អាជ្ញាធរ​ស្រុក​ឯកភ្នំ​ខេត្ត​បាត់ដំបង​ធ្វើ​យុទ្ធនាការ​ទប់ស្កាត់​ការ​ទន្ទ្រាន​និង​ដុត​ព្រៃលិចទឹក

អាជ្ញាធរ​​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​ការ​ទន្ទ្រាន​ និង​ដុត​ព្រៃលិចទឹក យក​ដី​ធ្វើ​ជា​​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការ​ធ្វើ​​​​យុទ្ធនាការ​​តែ​មួយ​មុខ​គឺ​មិន​អាច​ទប់ស្កាត់​​ការ​ទន្ទ្រាន​ព្រៃ​បាន​នោះ​ទេ​ ប្រសិន​បើ​អាជ្ញាធរ​ពុំ​មាន​វិធានការ​ផ្លូវ​ច្បាប់​នោះ។

អភិបាល​ស្រុក​ឯកភ្នំ លោក​ ឡុង សុភឿន​ មាន​ប្រសាសន៍​​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ថា យុទ្ធនាការ​ផ្សព្វផ្សាយ​​​នេះ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ និង​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​លិចទឹក​បន្ត​ទៀត។ លោក​អះអាង​ថា​ មាន​តែ​កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទេ​ ដែល​អាច​ជួយ​ថែរក្សា​ព្រៃលិចទឹក​បាន៖ «អ៊ីចឹង​យើង​គោល​បំណង​ការពារ​កុំ​ប្រជាពលរដ្ឋ​ខិលខូច​ខ្លះ​គាត់​ឃើញ​ព្រៃ​ភ្លើង​ឆេះ​ស្រឡះ​ហើយ​នាំ​គ្នា​ទន្ទ្រាន​យក​​ដី​ធ្វើ​កម្មសិទ្ធិ ហើយ​ធ្វើ​អាជ្ញាធរ​ពិបាក​ដោះស្រាយ​ទៅ​ថ្ងៃ​ក្រោយ»

កាល​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦​ អាជ្ញាធរ​ស្រុក​ឯកភ្នំ បាន​ចេញ​លិខិត​ជូន​ដំណឹង​ទៅ​​​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ព្រម​ទាំង​មាន​​ការ​បើក​គោយន្ត​ដាក់​គ្រឿង​បំពង​សំឡេង​ផ្សព្វផ្សាយ​តាម​ដង​ផ្លូវ​នៅ​ក្នុង​ឃុំ​ព្រែកហ្លួង​ ស្រុក​ឯកភ្នំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង និង​ជួយ​ទប់ស្កាត់​ការ​ដុត និង​ទន្ទ្រាន​ព្រៃ​លិចទឹក។ យុទ្ធនាការ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​​ភ្លើង​ឆេះ​ហិនហោច​ព្រៃលិចទឹក​រាប់ពាន់​ហិកតារ​នៅ​តំបន់​បឹង​ទន្លេសាប​ ស្រុក​ឯកភ្នំ​ ហើយ​ធ្វើ​ឲ្យ​​​ងាប់​សត្វ​ស្វា​ប្រមាណ ១០០​ក្បាល​ជា​បន្តបន្ទាប់។

អនុ​ប្រធាន​សហគមន៍​នេសាទ​ស្ដីក្រោម រហាលសួង លោក​ ហោ សំអាត​ សាទរ​ចំពោះ​យុទ្ធនាការ​នេះ​ ក៏ប៉ុន្តែ​លោក​ថា​ អាជ្ញាធរ​គួរ​តែ​បញ្ជូន​កម្លាំង​សមត្ថកិច្ច​​ចុះ​ការពារ​ និង​ទប់ស្កាត់​ព្រៃលិចទឹក​តំបន់​បឹង​ទន្លេសាប​ឲ្យ​បាន​ទៀងទាត់​ជា​ការ​ប្រសើរ​ ដើម្បី​ការពារ​កុំ​ឲ្យ​ជន​ខិលខូច​​ដុត​ហិនហោច​ព្រៃរនាម​បន្ត​ទៀត៖ «ប៉ុន្តែ​ពេល​ដែល​ផ្សព្វផ្សាយ​ហើយ​ អាជ្ញាធរ​គួរ​តែ​ទៅ​ពិនិត្យ​មើល​ផង​ ថា​តើ​​ប្រជាពលរដ្ឋ​បាន​គោរព​តាម​សេចក្ដី​ប្រកាស​នោះ​ឬ​អត់? ប្រសិន​បើ​អាជ្ញាធរ​មិន​បាន​ពិនិត្យ​ទេ​ ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ដុត​ព្រៃ​ទៀត ហើយ​ធ្វើ​ឲ្យ​សេចក្ដី​ប្រកាស​ក្រោយ​គ្មាន​ប្រសិទ្ធភាព​ឡើយ»

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ​​​​​​​​​​​​​ មន្ត្រី​សម្របសម្រួល​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ជុំ​បឹង​ទន្លេសាប ​អ្នកស្រី​ នូ សារឹម​ អះអាង​ថា​ យុទ្ធនាការ​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ស្រុក​ មិន​គ្រប់​គ្រាប់​ដើម្បី​​ទប់ស្កាត់​ការ​ទន្ទ្រាន​ និង​ដុត​ព្រៃលិចទឹក​បាន​នោះ​ទេ​ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ដាក់​កម្លាំង​ការពារ​ និង​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នោះ។

អ្នកស្រី នូ សារឹម ជំរុញ​ឲ្យ​អាជ្ញាធរ​​រឹត​បន្តឹង​ការ​អនុវត្ត​បន្ថែម​លើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទប់ស្កាត់​​ការ​ដុត​ព្រៃ​លិច​ទឹក​ឲ្យ​បាន​តឹងរ៉ឹង​ជា​ការ​ល្អ៖ «អ៊ីចឹង​យើង​គិត​ថា​ អាជ្ញាធរ​ត្រូវ​តែ​ធ្វើ​កិច្ចសន្យា​ជា​មួយ​ជន​ខិលខូច​ដែល​បាន​វាទ​យក​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ផង ​ទើប​បទ​ល្មើស​ថយ​ចុះ»

របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​ឯកភ្នំ ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មីនា ឆ្នាំ​២០១៦ មក​ ភ្លើង​ឆេះ​ព្រៃលិចទឹក​អស់ ៥,២៦៩​ហិកតារ នៅ​ក្នុង​ឃុំ​ចំនួន​៣ គឺ​ឃុំ​កោះជីវាំង​ ព្រៃចាស់ និង​ ឃុំ​ព្រែកហ្លួង។​ក្នុង​ចំណោម​នោះ​ ឃុំ​កោះជីវាំង ឆេះ​ច្រើន​ជាង​គេ គឺ​ប្រមាណ ៥,០០០​ហិកតារ។ របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា​ ផ្ទៃដី​ព្រៃ​លិច​ទឹក​នៅ​ស្រុក​នេះ សរុប​មាន​ជាង ២៥,០០០​ហិកតារ ហើយ​គ្របដណ្ដប់​លើ​ឃុំ​ចំនួន​៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។