សមត្ថកិច្ច​ប៉ោយ​ប៉ែ​ត​មើល​រំលង​ក្លឹ​ប​ម៉ាស្សា​លួច​បង្កប់​ល្បែងស៊ីសង

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​ម៉ាស្សា​មួយ​កន្លែង ស្ថិត​នៅ​ក្បែរ​ផ្សារ​រាត្រី ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត បាន​លួច​បង្កប់​លេងល្បែង​បៀ​ស៊ីសង​ទ្រង់ទ្រាយ​ធំ ដែល​អ្នកលេង​មួយ​ចំនួន​ជា​មន្ត្រី​សមត្ថកិច្ច និង​អាជីវករ​ក្រុង​ប៉ោយ​ប៉ែ​ត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា អ្នកលេង​ល្បែង​បៀ​ស៊ីសង​រាប់​សែន​រៀល​នៅ​ទីតាំង​ខាងលើ ពី​មុន​ធ្លាប់​លេង​នៅ​ហាង​គុយទាវ​យីហោ «​តាំង ប៊ុ​ន​ហេង​» ប៉ុន្តែ​ដោយសារ​តែ​ហាង​គុយទាវ​នេះ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ឃាត់ខ្លួន​អ្នកលេង និង​ម្ចាស់​ប្រមាណ​ជា​២​ខែ​មុន​នោះ​រួច​មក ទើប​ពួក​គេ​ទៅ​លេង​នៅ​ក្លឹ​ប​ម៉ាស្សា ហាត់ប្រាណ​និង​ស្នុ​ក​ឃើ​រ ដែល​គេ​ដឹង​ថា​មាន​អ្នក​មើល​ការ​ខុស​ត្រូវ​និង​ម្ចាស់​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។

ប្រភព​បន្ត​ថា ក្រៅពី​ទីតាំង​ក្លឹ​ប​ម៉ាស្សា​បង្កប់​ល្បែងស៊ីសង​ខាងលើ ក៍​មានការ​បើក​ល្បែងស៊ីសង​ជា​ច្រើន​ទៀត​នៅ​ក្បែរ​នោះ​ដែរ​ដូច​ជា​ហ្គេ​ម​បាញ់​ត្រី ដែល​គេ​ស្គាល់​ថា​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​នេះ​ជា​របស់​មន្ត្រី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​មាន​អំណាច​ម្នាក់ ។

ប្រជាពលរដ្ឋ​ក៍បាន​សំណូមពរ​ឲ្យ​ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​ទទួល​ផែន​សន្តិសុខ លោក សិ​ទ្ឋិ ឡោះ ចុះ​ទៅ​បង្ក្រាប​ទីតាំង​ក្លឹ​ប​ម៉ាស្សា​បង្កប់​ល្បែងស៊ីសង និង​ទីតាំង​ល្បែងភ្នាល់​បាល់​តាម​អន​ឡាញ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ៕