សហភាព​អឺរ៉ុប ប្ដេជ្ញា​បន្ត​លើកកម្ពស់ និង​ការពារ​សេរីភាព ក្នុងការ​បញ្ចេញមតិ ទូទាំង​ពិភពលោក

ភ្នំពេញ:
​លោកស្រី Federica Mogherini តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប បាន​សេចក្ដីថ្លែងការណ៍ នៅក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ថ្ងៃទី​៣ ខែ ឧសភា ឆ្នាំ ២០១៦​។​

​លោកស្រី Federica Mogherini បាន​មានប្រសាសន៍ថា ថ្ងៃនេះ​យើងទាំងអស់គ្នា​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ។ នៅក្នុង​ឱកាស​នៃ​ខួប លើក​ទី ២៥ នៃ​សេចក្តីប្រកាស​ទីក្រុង Windhoek នេះ សហភាព​អឺរ៉ុប​សូម​ធ្វើការ​រំ​ឮ​ក​ឡើងវិញ​នូវ គោលការណ៍​ដែល​បាន​ចែងថា "​ការបង្កើត ការថែរក្សា និង​ការជំរុញ​ឲ្យ​មាន​សារព័ត៌មាន​ប្រកប ដោយ​ឯករាជ្យភាព ពហុ​និយម និង​សេរីភាព គឺ​ពិត​ជាមាន​សារសំខាន់​ណាស់​ក្នុងការ​អភិវឌ្ឍ និង​ថែរក្សា​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេសមួយ និង​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស នោះ​ផងដែរ​"​។​

​សិទ្ធិ​ក្នុងការ​ទទួលបាន​សេរីភាព​ក្នុងការ​បញ្ចេញមតិ រួមមាន​សេរីភាព​ស្រាវជ្រាវ ទទួល និង ផលិត​ព័ត៌មាន​។ សិទ្ធិ​នេះ គឺជា​ធាតុ​ដ៏​សំខាន់​មួយ​នៃ​អភិបាលកិច្ច និង​ការអភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ​។ មនុស្ស​ត្រូវការ​ទទួល​បាន​ព័ត៌មាន​ពេញលេញ​ដើម្បី​អាចបង្កើត​គំនិត និង​ចូលរួម​ក្នុង ដំណើរ​ការធ្វើ​សេចក្តីសម្រេចចិត្ត​ដែល​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់ខ្លួន​។ សេរីភាព​សារព័ត៌មាន ក៏​ចូលរួមចំណែក​នៅក្នុង​កា​រ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​អភិបាលកិច្ច និង​លើកកម្ពស់​តម្លាភាព​នៅក្នុង កិច្ចការ​សាធារណៈ ហើយ​អាច​ប្រើប្រាស់​ជា​ឧបករណ៍​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​គណនេយ្យភាព ចំពោះ​សកម្មភាព​របស់ខ្លួន​ផងដែរ ជាពិសេស​នៅពេលដែល​ការទទួលបាន​ព័ត៌មាន​ដែល​ជួយ បង្ហាញ​អំពី​ករណី​រំលោភ​សិទ្ធិមនុស្ស និង​ការប្រព្រឹត្ត​អំពើពុករលួយ​ជាដើម​នោះ​។​

​ការធានា​ឲ្យ​មានការ​ទទួលបាន​ព័ត៌មាន​អាចជួយ​លើកកម្ពស់​យុត្តិធម៌ និង​ស្ដារ​ស្ថានភាព​ឡើងវិញ ជាពិសេស​បន្ទាប់ពី​រយៈ​ពេល​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។​

​សហភាព​អឺរ៉ុប​ប្ដេជ្ញា​បន្ត​លើកកម្ពស់ និង​ការពារ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ទូទាំង​ពិភពលោក គឺ​មិន​ត្រឹមតែ​នៅក្រៅ​បណ្ដាញ​អ៊ីនធឺណិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត ព្រមទាំង​បច្ចេកវិទ្យា​សារគមនាគមន៍ និង​ព័ត៌មានវិទ្យា​ផ្សេងៗ​ទៀតផង​ដែរ ដូចដែល​បាន​គូស បញ្ជាក់​នៅក្នុង​សេចក្តីអនុម័ត​កាលពី​ឆ្នាំ ២០១៤ ទៅលើ​គោលការណ៍​ណែនាំ​ស្ដីពី​សិទ្ធិមនុស្ស ពាក់ព័ន្ធ​នឹង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ទាំង​នៅក្នុង​បណ្ដាញ​អ៊ីនធឺណិត និង​ក្រៅ​បណ្ដាញ អ៊ីនធឺណិត​ផងដែរ​។​

​សហភាព​អឺរ៉ុប​សូម​ថ្កោលទោស​ចំពោះ​ការកើនឡើង​នូវ​ការបំភិតបំភ័យ និង​អំពើហិង្សា​ចំពោះ អ្នកសារព័ត៌មាន អ្នកការពារ​សិទ្ធិមនុស្ស និង​បុគ្គល​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​ជាច្រើន​ទូទាំង ពិភពលោក នៅពេលដែល​ពួកគេ​ប្រើប្រាស់​សិទ្ធិសេរីភាព​រប​ស់​ខ្លួន​ក្នុងការ​បញ្ចេញមតិ​ទាំង​នៅក្នុង បណ្ដាញ​អ៊ីនធឺណិត និង​ក្រៅ​បណ្ដាញ​អ៊ីនធឺណិត​។​

​ក្រៅពី​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើហិង្សា​ទូទៅ សហភាព​អឺរ៉ុប​ប្ដេជ្ញា​ប្រឆាំងនឹង​ច្បាប់​ក៏ដូចជា​ការ អនុវត្ត​ទាំងឡាយ​ដែល​ដាក់​ការត្រួតពិនិត្យ​ទៅលើ​ការបោះពុម្ពផ្សាយ ជំរុញ​ឲ្យ​មាន​ស្វ័យ​ត្រួតពិនិត្យ ទៅលើ​ការបោះពុម្ពផ្សាយ ឬ​ធ្វើ​ការពិន័យ​ផ្លូវច្បាប់ រួមទាំង​ការដាក់ទោស​ព្រហ្មទណ្ឌ ហិរញ្ញវត្ថុ និង​រដ្ឋបាល ក៏ដូចជា​ប្រយុទ្ធប្រឆាំង​ចំពោះ​ការប្រើប្រាស់​ដោយ​មិន​ត្រឹមត្រូវ​នូវ​អំណាច​ទីផ្សារ​​ក៏ដូចជា​លក្ខខណ្ឌ​សេដ្ឋកិច្ច​មិនល្អ​ផ្សេងៗ​ទៀតផង​ដែរ​។​

​សហភាព​អឺរ៉ុប​សូមបញ្ជាក់​សារជាថ្មី​អំពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​នៅក្នុង​ការលើកកម្ពស់ និង​គាំទ្រ សេរីភាព​ក្នុងការ​បញ្ចេញមតិ ឲ្យ​ក្លាយជា​សិទ្ធិ​ដែល​អស់​គ្នា​អាច​ប្រើប្រាស់​បាន​នៅ​គ្រប់​ទីកន្លែង ស្របតាម​គោលការណ៍​សមភាព ការមិន​រើសអើង និង​ភាពជា​សកល​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ណាក៏ដោយ និង​ដោយ​គ្មាន​ព្រំដែន​ឡើយ​។ នេះ​គឺជា​សិទ្ធិ​របស់​អ្នក​!៕