រដ្ឋាភិបាល​សម្រេច​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ប្រាសាទ​កោះ​កេរ​ទៅ​ឲ្យ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​

​សៀមរាប​៖ ក្រោយពី​អាជ្ញាធរ​ជាតិ​អប្សរា គ្រប់គ្រង​ប្រាសាទ​កោះ​កេរ​អស់​មួយរយៈ​រួចមក ថ្មីៗ​នេះ​រដ្ឋាភិបាល​ក៏បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង ទៅ​ឲ្យ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ជំនួស​វិញ​។ ហេតុផល គឺ​ដើម្បី​ងាយ​គ្រប់គ្រង ព្រោះ​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

«​អត់​មាន​បញ្ហា​អ្វី​ទេ ដោយសារ​ដំបូង​ឡើយ ប្រាសាទ​កោះ​កេរ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។ តែ​ដោយ​ក្រសួង​អត់​មានលទ្ធភាព រដ្ឋាភិបាល​សម្រេច​ឲ្យ​អប្សរា​កាន់កាប់​វិញ​។ ដល់ពេល​ឥលូវ​ទៅ យើង​មាន​អាជ្ញាធរ​ព្រះវិហារ ដែល​គ្រប់គ្រង​ប្រាសាទព្រះវិហារ គាត់​នៅ​នឹង​ស្រាប់​ហើយ ចឹ​ង​ឲ្យ​គាត់​គ្រប់គ្រង​តែម្តងទៅ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ចៅ ស៊ុន​កិរិយា អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ពី​មូលហេតុ ដែល​រដ្ឋាភិបាល​សម្រេច​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ប្រាសាទ​កោះ​កេរ​។​

​អាជ្ញាធរ​ជាតិ​ព្រះវិហារ ត្រូវបាន​បង្កើតឡើង​ក្រោយ​ប្រាសាទព្រះវិហារ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ឆ្នាំ​២០០៨ ។ អាជ្ញាធរ​នេះ​មាន​តួនាទី ការពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ​នៃ​ប្រាសាទព្រះវិហារ​។

​យ៉ាងណាក៏ដោយ បើទោះជា​មានការ​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ក៏ពិតមែន ប៉ុន្តែ​អាជ្ញាធរ​ជាតិ​អប្សរា នៅតែ​បន្ត​ផ្តល់​អ្នកជំនាញ ដល់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដើម្បី​ជួយ​លើ​កិច្ចការងារ​ផ្សេងៗ ដែល​ខ្លួន​ធ្លាប់ធ្វើ​នាពេល​កន្លងមក​។ នេះ​បើតាម​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​គួរ​បញ្ជាក់ថា ប្រាសាទ​កោះ​កេរ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កោះ​កេរ ឃុំ​ស្រយង់ ស្រុក​គូ​លេន ខេត្តព្រះវិហារ​៕