បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តក្រចេះ នៅតែ​បន្ត​កើតមាន​

មានការ​រិះគន់ថា​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​ខេត្ត​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ មន្ត្រីរាជការ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​សមត្ថកិច្ច​មួយចំនួន​គិតគូរ​តែ​រឿង​ផលប្រយោជន៍ ហើយ​ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ប្រភព​ចំណូល​របស់ខ្លួន ទើប​បទល្មើស​នៅតែ​អាច​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ យូរៗ​ម្តង​ទើប​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​យក​ស្នាដៃ​នៅពេលដែល​ឈ្មួញ​ឈើ​ចង់​លោតឆ័ត្រ​មិន​បង់លុយ​ឲ្យ​ពួកគេ​ប្រចាំ​ជើង ឬ​ប្រចាំខែ​។

កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ និង​កម្លាំង​អាវុធហត្ថ​ស្រុក​ស្នួល បាន​ចាប់​រថយន្ត​ដឹកឈើ​គ្រញូង​ពេញ​១​គ្រឿង​នៅតាម​ផ្លូវជាតិ​លេខ​៧ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។ ការបង្ក្រាប​នោះ​ដឹកនាំ​ដោយ​លោក អ៊ុ​ល ឆាយ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្នួល ប៉ុន្តែ​មិនទាន់មាន​សេចក្ដីរាយការណ៍​អំពី​បរិមាណ​ឈើ​នៅឡើយ​ទេ ហើយ​ម្ចាស់​រថយន្ត​ដឹកឈើ​ក៏​មិនទាន់​ត្រូវបាន​គេ​បញ្ចេញ​អត្តសញ្ញាណ​នៅឡើយ​ដែរ​។ មន្ត្រី​អាវុធហត្ថ​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​រថយន្ត​ដឹកឈើ​នោះបាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​បាន​រត់​គេចខ្លួនបាត់ ហើយ​ឈើ​ដែល​រថយន្ត​ត្រូវ​បញ្ជូនទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្នួល ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​។

មានការ​រិះគន់ថា មកពី​ឈ្មួញ​ម្ចាស់​រថយន្ត​ដឹកឈើ គ្មាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ដើម្បី​បែងចែក​ផលប្រយោជន៍​ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ដូចខាងលើ​នេះ​។ ប្រសិនបើ​ឈ្មួញ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ នគរបាល មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត គឺ​គេ​អាចធ្វើ​សកម្មភាព​ដឹកឈើ​គ្រញូង​ទៅដល់​គោលដៅ​យ៉ាង​រលូន​ជាមិនខាន​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បាន​លើកឡើងថា មន្ត្រី​អាជ្ញាធរខេត្ត និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ហើយ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ទើប​បទល្មើស​បន្ត​កើតមាន​ឥតឈប់ឈរ​ដូច​សព្វថ្ងៃនេះ​៕

IMG-20160502-WA0013 WAT-02056 WAT-02055