ចរាចរណ៍​នៅ​ផ្លូវ​មុខ​អង្គរ​ត្រូវបាន​បិទ​ដោយ​ទុក​សម្រាប់តែ​អ្នក​ថ្មើរជើង​ចាប់ពី​ខែឧសភា​ទៅ​

​សៀមរាប​៖ ដើម្បី​ធានា​នូវ​សណ្តាប់ធ្នាប់ សុវត្ថិភាព​ប្រាសាទ និង​ភ្ញៀវទេសចរ ក៏ដូចជា​លើកកម្ពស់​គុណ​តម្លៃ​ប្រាសាទបុរាណ និង​សោភ័ណភាព​មុខ​ប្រាសាទអង្គរវត្ត អាជ្ញាធរ​ជាតិ​អប្សរា បានសម្រេច​បិទផ្លូវ លែង​ឲ្យ​ធ្វើ​ចរាចរណ៍​ដូចពេលមុន​ទៀតហើយ​។ គ្រប់​យានជំនិះ​ទាំងអស់ តម្រូវ​ឲ្យ​វៀង​តាមផ្លូវ​ចាប់ពី​កែង​ប៉ុស្តិ៍នគរបាល​បេតិកភណ្ឌ ទៅតាម​ត្រពាំង​សេះ​។​

​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី ចៅ ស៊ុន​កិរិយា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃទី​៣ ឧសភា​នេះ​ថា គម្រោង​បិទ​ចរាចរណ៍​ផ្លូវ​មុខ​អង្គរ​នេះ គឺមាន​ការពិភាក្សាគ្នា​យូរ​មកហើយ ហើយ​កន្លងមក​ក៏​ធ្លាប់មាន​ការសាកល្បង​ហើយ​ដែរ​។ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ពន្យល់ថា គោលបំណង​សំខាន់ គឺ​ដើម្បី​លើក​សោភ័ណភាព​ប្រាង្គ​ប្រាសាទបុរាណ ជាពិសេស​ប្រាសាទអង្គរវត្ត ដែល​កន្លងមក​មាន​ចរាចរណ៍​មិនល្អ បង្ក​ការកកស្ទះ ក្នុងនោះ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​ផងដែរ​។​

​តាម​ការបញ្ជាក់​របស់​លោកស្រី ចៅ ស៊ុន​កិរិយា ការ​ចរាចរណ៍​របស់​យានយន្ត​នាពេល​កន្លងមក ក៏បាន​ធ្វើ​ឲ្យ​ប្រាសាទ​ញ័រ​ផងដែរ ដែល​បង្កើតជា​ហានិភ័យ​ដល់​ប្រាសាទបុរាណ​។ យ៉ាងណា អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា​មិនមាន​គម្រោង​លុប​ផ្លូវ​មុខ​អង្គរ​ចោល​នោះទេ ហើយ​វា​នឹង​បើក​ចរាចរណ៍​ម្តងម្កាល នៅពេល​មាន​គណៈអធិបតី​មក​ទស្សនកិច្ច​។​

​គួរ​បញ្ជាក់ថា ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត បានចាប់ផ្តើម​បិទ​ចរាចរណ៍​ចាប់ពី​ខែឧសភា​តទៅ ដោយ​ទុក​សម្រាប់តែ​ដំណើរ​ថ្មើរជើង​តែប៉ុណ្ណោះ​។ ក្រៅពីនេះ អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​រៀបចំ​កន្លែង​ទទួល​បដិសណ្ឋារកិច្ច សម្រាប់​ទទួល​ស្វាគមន៍​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ​។ ការរៀបចំ​ត្រូវបាន​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា ដើម្បី​ឲ្យ​សក្តិសម​នឹង​តម្លៃ​ប្រាសាទអង្គរវត្ត ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​៕