ​សង្គមជាតិ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​នោះ ក្រុម​សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ ដែល​មាន​លោក​ ប៉ាន់​ខែម ប៊ុនថន​ ជា​ប្រធាន​ប្រតិបត្តិ​ បាន​ដឹកនាំ​សមាជិក​របស់​ខ្លួន​ចុះ​នាំ​យក​ទឹក​ស្អាត​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ជួប​ប្រទះ​នូវ​គ្រោះ​រាំង​ស្ងួត​មាន​ដូចជា ​នៅ​តំបន់​ប៉ោយប៉ែត ខេត្ត​ប៉ៃលិន និង​ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយមានជ័យ។

លោក ​ប៉ាន់​ខែម ប៊ុនថន​ ជំនួយការ​សម្ដេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា បេសកកម្ម​ខោចែវ​របស់​ក្រុម​សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ​ក្នុង​ការ​ចុះ​នាំ​យក​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​នេះ​ដែរ ​គឺ​ធ្វើ​ឡើង​យ៉ាង​សស្រាក់សស្រាំ​មិន​ខ្លាច​នឿយហត់ ពោល​គឺ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​សភាពការណ៍។ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃនេះ ​យើង​បាន​ចុះ​ដឹក​នាំ​យក​ទឹក​ស្អាត​ជាច្រើន​ម៉ឺន​លីត្រ​ ព្រម​ទាំង​ទឹកបរិសុទ្ធ​ជាច្រើន​ពាន់​ធុង​ នឹង​យួរ​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​យើង​រស់នៅ​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​ប៉ៃលិន និង​ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយមានជ័យ​ ដែល​ជួប​បញ្ហា​គ្រោះរាំងស្ងួត​ខ្វះ​ទឹក​ប្រើប្រាស់ ហើយ​ក្រុម​របស់​លោក​ក៏បាន​ដឹកជញ្ជូន​ទឹក​ស្អាត ទឹក​សុទ្ធ​យក​ទៅ​ជូន​ដល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ណា​ដែល​មាន​ជំងឺ ទុរគត​ជន ចាស់ជរា​ផង​ដែរ ដែល​សកម្មភាព​នេះ​យើង​នឹង​បន្ត​ធ្វើ​នៅ​តំបន់​មួយ​ចំនួន​ទៀត។

ថ្លែង​បន្ត​នៅ​ក្នុង​ឱកាស​ចុះ​ចែក​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មពួក​ លោក ប៉ា​ន់​ខែម ប៊ុនថន បាន​លើក​ឡើង​ថា ឆ្នាំនេះ​ដោយសារ​អាកាសធាតុ​ប្រែប្រួល​បាន​បង្ក​ឲ្យ​កើតជា​គ្រោះរាំងស្ងួត​និង​កម្ដៅ​ឡើង​ខ្លាំង​ បណ្ដាល​ឲ្យ​ប្រទេស​ជាច្រើន​នៅ​លើ​សកលលោក​រង​ផល​ប៉ះពាល់ ជាពិសេស​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី ក្នុង​នោះ​នៅ​កម្ពុជា​ក៏​មាន​តំបន់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទទួលរង​គ្រោះ​រាំង​ស្ងួត ត្រពាំង បឹងបួ ប្រឡាយ​រីង​ខះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​ផង​ដែរ​។

លោក​ ប៉ាន់​ខែម ប៊ុនថន​ បន្ត​ទៀត​ថា ចំពោះ​បញ្ហា​នេះ​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន​ បាន​ដាក់​ចេញ​នូវ​ដំណោះស្រាយ​ជាបន្ទាន់​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​មន្ត្រី​គ្រប់​ជាន់ថ្នាក់ កង​កម្លាំង សាខា​កាកបាទក្រហម​ ព្រមទាំង​ក្រុម​យុវជន​ស្ម័គ្រចិត្ត ​ត្រូវ​រួម​សហការ​គ្នា​ជា​មួយ​សប្បុរសជន​នានា​ ចុះ​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​ឲ្យ​ទាន់ពេលវេលា​ ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាជន​។

ក្នុង​នោះ​ដែរ ​លោក ប៉ា​ន់​ខែម ប៊ុនថន​ ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​មួយ​ចំនួន​ដែល​បាន​ឧបត្ថម្ភ​ទឹកបរិសុទ្ធ​ ក៏ដូចជា​ថវិកា ជាពិសេស​ក្រុមហ៊ុន​ទឹក​ពិសា​បរិសុទ្ធ​ហាយ​ថិ​ច ​ដែល​បាន​ឧបត្ថម្ភ​ទឹក​សុទ្ធ​២០០​ធុង ​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ចុះ​ចែក​ទឹក​ស្អាត​ជូន​ប្រជា​ពលរដ្ឋ​នេះ​ ក៏ដូចជា​សូម​អរគុណ​ដល់​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន​ ដែល​បាន​សហការ​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល​ក្នុង​សកម្មភាព​ចុះ​ចែក​ទឹក​ស្អាត​ជូន​ដល់​ប្រជាជន​របស់​យើង​៕
លោក ប៉ាន់​ខែម​ ប៊ុនថន ចុះ​ចែក​ទឹក​ស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជួប​គ្រោះ​រាំង​ស្ងួត