ថៅកែ​រោងចក្រ​កាបូប​ ជំពាក់​បំណុល​គេ​វន្ត​ករ វេចបង្វេច​រត់ចោល​កម្មករ​ជាង​១.០០០​នាក់​​

ថៅកែ​រោងចក្រ​កាបូប​ ជំពាក់​បំណុល​គេ​វន្ត​ករ វេចបង្វេច​រត់ចោល​កម្មករ​ជាង​១.០០០​នាក់​​



កំពង់ស្ពឺ ៖ ក្រុម​កម្មករ​-​ការិនី​រោងចក្រ​កាបូប​វី​កកូ ​ប្រមាណ​ជាង​៥០០​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​រោងចក្រ​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​សាំង​ជៀក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បន្ទាប់ពី​ថៅកែ​បាន​ប្រកាស​បិទទ្វារ​បណ្ដោះអាសន្ន និង​សន្យា​ថា​បើក​ដំណើរការ​វិញ​ក្នុង​ដើមខែ​ឧសភា​នេះ ប៉ុន្តែ​ពេល​កម្មករ​មក ​ក្រុម​សន្តិសុខ​បាន​បិទទ្វារ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​ក្នុង​រោងចក្រ​ឡើយ។​

ក្រុម​កម្មករ​-​ការិនី​ដែល​ឈរ​មុខ​រោងចក្រ​បាន​ប្រាប់​ថា ពួកគាត់​បាន​បាត់បង់ និង​អត់​ការ​ធ្វើ​រយៈពេល​ប្រមាណ​៣​ខែ​កន្លងមកហើយ ក្រោយពី​ថៅកែ​រោងចក្រ​ប្រកាស​បិទ​ជា​បណ្ដោះអាសន្ន ហើយ​រោងចក្រ​សន្យា​ជាមួយ​បងប្អូន​កម្មករ​ថា​បើក​ដំណើរការ​វិញ​ក្នុង​ខែ​ឧសភា​នេះ​ តែ​មើល​ទៅ​ដូចជា​គ្មាន​សង្ឃឹម​សោះ។

ពួកគាត់​បន្ត​ថា កម្មករ​ទាំងអស់គ្នា​មិន​តវ៉ា​ទាមទារ​អ្វី​នោះ​ទេ គឺ​ចង់​ចូល​ធ្វើ​ការងារ​ធម្មតា ប៉ុន្តែ​ប្រសិនបើ​មានការ​យឺតយ៉ាវ​ក្នុង​ការ​ដំណើរការ​រោងចក្រ​ឡើងវិញ​បែបនេះ ពួកគាត់​អាច​នឹង​ផ្ទុះ​ការ​តវ៉ា​ដើម្បី​ទាមទារ​ប្រាក់​អាទិភាព​ការងារ ប្រាក់​៥​ភាគរយ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដែល​ថៅកែ​រោងចក្រ​មិន​ទាន់​បាន​ទូទាត់​ជូន​កម្មករ​ឡើយ។
ពួកគាត់​បាន​បន្ត​ថា រោងចក្រ​កាបូប​វី​កកូ​នេះ បាន​ប្រកាស​ក្ស័យធន​តាំងពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៦​ម្ល៉េះ ដោយ​បាន​សម្រេច​បិទទ្វារ​បណ្ដោះអាសន្ន​មួយ​រយៈ​សិន និង​សន្យា​បើក​ឡើងវិញ​នៅ​ខែ​ឧសភា​នេះ ប៉ុន្តែ​ដល់ពេល​កំណត់​ដូចជា​គ្មាន​អ្វី​ប្លែក​សោះ ​រោងចក្រ​នៅតែ​បិទទ្វារ​ដដែល។

លោក​អនុសេនីយ៍ឯក វិ​ន ឡេង​ហួង មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក​សំរោង​ទង​ បាន​ប្រាប់​ថា ករណី​កម្មករ​នាំគ្នា​ឈរ​ត្រៀបត្រា​នៅមុខ​រោងចក្រ​កាបូប​វី​កូ​នោះ​​ ពួកគាត់​មិន​មែន​មក​ធ្វើ​កូដកម្ម​ទេ គឺ​ក្រុម​កម្មករ​នាំគ្នា​ដើម្បី​ចូល​ធ្វើ​ការងារ​វិញ បន្ទាប់ពី​បាន​បិទទ្វារ​មួយ​រយៈ ហើយ​រោងចក្រ​សន្យា​ជាមួយ​កម្មករ​ថា នឹង​បើក​ក្នុង​ខែ​ឧសភា​នេះ គ្មាន​អ្វី​កើតឡើង​នោះ​ទេ។
លោក ​ចឹក បូ​រិ​ន ​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ថា ករណី​នេះ​មិនមែន​កម្មករ​មក​តវ៉ា​ទេ ពួកគាត់​មក​ដើម្បី​ចូលធ្វើ​ការងារ​វិញ ប៉ុន្តែ​ថៅកែ​ក្ស័យធន​បាន​បិទ​សាប៊ូ​គូថ​ប្រែ​ន​ទៅ​បាត់​ហើយ តែ​យើង​មិន​មាន​ដីកា​សម្រេច​រក្សា​ការពារ​រាល់​សម្ភារៈ​នៅ​ក្នុង​រោងចក្រ​ទាំងអស់​ទេ។

លោក​បន្ត​ថា​ រហូត​ពេលនេះ មាន​ថៅកែ​ចូល​បន្ត​ហើយ គ្រាន់តែ​មិនទាន់​ដឹក​ឥវ៉ាន់​ចូល​រោង​ចក្រ​ប៉ុណ្ណោះ ពេលនេះ​ខាង​ជំនាញ​កំពុង​ស្វែងរក​ថៅកែ​ថ្មី​ដើម្បី​ចរចា​គ្នា​រឿង​កម្មករ​ចាស់​ត្រូវ​យក​វិញ ឬ​យ៉ាងណា​នោះ។​

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា កម្មករ​ដែល​បម្រើ​ការងារ​ក្នុង​រោងចក្រ​កាបូប​វី​កកូ ហ៊ែ​ល​ប៊ែ​ក មាន​ចំនួន​សរុប​១.០១៧​នាក់ ប្រុស​១១៤​នាក់ ត្រូវ​បាន​ក្រុមហ៊ុន​ព្យួរ​ការ​អស់​រយៈពេល​២​ខែ ហើយ​ដល់​ថ្ងៃ​ទី​០១ ខែ​ឧសភា​នេះ ត្រូវ​វិល​ចូល​វិញ​ ក្រុមហ៊ុន​បាន​បិទទ្វារ និង​គ្មាន​តំណាង​ក្រុមហ៊ុន​ណា​ម្នា​ក់​នៅ​ប្រចាំការ​ឡើយ។

លោក​បាន​បន្ត​ថា តាម​ព័ត៌មាន​ ថៅកែ​ក្រុមហ៊ុន​ត្រូវ​បាន​ម្ចាស់បំណុល​ប្តឹង​ទៅ​តុលាការ​សុំ​ដីកា​សម្រេច​រក្សា​ការពារ​ក្នុងអំឡុងពេល​ព្យួរ​ការងារ ហើយ​ពេលនេះ​ខាង​មន្ទីរ​កំពុង​តែ​ធ្វើការ​ជាមួយ​តំណាង​កម្មករ សហជីព​ប្រចាំ​រោងចក្រ ដើម្បី​ស្រាយ​ជូន​បងប្អូន​កម្មករ៕

ថៅកែ​រោងចក្រ​កាបូប​ ជំពាក់​បំណុល​គេ​វន្ត​ករ វេចបង្វេច​រត់ចោល​កម្មករ​ជាង​១.០០០​នាក់​​